website_news:2016080401

ACU៖ កំណើនលុយរាប់លានដុល្លារបស់ លោក ស៊ុត ឌីណា មួយចំនែកជាលុយសំណង ផ្តល់ជូនគ្រួសារសពពលករខ្មែរ

(http://bayontv.com.kh/) 07/04/2016

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា កំណើនលុយមិនប្រក្រតីរាប់លានដុល្លារបស់ លោក ស៊ុត ឌីណា មានមួយចំនែកជាលុយសំណង ផ្តល់ជូនគ្រួសារសពពលករខ្មែរ ដែលបានទៅបានធ្វើការងារស្របច្បាប់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានស្លាប់។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ល្ងាចថ្ងៃទី៧ ខែមេសា នៅស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើកឡើងថា កំណើនលុយមិនប្រក្រតីមានរាប់លានដុល្លានអាមេរិច របស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង មានមួយចំណែក បានមកពីការកេងយកលុយសំណងរបស់ភាគីក្រុមហ៊ុនធនរ៉ាប់រង ដែលសងផ្តល់ជូនគ្រួសារសពពលករខ្មែរ ដែលបានទៅធ្វើការងារស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏មានលុយមួយចំនួនបានមកពីការកែងយកប្រយោជ៍ដោយខុសច្បាប់ពីពលករខ្មែរនៅទីនោះ និងកែងយកលុយរបស់រដ្ឋដោយខុសច្បាប់ផងជាដើម។

ឯកឧត្តមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦នេះ មានពលករខ្មែរដែលបានទៅធ្វើការងារនៅប្រទេសកូរ៉េជួបគ្រោះថ្នាក់រហូតស្លាប់បាត់បង់ជីវិតមានចំនួន២៨នាក់ ហើយក្នុងម្នាក់ៗមានលុយសំណងដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ត្រលប់ជូនគ្រួសារសពវិញមានពី១ម៉ឺនដុល្លាទៅដល់១៦ម៉ឺនដុល្លា។

អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតករណីបណ្តឹងពុករលួយរបស់លោក ស៊ុត ឌីណាប្រើពេលអស់ជិត១ឆ្នាំ ហើយបានរកឃើញទ្រព្យសម្បត្តិផ្លូវការប្រមាណ៧លាន២សែនដុល្លា និងមាសសុទ្ធ១២.៧៤គីឡូក្រាម។ បន្ទាប់ពីមានប្រភពរាយការណ៍ ឯកឧត្តម ឱម យិនទៀង ថា លោក ស៊ុត ឌីណា ទំនង នៅមានទ្រព្យសម្បត្តិជាច្រើនទៀត មានដីធ្លីប្លង់ធំៗ ប្រមាណ១០កន្លែង និងផ្ទះវីឡា២ទៀត នៅមិនទាន់សារភាពឲ្យដឹង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិន ទៀង បន្តថា ការបញ្ជូនខ្លួនស៊ុត ឌីណា ទៅកាន់តុលាការ បានកើតឡើងដំបូងគឺដោយសារមានបណ្តឹងតាមអ៊ីម៉ែលពីក្រុមហ៊ុនមួយ ហើយក្នុងបទល្មើសដំបូងនេះ និងបានរកឃើញពីកំណើនទ្រព្យសម្បត្តិមិនប្រក្រត្រីចុងក្រោយ ចំនួន៣លានដុល្លាក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១១ ឆ្នាំ២០១៦។

ហើយពេលនេះអង្គភាពបានសម្រេចដាក់បណ្តឹងចំនួនពីរទៅលើលោកស៊ុតឌីណា រួមមាន បណ្តឹងចោទពីបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រាទី៥៩៧ មាត្រា៥៩៨ច្បាប់ប្រឆាំងអំពើពុករលួយ ទី២ចោទពីបញ្ហាបទរំលោភអំណាចដោយមានប្រសិទ្ធភាព មាត្រា៣៥ ច្បាប់ប្រឆាំងអំពើពុករលួយទៅកាន់តុលាការរាជធានីភ្នំពេញ៕

website_news/2016080401.txt · Last modified: 2017/02/28 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki