website_news:2016080101

ទីផ្សារពពោះបង្កើតកូនជំនួសគេតម្រង់មកកម្ពុជា

(http://www.postkhmer.com Thu, 7 January 2016 )

ភ្នំពេញៈ ដោយអាជីវកម្មនៃការពពោះជំនួសឥឡូវនេះត្រូវបានហាមឃាត់នៅឥណ្ឌា នេប៉ាល់ និងថៃ វិស័យដែលរកកម្រៃបានច្រើននេះកំពុងតែចូលមកក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណាស្ថានភាពផ្នែកច្បាប់ និងវិជ្ជាជីវៈមានលក្ខណៈមិនច្បាស់លាស់មាតាបិតា ដែលចង់បានកូនតាមរយៈសេវានេះត្រូវព្រមានកុំឱ្យពាក់ព័ន្ធ។ ថ្ងៃមួយនាពេលបច្ចុប្បន្នទារកដំបូងរបស់កម្ពុជាដែលបានបង្កកំណើតក្នុងបំពង់សាកល្បងមួយហើយយកដាក់ទៅក្នុងស្បូនស្ត្រីដែលគេជួលនឹងត្រូវកើតនៅសម្ពពមួយក្នុងរាជធានីភ្នំពេញ។ គេមិនដឹងពីឈ្មោះឪពុកម្តាយដែលចង់ក្លាយជាឪពុកម្តាយរបស់ទារកនោះទេហើយគេក៏មិនដឹងពីឈ្មោះរបស់អ្នកពពោះជំនួសគេដែរ។ គេក៏មិនដឹងផងដែរថាតើគេប្រើទីភ្នាក់ងារណា និងចំនួនប្រាក់ដែលគេបង់ប៉ុន្មាននោះដែរ។ តាមពិតទៅគ្មាននរណាម្នាក់ដឹងទេថាតើនីតិវិធីនេះស្របច្បាប់នៅក្នុងប្រទេសកម្ពុជាឬយ៉ាងណា?

របាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះបានអះអាងថា ក្រសួងមហាផ្ទៃមានបំណងកំណត់ការពពោះជំនួសនេះគឺជាទម្រង់មួយនៃការជួញដូរមនុស្សជាហេតុធ្វើឱ្យវាខុសច្បាប់ហើយថែមទាំងមានទោសជាប់ពន្ធនាគារផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថាបញ្ហានេះមិនទាន់បានសម្រេចទេ។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រហូតមកដល់ពេលនេះយើងមិនមានច្បាប់ហាមឃាត់ ឬគ្រប់គ្រងការពពោះជំនួសហើយយើងកំពុងពិភាក្សាគ្នាជាមួយក្រសួងយុត្តិធម៌ដើម្បីគ្រប់គ្រងវិស័យនេះក្នុងគោលដៅបញ្ចៀសនូវបញ្ហាប៉ុន្តែយើងមិនទាន់បានសម្រេចទេថាតើវានឹងត្រូវបានចាត់ទុកជាការជួញដូរមនុស្សឬយ៉ាងណា?»។ លោកបានបន្ថែមថារដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការរៀបចំច្បាប់ស្តីពីការ IVF និងការពពោះជំនួស។ អាជីវកម្មប្រាក់រាប់លានដុល្លារ

ដោយមានមនុស្សរាប់ពាន់នាក់ចង់ក្លាយជាឪពុកម្តាយទូទាំងពិភពលោកដែលចង់ចំណាយច្រើនសម្រាប់ឱកាសក្លាយជាម្តាយ ឬឪពុកអាជីវកម្មពពោះជំនួសមានសក្តានុពលរកកម្រៃបានច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ជម្រើសក្នុងប្រទេសអ្នកមានគឺមានកំណត់ហើយចំណាយច្រើនណាស់។ រដ្ឋ California ជាយុត្តាធិការមួយនៃយុត្តាធិការជាច្រើនទូទាំងពិភពលោកដែលការពពោះជំនួសគឺស្របច្បាប់ត្រូវចំណាយប្រាក់លើសពី ១២០០០០ ដុល្លារអាមេរិកសម្រាប់ការពពោះជំនួសម្តង។ លោក Sam Everingham នាយកនៃអង្គការ Families Through Surrogacy នៃប្រទេសអូស្រ្តាលី និងជាឪពុកកូនស្រីពីរនាក់ដែលបង្កើតតាមរយៈការពពោះជំនួសបានឱ្យដឹងថាមានការភ័យខ្លាចច្រើន និងក្តីបារម្ភខ្លាំងក្នុងចំណោមឪពុកម្តាយចំពោះការពពោះជំនួសនៅទីតាំងឆ្ងាយ។ លោកបន្តថា៖«ប៉ុន្តែឪពុកម្តាយទាំងនេះអស់សង្ឃឹមដោយពួកគេមិនយល់ថាពួកគេមានជម្រើសច្រើនទេ។ ដូច្នេះពួកគេមានឆន្ទៈប្រថុយចំណាយប្រាក់ ៥ ម៉ឺនដុល្លារ ឬច្រើនជាងនេះដោយសង្ឃឹមថានឹងទទួលបានលទ្ធផល»។

ប៉ុន្តែសូម្បីតែក្នុងប្រទេសកំពុងអភិវឌ្ឍចំនួនប្រទេសដែលការពពោះជំនួសគឺស្របច្បាប់ក៏បានថយចុះផងដែរ។ ឥណ្ឌា នេប៉ាល់ និងថៃសុទ្ធតែបិទទ្វារក្នុងឆ្នាំ ២០១៥។ ការបង្រ្កាបរបស់ថៃបានធ្វើឡើងបន្ទាប់ពីកើតរឿងអាស្រូវចំនួនពីរ។ ទីមួយគឺប្តីប្រពន្ធជនជាតិអូស្រ្តាលីបានទុក «ទារក Gammy» ដែលមានជំងឺ Down Syndrome នៅម្តាយដែលពពោះជំនួសហើយយកតែប្អូនស្រីភ្លោះរបស់ទារកនោះទៅជាមួយ។ នៅពេលដំណាលគ្នាប៉ូលិសអន្តរជាតិបានចាប់ផ្តើមស៊ើបអង្កេតលើករណីបុរសជនជាតិជប៉ុនម្នាក់ដែលមានកូន ១៦ នាក់តាមរយៈស្រ្តីថៃដែលពពោះជំនួស។ បុរសជប៉ុនរូបនោះអះអាងថាគាត់មានបំណងល្អទេខណៈពេលដែលអ្នកផ្សេងទៀតបានចោទប្រកាន់ថាគាត់កំពុងបើករោងចក្រផលិតទារក។

website_news/2016080101.txt · Last modified: 2017/02/24 13:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki