website_news:2016080202

ថៃទទួលកាតលឿងពីEU ដោយសារជួញដូរមនុស្សពី កម្ពុជា និង ភូមា ឲ្យធ្វើនេសាទលើសមុទ្រ

(http://www.khmer-press.com/news/ February 3, 2016)

ប្រទេស ថៃ ទទួលបានឋានៈជាប្រទេសនាំចេញផលិតផលអាហារសមុទ្រធំបំផុតលើពិភពលោក ប៉ុន្តែក៏ជាប្រទេសដែលអង្គការសិទ្ធិមនុស្សរាយការណ៍ថា ទទួលបានឋានៈនេះដោយសារតែការនេសាទហួសប្រមាណ និងដោយសារទិញទាសករពីប្រទេស ភូមា និង កម្ពុជា ។

សហគមន៍អឺរ៉ុបបានចេញកាតលឿងដល់ប្រទេស ថៃ ដោយព្រមានហាមប្រាមនាំចូលទំនិញម្ហូបអាហារសមុទ្រ លុះត្រាតែរដ្ឋាភិបាល ដោះស្រាយវិបត្តិនៃការនេសាទខុសច្បាប់ និងការជួញដូរមនុស្សលក់ទៅឲ្យឈ្មួញដើម្បីបម្រើលើវិស័យនេសាទនៅក្នុងសមុទ្រ ។ ប្រតិភូមកពីទីក្រុង ប្រ៊ូសសែល ប្រទេស បែលហ្ស៊ិក ដែលទស្សនកិច្ចប្រទេស ថៃ កាលពីខែមុន បានវាយតម្លៃទៅលើស្ថានភាពនៃការជួញដូរមនុស្ស ប៉ុន្តែនៅមិនទាន់សម្រេចអំពីបម្រាមនាំចូលផលិតផលសមុទ្រពីប្រទេសនេះដែលមានតម្លៃរហូតដល់មួយពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។

ប៉ូលិសរបស់ប្រទេស ថៃ ចាប់ខ្លួនមនុស្សរាប់រយនាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្ស ក្រោយពីសហគមន៍អឺរ៉ុបព្រមានមិនទទួលទិញទំនិញដែលបានពីការនេសាទសមុទ្រនៅក្នុងប្រទេស ថៃ ដោយសារប្រទេសនេះមានរឿងអាស្រូវធ្ងន់ធ្ងរទាក់ទងនឹងការជួញដូរមនុស្សឲ្យធ្វើជាទាសករលើទូកនេសាទ ។ ចាប់តាំងពីសហគមន៍អឺរ៉ុបផ្ដល់កាតលឿង, អាជ្ញាធរ ថៃ បានចាប់ខ្លួនមនុស្សជាង ១០០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ព្រមទាំងរំដោះមនុស្សប្រមាណ ១៣០ នាក់ ពីទូកនេសាទ និងពីរោងចក្រជាច្រើនកន្លែង ។ ក្រុមសិទ្ធិមនុស្សចោទមន្ត្រីរបស់ប្រទេស ថៃ ថាអនុញ្ញាតឲ្យមានការជួញដូរមនុស្ស ជាថ្នូរនឹងសំណូកដែលទទួលបានពីឈ្មួញ ។ ជនរងគ្រោះរួចពីការជួញដូរដែលត្រូវបានគេលក់ឲ្យធ្វើការនៅលើទូកនេសាទ បានរៀបរាប់អំពីទុក្ខវេទនា អំឡុងពេលធ្វើការជាទាសករ ក្រោមស្ថានភាពអាក្រក់ ដោយត្រូវគេវាយដំ និងប្រឈមចំពោះការសម្លាប់ចោលនៅលើសមុទ្រ ។ ប្រទេស ថៃ ក៏ប្រឈមមុខផងដែរចំពោះការវាយតម្លៃសារជាថ្មី ពីសំណាក់រដ្ឋាភិបាល អាមេរិក ទៅលើប្រវត្តិនៃការជួញដូរមនុស្សនៅក្នុងប្រទេសនេះ ដែលជាកន្លែងមានអត្រាជួញដូរមនុស្សខ្ពស់បំផុតរយៈពេលពីរឆ្នាំជាប់ៗគ្នា ។

website_news/2016080202.txt · Last modified: 2017/02/27 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki