website_news:2016080702

ជួញដូរមនុស្សទៅចិនបរាជ័យមេខ្លោងស្រីជាប់ពន្ធនាគារ

(http://bayontv.com.kh/archives) 08/07/2016

ភ្នំពេញ ៖ ករណីជួញដូរមនុស្សទៅប្រទេសចិន តែត្រូវទទួលបរាជ័យ បន្ទាប់ពីនគរបាលក្ដាប់សភាពការណ៍បានល្អឈានដល់ការឃាត់ខ្លួនមេខ្លោងស្រីម្នាក់និងរំដោះនារីរងគ្រោះ៦នាក់ ។ រហូតមកទល់ពេលនេះ ស្ត្រីមេខ្លោង ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជាក់ថា ស្ត្រីមេខ្លោងឈ្មោះ ធឿន ពុទ្ធា ហៅឡាយ ធីជិន អាយុ២៤ឆ្នាំ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោស តាមមាត្រា២៨៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្ដន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

គួររំលឹកថា កាលពី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បើកប្រតិបត្តិបង្ក្រាបករណីជួញដូរមនុស្សឆ្លងដែន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានជួយរំដោះស្ត្រីរងគ្រោះចំនួន៦នាក់ផ្សេងទៀត ក្នុងផ្ទះសំណាក់យីហោ «តារា» ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធីជិន បាននាំយកស្ត្រីទាំង៦នាក់នេះ មកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីត្រៀមនាំទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ៕

website_news/2016080702.txt · Last modified: 2017/03/10 10:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki