website_news:2016080701

កម្ពុជាជប៉ុន ចុះអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើនការ ការពារសិទ្ធិនិងតួនាទីពលករកម្ពុជា

(http://bayontv.com.kh/archives) 08/07/2016

ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ខូអិលធីឌី របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Nippon Manufacturing Service របស់ប្រទេសជប៉ុន បានរួមគ្នាចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅប្រទេសថៃការបញ្ជូនកម្មសិក្សាការីខ្មែរទៅប្រទេសជប៉ុន និងការផ្គត់ផ្គង់ហត្ថពលកម្មសម្រាប់សហគ្រាសជប៉ុននៅកម្ពុជា ។

លោកជំទាវឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី ប្រធានក្រុមហ៊ុននៅកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ថា គោលបំណងនៃពិធីនេះ គឺការបង្កើនការសហការគ្នាបន្ថែមទៀត រវាងក្រុមហ៊ុនទាំងពីរ ក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរក្នុងក្របខណ្ឌការងារច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់កិច្ចសន្យាការងាររបស់ពលករខ្មែរនៅប្រទេស ថៃ និងកម្មសិក្សាការីកម្ពុជានៅប្រទេសជប៉ុន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោក ហ្វូមៃគិ អូណូប្រធានក្រុមហ៊ុន Nippon Manufacturing Service បានបញ្ជាក់ថា មិនត្រឹមតែជាការបញ្ជូនអ្នកបច្ចេកទេសទៅប្រទេសជប៉ុននោះទេ ក្រុមហ៊ុនក៏បានបង្កើតសាខាដែលជាប្រភពនៃការបញ្ជូនអ្នកបច្ចេកទេសនៅតាមបណ្ដាប្រទេសមួយចំនួនទៀតផង ដោយការប្ដេជ្ញាចិត្តក្នុងការប្រកបអាជីវកម្មនៅនឹងកន្លែង ហើយក្រុមហ៊ុនកំពុងតែពង្រីកវិសាលភាពនៅតាមប្រទេសទាំងនោះ មានដូចជា ប្រទេសវៀតណាម ថៃ និងចិន ជាដើម។

នៅក្នុងពិធីអញ្ញើញជាសាក្សី រវាងក្រុមហ៊ុនទាំងពីរ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ស្នើឲ្យក្រុមហ៊ុនទាំងពីររៀបចំឲ្យមានផែនការសកម្មភាព ដែលច្បាស់លាស់ក្នុងបំពេញការងារនីមួយៗ ដូចជាការបណ្ដុះបណ្ដាលមុនបញ្ជូន ការបញ្ជូនទៅធ្វើការនៅតាមក្រុមហ៊ុនជប៉ុនតាមប្រទេសនានា និងការបញ្ជូនត្រឡប់មកក្នុងប្រទេសវិញ។ ឯកឧត្ដម រដ្ឋមន្ត្រី ក៏ស្នើឲ្យក្រុមហ៊ុនទាំងពីរចូលរួមអនុវត្តនូវច្បាប់ និងលិខិតបទដ្ឋាននានារបស់រដ្ឋឲ្យបានល្អ ដូចជាពន្ធដារ បទដ្ឋានការងារជាដើម និងត្រូវយកចិត្តទុកដាក់ក្នុងការថែទាំពលករឲ្យបានល្អទាំងនៅក្នុងប្រទេស និងនៅក្រៅ ប្រទេសផងដែរ៕

website_news/2016080701.txt · Last modified: 2017/03/10 10:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki