website_news:2016080203

ស្រ្តីភៀសខ្លួនដែលកំពុងស្វែងរកសុវត្ថិភាពនៅអឺរ៉ុបប្រថុយនឹងការរំលោភបំពានផ្លូវភេទនិងអំពើហិង្សា

(http://khmer.voanews.com/ 07 កុម្ភៈ 2016)

ហ្សឺណែវៈ អង្គការសហប្រជាជាតិបានព្រមានថា ស្ត្រីដែលជាភៀសខ្លួននិងក្មេងៗ ដែលកំពុងស្វែងរកសុវត្ថិភាពនៅអឺរ៉ុបកំពុងប្រឈមមុខខ្ពស់ទៅនឹងការរំលោភបំពានផ្លូវភេទ និងអំពើហិង្សានៅក្នុងដំណើរស្វែងរករបស់ពួកគេ។ បេសកកម្មវាយតម្លៃមួយដែលធ្វើឡើងដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ និងគណកម្មការជនភៀសខ្លួនរបស់ស្រ្តី បានរកឃើញថា វិធានការដើម្បីការពារស្រ្តីនិងក្មេងស្រីមិនទាន់គ្រប់គ្រាប់នៅឡើយទេ។ បេសកកម្មចុះទៅមូលដ្ឋានរួមមួយត្រូវបានធ្វើឡើងនៅក្នុងប្រទេសក្រិក និងប្រទេសម៉ាសេដ្ឋាន (Macedonia) កាលពីខែវិច្ឆិកា។ បេសកកម្មនេះបានរកឃើញថា អ្នកដែលប្រឈមនឹងការរំលោភបំពានផ្លូវភេទនិងអំពើហិង្សាខ្លាំងជាងគេ រួមមានស្ត្រីនៅលីវដែលធ្វើដំណើរតែម្នាក់ឯង ឬជាមួយក្មេងៗ ស្ត្រីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន ក្មេងស្រីវ័យជំទង់ ក្មេងៗដែលមិនមានអ្នកធ្វើដំណើរជាមួយ និងក្មេងៗដែលរៀបការក្នុងវ័យក្មេង។

លោក William Spindler អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានប្រាប់ VOA ថា វាពិបាកនឹងដឹងថាតើបាតុភូតនេះនឹងរីករាលដាលខ្លាំងប៉ុណ្ណា ដោយសារតែស្រ្តីទាំងនោះមានការស្ទាក់ស្ទើរក្នុងការនិយាយអំពីបទពិសោធន៍របស់ពួកគេ។ ប៉ុន្តែលោកនិយាយថាលោកបារម្ភថា ការរំលោភបំពានដែលយកអ្នកទាំងនោះជាគោលដៅនៅតាមផ្លូវធ្វើដំណើរទៅអឺរ៉ុប ភាគច្រើនមិនត្រូវបានគេរាយការណ៍។ លោកនិយាយថា ស្រ្តីជាច្រើនបានពណ៌នាថា ខ្លួនត្រូវបានគេបង្ខំឲ្យបម្រើផ្លូវភេទដើម្បីបង់ថ្លៃឯកសារធ្វើដំណើររបស់ពួកគេ។ លោកនិយាយថា ស្ត្រីទាំងនោះបានក្លាយទៅជាចំណីរបស់ពួកឈ្មួញដែលទាមទារថ្លៃដ៏ខ្ពស់មួយសម្រាប់ដឹកជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍កាត់ទន្លេមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប។

«នៅក្នុងករណីខ្លះ ស្រ្តីត្រូវបានដាក់សម្ពាធឲ្យរួមភេទជាមួយនឹងឈ្មួញដើម្បីអាចបន្តដំណើរទៅមុខទៀត។ ហើយក៏មានផងដែរករណីដែលស្ត្រី ក្មេងស្រីនិងក្មេងប្រុសដែលបានបាត់ប្រាក់របស់ពួកគេអស់។ ហេតុដូច្នេះ វិធីមួយគត់ដែលពួកគេអាចបន្តដំណើររបស់ទៅទៀតបាន គឺការលក់ខ្លួនដើម្បីបានប្រាក់»។ លោក Spindler និយាយថា មានរបាយការណ៍អំពីស្រ្តីដែលត្រូវបានគេរំលោភបំពានផ្លូវភេទដោយជនភៀសខ្លួននិងជនទេសន្តរប្រវេសន៍ដទៃទៀតផងដែរ ហើយនៅក្នុងករណីខ្លះ ត្រូវបានប្រព្រឹត្តឡើងដោយមន្រ្តីនៅក្នុងប្រទេសដែលពួកគេឆ្លងកាត់។ លោកបន្តថា ក្មេងប្រុសតូចៗដែលធ្វើដំណើរតែម្នាក់ឯងក៏ត្រូវបានឈ្មួញទាំងនោះបង្ខំឲ្យរួមភេទ ដើម្បីអាចបន្តដំណើរទៅមុខទៀតបាន។ លោកនិយាយថា ស្រ្តីនិងក្មេងៗងាយនឹងរងគ្រោះថ្នាក់ជាច្រើននៅក្នុងកន្លែងដែលទទួលពួកគេឬនៅមជ្ឈមណ្ឌលឆ្លងកាត់ ដែលពោរពេញទៅដោយមនុស្សយ៉ាងច្រើនលើសលប់។ លោកបានឲ្យដឹងថា វិធានការសាមញ្ញ ដូចជាការបង្កើតបង្គន់សម្រាប់បុរសនិងស្រ្តីដាច់ដោយឡែកពីគ្នា និងការធានាថា មានកន្លែងសម្រាកភ្លឺច្បាស់ ហើយនៅដាច់ដោយឡែកពីគ្នា អាចនឹងកាត់បន្ថយហានិភ័យទាំងអស់នេះបាន។ ទីភ្នាក់ងារផ្តល់ជំនួយជាច្រើនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលសហភាពអឺរ៉ុបចាត់វិធានការដើម្បីការពារជនភៀសដែលជាស្រ្តី និងក្មេងៗពីគ្រោះថ្នាក់និងការកេងចំណេញដែលពួកគេបានជួបប្រទះ និងផ្តន្ទាទោសជនដៃដល់ដែលបានប្រព្រឹត្តបទល្មើសទាំងនោះ៕

website_news/2016080203.txt · Last modified: 2017/02/27 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki