website_news:2016080801

នាងមិនព្រមម៉ាស្សាផ្តេសផ្តាស ថៅកែចិនមិនបើកប្រាក់ខែហើយដេញឲ្យមកប្ដឹងទៀត

(http://www.everyday.com.kh) ថ្ងៃ សៅរ៏ ទី ៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ០៩:០៣

រាជធានីភ្នំពេញ ៖ នារីបម្រើការងារផ្នែកកក់សក់ និងលាងមុខនៅក្នុងហាងម៉ាស្សា យីហោ ម៉ីស៊ីជិន បានទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យអាជ្ញាធរជួយរកយុត្តិធម៌ ដោយរូបនាងបានអះអាងប្រាប់អាជ្ញាធរថា នាងជាបុគ្គលិកផ្នែកកក់សក់ និងលាងមុខ ប៉ុន្តែត្រូវបានថៅកែជនជាតិចិន ប្រើខុសជំនាញឲ្យនាងទៅម៉ាស្សាមួយតង់ទៀត ។

ដោយនាងមិនអាចធ្វើអ្វីតាមភ្ញៀវកុំម៉ង់ឲ្យធ្វើបាន ជាពិសេសមិនអាចទទួលនូវការប្រមាថពីសំណាក់ភ្ញៀវ និងការបង្ខំឲ្យនាងធ្វើផ្ដេសផ្ដាសបាននោះ ថៅកែបានស្ដីបន្ទោសឱ្យជាបន្តបន្ទាប់ ហើយនាងក៏បានសុំឈប់ ព្រោះតែនាងមិនអាចធ្វើការខុសជំនាញ ក្រៅពីផ្នែកកក់សក់ និងលាងមុខបាន ហើយនៅមុនពេលសុំឈប់ នាងបានជូនដំណឹងទៅថៅកែរយៈពេលជាង១០ថ្ងៃមុន ទៅតាមច្បាប់ការងារហាងនោះ។ លុះពេលនាងបើកលុយ ថៅកែមិនព្រមបើកឲ្យ មិនតែប៉ុណ្ណោះ ទាំងថៅកែជនជាតិចិន និងអ្នកបកប្រែ រួមទាំងមេការជាជនជាតិខ្មែរគ្នាឯង បានចំអកចាក់បណ្ដាយឲ្យនាងថា ប្ដឹង«អ្នកណា» ក៏ប្ដឹងទៅ ទើបនាងសម្រេចចិត្តរត់រកឲ្យអាជ្ញាធរជួយ ។

ស្ត្រីរូបនេះឈ្មោះ លឹម ចន្ទី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានទៅដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ សីហា ។ នារីរងគ្រោះបានប្រាប់ឲ្យអាជ្ញាធរដឹងថា នាងគឺជាបុគ្គលិកផ្នែកកក់សក់ និងលាងមុខនៅក្នុងហាងនោះ មិនមែនជាបុគ្គលិកផ្នែកម៉ាស្សានោះឡើយ លុះពេលដែលនាងធ្វើមិនបានថៅកែរករឿង ទើបនាងសុំឈប់ ។

ប្រភពដដែលបានបន្តថា លុះដល់ពេលកំណត់ឈប់ នាងសុំបើកប្រាក់ឈ្នួល១៨០ដុល្លារ ត្រូវថៅកែមិនព្រមបើកឲ្យ និងបានរួមដៃគ្នាជាមួយអ្នកបកប្រែ និងមេការដែលជាជនជាតិខ្មែរជំរុញឲ្យនាងប្ដឹង ដោយនិយាយថា អត់បើកឲ្យទេ ចង់ទៅប្ដឹងអ្នកណាក៏ប្ដឹងទៅ ។ នាងធ្វើការនៅទីនោះបានរយៈពេល២ខែប៉ុណ្ណោះ ហើយនាងទើបបើកលុយបាន១ខែមុនទេ នៅសល់១ខែចុងក្រោយនេះ ថៅកែមិនព្រមបើកឲ្យ និងបង្ខំឲ្យប្ដឹងទៀត ជាហេតុធ្វើឲ្យនាងមានការឈឺចិត្តខ្លាំងណាស់ ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងសុំឲ្យអាជ្ញាធរជួយដោះស្រាយ។ មិនតែប៉ុណ្ណោះ កន្លងមកក៏មានស្ត្រីដែលបម្រើការងារនៅក្នុងហាងនោះធ្លាប់មានបញ្ហាដូចនាងដែរ គេនិយាយប្រាប់ថា ទីនោះមានបញ្ហាមិនចេះចប់ទេ ប៉ុន្តែនាងមិនជឿ ទើបតែពេលនេះរឿងធ្លាក់មកលើខ្លួនឯងទើបសភ្នែក ។

មន្ត្រីសាលាសង្កាត់ចោមចៅបានឲ្យដឹងថា បានទទួលពាក្យបណ្ដឹងរបស់ស្ត្រីខាងលើនោះរួចហើយ ហើយក៏បានធ្វើលិខិតអញ្ជើញថៅកែហាងនោះទៅកាន់សាលាសង្កាត់ចោមចៅដើម្បីដោះស្រាយគ្នានៅវេលារសៀលថ្ងៃទី៥ សីហា ប៉ុន្តែពុំទាន់ដឹងថា ថៅកែនោះព្រមចូលខ្លួនទៅ តាមការកំណត់ឬយ៉ាងណានោះឡើយ ៕

website_news/2016080801.txt · Last modified: 2017/03/11 16:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki