website_news:2016080204

តួកគីត្រៀមបើកព្រំដែនទទួលជនភៀសខ្លួនស៊ីរី

(http://km.rfi.fr/ 07/02/2016)

ស្ថានភាពអាសន្នកំពុងតែបន្តមានកាន់តែខ្លាំង នៅភាគខាងជើងស៊ីរី បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរី ព្រមទាំងយន្តហោះទំលាក់គ្រាប់បែករបស់រុស្ស៊ី បានសម្រុកវាយដណ្តើមយកតំបន់អាឡិប។ ប្រជាជានជាង៣ម៉ឺននាក់ បាននាំគ្នារត់ចលាចល ទៅកាន់ព្រំដែនតួកគី ដើម្បីរកកន្លែងជ្រក។ ប្រធានាធិបតីតួកគី បានថ្លែងនៅថ្ងៃអាទិត្យ ទី៧កុម្ភៈថា តួកគី កំពុងត្រៀមខ្លួនបើកព្រំដែន ព្រោះគេមិនអាចឱបដៃឈរមើលប្រជាជនស៊ីរីរាប់ម៉ឺននាក់ ដេករកេតរកូលហាលវាល ក្នុងអាកាសធាតុដ៏ត្រជាក់បែបនេះ បានទេ។ ជិត៤ម៉ឺននាក់ នៅដេកចាំក្បែច្រកព្រំដែនតួកគី៖

ប្រជាជនស៊ីរី មានចាស់មានក្មេង វិចបង្វិចរត់ពពាក់ពពូន ដើម្បីគេចចេញពីការទំលាក់គ្រាប់បែករបស់រុស្ស៊ី នៅតំបន់ក្រុងអាឡិប។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានទំលាក់គ្រាប់បែកប្រហែលជា១០០គ្រាប់ នៅទីនោះ ដើម្បីកម្ទេចក្រុមឧទ្ទាមរំដោះស៊ីរី។ ពីរថ្ងៃចុងក្រោយនេះ ប្រជាជនប្រមាណជាជាង៣ម៉ឺននាក់ បាននាំគ្នារត់ភៀសខ្លួន ទៅដល់ក្រុង Azaz ចំងាយ៥គីឡូម៉ែត្រ ពីព្រំដែនតួកគី។ យោងតាមការរាយការណ៍ ពីអង្គការគ្រូពេទ្យគ្មានព្រំដែន ស្ថានភាពនៅទីនោះ គឺមានលក្ខណៈអនោចអធម្មជាពន់ពេកណាស់ ដោយសារប្រជាជនគ្មានស្បៀង គ្មានថ្នាំសង្កូវ គ្មានដំបូលជ្រក ជាពិសេសដោយសារពេលនេះជារដូវត្រជាក់ ដែលសីតុណ្ហភាព អាចធ្លាក់ចុះក្បែរសូន្យអង្សារក៏មាន។ ចំនួនមនុស្សកំពុងតែបន្តដំណើរមកថែមទៀត ហើយបើតាមការស្មាន អាចកើនឡើងរហូតដល់៧ម៉ឺននាក់។ ច្រកព្រំដែនសំខាន់ៗ របស់តួកគីនៅតែបិទនៅឡើយ ដែលធ្វើឲ្យប្រជាជនស៊ីរី នៅដេកចាំរកេតរកូត គួរឲ្យសង្វេក។ ថ្ងៃអាទិត្យទី៧ កុម្ភៈ លោកអ៊ែកដូហ្កាន់ ប្រធានាធិបតីតួកគី បានថ្លែងថា គេមិនអាចបន្តឈរឱបដៃមើលទៀតទេ។ តួកគីនឹងត្រូវបង្ខំចិត្តបើកព្រំដែន ដើម្បីសង្រ្គោះជីវិតប្រជាជនស៊ីរី ដែលកំពុងតែដងើ្ហយរកជំនួយ។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ពេលណាព្រំដែននឹងបើកទេ។

រុស្ស៊ី មេឈ្លានពាន៖

ដោយឡែក ប្រធានាធិបតីតួកគី បានឆ្លៀតបន្ថែមដោយចំអកទៅដក់រុស្ស៊ី ដោយបានចោទសួរថា តើរុស្ស៊ីកំពុងតែធ្វើអ្វី ឲ្យពិតប្រាកដនៅស៊ីរី? គឺរុស្ស៊ីទេដែលជាអ្នកមកឈ្លានពានស៊ីរី តាមរយៈការទម្លាក់គ្រាប់បែក ដើម្បីជួយប្រធានាធិបតីបាស្ហា ដែលជាអ្នកសម្លាប់ប្រជាជនឯង រាប់សែននាក់មកហើយ។ ការឆ្លើយបែបនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី បានធ្វើការថ្កោលទោសតួកគី ថាចង់បញ្ជូនកំលាំងចូលទៅវាយនៅស៊ីរី ដើម្បីជួយក្រុមឧទ្ទាមដែលកំពុងតែធ្លាក់ដៃ។

អេមៀរ៉ាតអារ៉ាប់រួម ត្រៀមបញ្ជូនកម្លាំងទៅស៊ីរី៖

យ៉ាងណាមិញ នៅថ្ងៃអាទិត្យ ទី៧កុម្ភៈ នេះដែរ ប្រទេសអាមៀរ៉ាត់អារ៉ាប់រួម បានបញ្ជាក់ថាខ្លួនត្រៀមកម្លាំងរួចរាល់ហើយ ដើម្បីទៅចូលរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីធ្វើការកម្ទេចក្រុមជីហាដរដ្ឋអ៊ីស្លាមនៅស៊ីរី។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមៀរ៉ាត់អារ៉ាប់រួម បានបន្ថែមថាក្រុមបេសកកម្មថ្មើរជើង គឺជារឿងដែលមិនអាចចៀសបានទេ បើសិនជាចង់យកឈ្នះ ហើយខ្លួនមានគម្រោងបញ្ជូនទៅជាច្រើនពាន់នាក់។ ហើយមួយវិញទៀត បេកកម្មប្រភេទនេះ គឺត្រូវតែសហរដ្ឋអាមេរិក ជាអ្នកដឹកនាំ។ ទាក់ទិនទៅនឹងការបញ្ជូនកម្លាំងទៅវាយនៅស៊ីរី លោករដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលបាស្ហា អាល់អាសាដ បានថ្លែងព្រមានថា រាល់អន្តរាគមន៍យោធានៅស៊ីរី ត្រូវតែទទួលបានភ្លើងខៀវ ពីរដ្ឋាភិបាលស៊ីរីជាមុនសិន។ ពុំនោះទេ ទាហានបរទេសទាំងអស់នឹងត្រឡប់ទៅស្រុកវិញ ក្នុងក្តាម្ឈូសជាក់ជាពំខាន៕

website_news/2016080204.txt · Last modified: 2017/02/27 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki