website_news:2016080704

ពលករខ្មែររាប់សែននាក់បង់ប្រាក់លិខិតឆ្លងដែន ស្របច្បាប់ជិត២ឆ្នាំ ហើយតែមិនទាន់បាន

(http://bayontv.com.kh/archives) 08/07/2016

ភ្នំពេញ ៖ រដ្ឋសភាបានស្នើទៅក្រសួងមហាផ្ទៃឲ្យពន្លឿនការធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរដែលទៅធ្វើការនៅថៃ ខណៈដែលពួកគេអះអាងថា ជិតពីរឆ្នាំហើយដែលក្រុមពលករទាំងនោះ បានបង់ប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែលស្របច្បាប់ តែរហូតមកដល់ពេលនេះមិនទាន់បាននៅឡើយ ។

យោងតាមលិខិតសុំអន្តរាគមន៍មួយរបស់រដ្ឋសភា ផ្ញើជូនដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីថ្ងៃទី៦ កន្លងទៅបានឲ្យដឹងថា មានពលករខ្មែររាប់សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃបានបង់ប្រាក់រួចដើម្បីប្ដូរយកលិខិតឆ្លងដែនសញ្ជាតិខ្មែរជិតពីឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេនៅពុំទាន់ទទួលបាននៅឡើយទេ។

លិខិតដដែលបានបន្តថា មន្ត្រីអន្តរក្រសួងចំនួនបី រួមមានក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើលិខិតឆ្លងដែន សញ្ជាតិខ្មែរ ជូនដល់ពលករខ្មែរដែលកំពុងធ្វើការនិងមិនមានលិខិតឆ្លងដែនសញ្ជាតិខ្មែរ នៅតាមបណ្ដាខេត្តនានាប្រទេសថៃ តាំងពីខែមករា ឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះពលករខ្មែរ រាប់សែននាក់នៅប្រទេសថៃ ដែលបានបង់ប្រាក់ចំនួន១៤០០បាត ក្នុងម្នាក់ៗដើម្បីធ្វើលិខិតឆ្លងដែនសញ្ញាតិខ្មែរនេះ នៅមិនទាន់បានទទួលលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅឡើយទេ។

ករណីនេះ រដ្ឋសភាស្នើឲ្យសម្ដេចក្រឡាហោម ស ខេងជួយអន្តរាគមន៍និងចាត់វិធានការ ដើម្បីឲ្យពលករខ្មែរចំណាកស្រុក ដែលបានធ្វើលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅប្រទេសថៃកន្លងមក អាចទទួលបានលិខិតឆ្លងដែនសញ្ជាតិខ្មែរនេះឆាប់រហ័ស៕

website_news/2016080704.txt · Last modified: 2017/03/10 10:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki