website_news:2016080803

ទូតខ្មែរនៅចិន ជួយពលរដ្ឋ ពីរនាក់ ដែលចាញ់បោក មេខ្យល់ឲ្យវិលមក មាតុភូមិវិញ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, 08 សីហា ២០១៦ 10:49 ដោយ: ស៊ាន កុសល ID:049

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន រៀបចំ អោយពលរដ្ឋខ្មែរ ចំនួន២រូបដែលចាញ់ បោកមេខ្យល់ឲ្យបានវិលត្រឡប់ មកមាតុភូមិវិញ នេះបើយោងតាម សេចក្តីជូនព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី៨ ខែសីហានេះ ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋទាំងពីរនាក់នោះ ទី១.ឈ្មោះ ផុន ធារី ភេទស្រី កើតថ្ងៃទី២ សីហា ១៩៩០ មកពីភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានមកដល់ស្ថាន អគ្គកុងស៊ុលកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា ២០១៦ ដើម្បីស្នើសុំជួយអន្តរាគមន៍ ត្រឡប់មកកម្ពុជាវិញ ។

សាម៉ីខ្លួនបានអោយដឹងថា ខ្លួនត្រូវបានមេខ្យល់ នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី២៧ មិថុនា ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅ ជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិត អាពាហ៍ពិពាហ៍ទេ និងថាមូលហេតុចង់ត្រឡប់មក ស្រុកកំណើតវិញ គឺដោយសារប្តីបិទសេរីភាព អោយនៅតែក្នុងផ្ទះ មិនផ្តល់ប្រាក់កាក់សម្រាប់ចាយវាយ និងមិនផ្តល់សម្លៀក បំពាក់អោយគ្រប់គ្រាន់ ។ និងទី២.ឈ្មោះ នួន បូណា ភេទប្រុស កើតឆ្នាំ១៩៦០ មកពីខេត្តក្រចេះ បានចូលទៅប្រទេសចិន ដោយមិនដឹង កាលបរិច្ឆេទច្បាស់លាស់ ដោយសារសាម៉ីខ្លួន មានសតិមិនល្អ ។ បច្ចុប្បន្ន សាម៉ីខ្លួនត្រូវបាន អាជ្ញាធរទីក្រុង ហានចូវ ឃាត់ខ្លួន ។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយ អាជ្ញាធរចិន រៀបចំបែបបទធ្វើដំណើរ ហើយពលរដ្ឋខ្មែរទាំង២រូប បានត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ២៣:១៥នាទី តាមជើងយន្តហោះ លេខ MU 759 ៕

website_news/2016080803.txt · Last modified: 2017/03/11 16:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki