website_news:2016080102

កុមារ ៣នាក់ស្លាប់ ក្រោយទូកជនអន្តោប្រវេសន៍ ២គ្រឿងក្រឡាប់លិចនៅតំបន់ឆ្នេរសមុទ្រទួរគី

http://bayontv.com.kh/ January 6, 2016

ទួរគី៖ មន្ត្រីទួរគីនិយាយថា ពួកគេបានរកឃើញសាកសពកុមារ ៣នាក់ក្នុងចំណោមសាកសពយ៉ាងហោចណាស់ ៣៤នាក់ដែលបានស្លាប់ នៅកន្លែង ២ផ្សេងដាច់ដោយឡែកពីគ្នា បន្ទាប់ពីទូកជនអន្តោប្រវេសន៍ ២គ្រឿងបាន ក្រឡាប់លិចនៅតាមឆ្នេរសមុទ្រអាហ្គីន (Aegean coast) ប្រទេសទួរគីកាលពីម្សិលមិញ ខណៈពួកគេព្យាយាមទៅកាន់កោះឡេស្បូស (Lesbos)របស់ប្រទេសក្រិក។ មន្ត្រីកងអាវុធហត្ថមួយរូបនៅទីស្នាក់កណ្ដាល ក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រថា សាកសពចំនួន ២៤នាក់ ត្រូវបានរកឃើញនៅលើច្រាំងសមុទ្រក្នុងស្រុកអៃវ៉ាលីគ (Ayvalik) ប្រទេសទួរគី ចំណែកសាកសព ១០នាក់ផ្សេងទៀតរកឃើញនៅក្នុងស្រុកឌីគីលី។ មន្ត្រីឆ្មាំសមុទ្រម្នាក់និយាយថា ទូក ៣គ្រឿង និងឧទ្ទម្ភាចក្រមួយគ្រឿង បានកំពុងស្វែងរកសម្រាប់អ្នកនៅមានជីវិត។ ដំបូងឡើយឆ្មាំសមុទ្រទួរគីរកឃើញសាកសពក្នុងស្រុកអៃវ៉ាលីគ នៅម៉ោងប្រមាណ 5ព្រឹកម៉ោងក្នុងស្រុក បន្ទាប់ពីការស្វែងរកមួយនៅសមុទ្របានជួយមនុស្ស ៨នាក់ផ្សេងទៀត ពីចំណោមមនុស្សសរុប ២២នាក់ត្រូវបានគេជឿថា បានប៉ុនប៉ងឆ្លងសមុទ្រ។ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ជាង៥សែននាក់ បានចូលទឹកដីក្រិកតាមកោះនានារបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីឆ្ពោះទៅកាន់ប្រទេសនៅអឺរ៉ុបប៉ែកកណ្ដាល និងប៉ែកខាងជើង។ ជាផ្នែកមួយនៃវិបត្តិមនុស្សធម៌ធំជាងគេបំផុត លើទ្វីបនេះក្នុងរយៈពេល ២ទសវត្សរ៍។ គួរឲ្យដឹងថា កោះឡេស្បូសមានចំងាយតិចជាង ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសទួរគីគឺជាផ្លូវសំខាន់មួយ សម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ឆ្លងទៅ កាន់ទឹកដីអឺរ៉ុបតាមតំបន់ព្រំដែនរបស់សហគមន៍អឺរ៉ុប ដែលភាគច្រើននៃពួកគេកំពុងភៀសខ្លួនពីសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី៕

website_news/2016080102.txt · Last modified: 2017/02/24 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki