website_news:2016071106

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ៣នាក់ឆ្លងដែនខុសច្បាប់ មកឱ្យអាជ្ញាធរកម្ពុជាវិញ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឱម សារឿន (06-11-2016 20:06)

ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរប្រុសស្រី៣នាក់ ត្រូវបានក្រុមអាជ្ញាធរថៃចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញពីបទឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ វិច្ឆិកា ២០១៦។ ហេតុការណ៍នេះកើតឡើងនៅចំណុចមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស្ត្រីម្នាក់ក្នុងចំណោម៣នាក់មានឈ្មោះ អាត អៃ អាយុ២៣ឆ្នាំ បានឱ្យដឹងថា ពួកខ្លួនទាំង៣នាក់នេះជាបងប្អូនបង្កើតនឹងគ្នា បានចាកចេញពីផ្ទះដោយធ្វើជាចំណាកស្រុកទៅប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិជាំ គោលបំណងរកការងារធ្វើ។

ដោយសារតែមានជីវភាពក្រីក្រពេកនៅក្នុងក្រុមគ្រួសារ ថែមទាំងគ្មានលុយកាក់ធ្វើលិខិតឆ្លងដែនទើបពួកខ្លួនចូលទាំងប្រថុយប្រថាន លុះនៅថ្ងៃទី០១វិច្ឆិកា ២០១៦ មានក្រុមអាជ្ញាធរថៃចាប់ខ្លួនតែម្តង។ សមត្ថកិច្ចបម្រើកាងារនៅមាត់ច្រកទ្វារបានឱ្យដឹងថា មនុស្សប្រុសស្រីទាំង៣នាក់នេះដែលក្រុមអាជ្ញាធរថៃបញ្ជូនមកប្រគល់ឱ្យដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ ទី១.ឈ្មោះ អាត អៃ ភេទស្រី អាយុ២៣ឆ្នាំ ទី២.ឈ្មោះ អាត អ៊ី ភេទប្រុស អាយុ២១ឆ្នាំ និងទី៣.ជាមនុស្សវិកលចរិត ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង៣នាក់រស់នៅភូមិចារថ្មី ឃុំកូបបាលង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានធ្វើការអប់រំរួចក៏ឱ្យវិលត្រឡប់ទៅលំនៅឋានវិញនាថ្ងៃដដែល៕

website_news/2016071106.txt · Last modified: 2017/03/16 10:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki