website_news:2016080804

ស្ត្រីខ្មែរម្នាក់ ត្រូវបង្ខំឲ្យរៀបការ ហើយត្រូវប្តីធ្វើបាបនៅម៉ាឡេស៊ី ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍ ឲ្យវិលមកកម្ពុជាវិញ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, 08 សីហា ២០១៦ 10:56 ដោយ: ស៊ាន កុសល ID:012

ភ្នំពេញ ៖ ពលការិនីម្នាក់ត្រូវបានស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួយអន្តរាគមន៍ឲ្យវិលមកមាតុភូមិវិញ បន្ទាប់ពីទទួលបានព័ត៌មានពីឳពុកនារីរងគ្រោះ ពាក់ព័ន្ធទៅនិងការលំបាកក្នុងការងារ រួមទាំងការបង្ខំឲ្យរៀបការ ហើយត្រូវប្តីធ្វើបាប។

យោងតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី៨ សីហានេះ បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលព័ត៌មានពីឪពុករបស់ពលការិនី អ៊ុន ប៊ុយ ក្នុងសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៦ ថាពលការិនីខ្មែរឈ្មោះ អ៊ុន ប៊ុយ អាយុ២៦ឆ្នាំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន ជីភីជីស៊ីអ៊ិនធើណេសិណាល។

លោក ជុំ សុន្ទរី បានបន្តថា ក្នុងឆ្នាំ២០១៤ នាងបានទូរស័ព្ទមកប្រាប់ម្តាយថា នាងបានរត់ចេញពីកន្លែងធ្វើការ និងទៅរស់នៅជាមួយគ្រួសារមួយមានគ្នា២នាក់ប្តីប្រពន្ធ ហើយបន្ទាប់មកគ្រួសារនោះបានបង្ខំឲ្យ នាងយកប្តី ជនជាតិឥណ្ឌូនេស៊ី រហូតមានកូន២នាក់។ បច្ចុប្បន្ន ពលការិនី អ៊ុន ប៊ុយ ត្រូវបានប្តីធ្វើបាប និងបង្ខំឲ្យធ្វើការ សំណង់ជាទំងន់ ហើយនាងបានព្យាយាមរត់គេចជាច្រើនលើក តែមិនបានសំរេច។ ឪពុករបស់ពលការិនីរងគ្រោះ បានស្នើសុំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរាគមន៍ជួយកូនរបស់គាត់បាន វិលត្រឡប់ មកកម្ពុជាវិញ។ តាមការណែនាំ និងការផ្តល់ព័ត៌មានរបស់ក្រសួង ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដល់ពលការិនីរូបនេះ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា ពលការិនី អ៊ុន ប៊ុយ និងកូនប្រុសឈ្មោះ អាគីហ្វ គាតូនី (កើតថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥) បានត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១៧:១០នាទី តាមជើងយន្តហោះលេខ MH762។ ក្នុងអំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតក៏បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់អ្នកទាំងពីរផងដែរ៕

website_news/2016080804.txt · Last modified: 2017/03/11 16:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki