website_news:2016080805

អាជ្ញាធរខេត្តឧត្ដរមានជ័យចរចាជាមួយមេបញ្ជាការទ័ពឈុតខ្មៅថៃពីបញ្ហាបិទច្រកទ្វារព្រំដែន

(http://www.rfa.org/khmer/news) 2016-08-06 ដោយ ខែ សុណង

កងទាហានការពារព្រំដែនថៃបិទច្រកទ្វារអន្តរជាតិ២ គឺច្រកអូរស្មាច់ និងច្រកជប់គគីរ ក្នុងទឹកដីខេត្តឧត្តរមានជ័យ ជាប់ព្រំដែនជាមួយខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប្រទេសថៃ មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់មួយព្រឹកនៅព្រឹកថ្ងៃទី៦ ខែសីហា រួចបើកឲ្យដំណើរការវិញ។ បញ្ហានេះ បាននាំឲ្យរាំងស្ទះដល់ការដោះដូរទំនិញនិងការចេញចូលរបស់ពលរដ្ឋអស់មួយព្រឹក។

អាជ្ញាធរខេត្តឧត្ដរមានជ័យ បានជួបចរចាជាមួយមេបញ្ជាការកងទ័ពឈុតខ្មៅ និងអាជ្ញាធរខ្មែរសុរិន្ទ ប្រទេសថៃ ដោះស្រាយបញ្ហាមួយចំនួនដែលនាំឲ្យឈានដល់ការបិទច្រកទ្វារអន្តរជាតិ២ ក្នុងទឹកដីខេត្តឧត្តរមានជ័យ។ អភិបាលខេត្តឧត្ដរមានជ័យ លោក ស ថាវី មានប្រសាសន៍នៅថ្ងៃទី៦ ខែសីហា ថា លោកបានបើកការចរចាមួយភ្លាមៗ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ថាភាគីថៃបានបិទច្រកទ្វារអន្តរជាតិ២ គឺច្រកអូរស្មាច់ និងច្រកជប់គគីរ ដោយឯកតោភាគី។

លោកថា ជំនួបជជែកដ៏តឹងសរសៃកនេះ មានការចូលរួមពីអភិបាលខេត្តសុរិន្ទ និងមេបញ្ជាការកងទ័ពឈុតខ្មៅ បន្ទាប់មកបានឯកភាពគ្នាបើកច្រកដំណើរការវិញ។ លោកថា ការជជែកនក៏បានព្រមព្រៀងគ្នាដែរថា មុននឹងបិទច្រកត្រូវជូនដំណឹងនិងរក្សាអ្វីៗនៅច្រកព្រំដែននោះដដែលពុំមានសាងសង់និងរុះរើអ្វីតទៅទៀតឡើយ៖ «ការពិតរឿងនេះជាការយល់ច្រឡំ មិនមែនរឿងទ្រុងមាន់ទេ។

ការពិតថៃ ចង់បានកន្លែងកែងហ្នឹង ហើយកន្លែងនេះជាកន្លែងប៉ុស្តិ៍យាមកាមរបស់ផ្នែកអន្តោប្រវេសន៍របស់យើង។ គាត់ចង់បានកន្លែងនេះយកឲ្យស្មើ។ ខ្ញុំចង់ស្នើសុំអ្វីដែលមាន គឺរក្សាទុកនៅដដែលទាំងអស់។ យើងក៏ជាប់ប្រជុំក៏ដើរទៅមើលឯកភាពគ្នាក៏ចប់អ៊ីចឹងទៅ។ គាត់ប្រើប្រាស់ពាក្យសម្ដីវាជាការធ្ងន់ធ្ងរដែរ គាត់សុទ្ធតែទះតុដាក់គ្នា។ ខ្ញុំអត់មានខ្លាចទេអារឿងទះតុដាក់គ្នាអី គាត់ថាគាត់មានសិទ្ធិអំណាចក្នុងការបិទច្រកទាំងអស់នៅជាប់ព្រំដែន»។

ប្រជាពលរដ្ឋរស់នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បានសម្ដែងការងឿងឆ្ងល់ចំពោះភាគីកងទាហានការពារព្រំដែនថៃ ដែលបានបិទច្រកទ្វារនាំឲ្យរាំងស្ទះដល់ការដោះដូរទំនិញនិងការចេញចូលរបស់ពួកគេ។ ពលរដ្ឋរស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង លោកស្រី ឡាយ សូត្រ ថ្លែងថា មូលហេតុដែលនាំឲ្យភាគីថៃបិទច្រកទ្វារអូរស្មាច់ ទំនងជាភាគីថៃខឹងមន្ត្រីប្រចាំច្រករបស់ខ្មែរបានសាងសង់រោងមាន់ថ្មីដែលមានសភាពចាស់ទ្រុឌទ្រោមនៅក្នុងដីខ្មែរ។

ទ្រុងមាន់នោះមានទីតាំងនៅជាប់របងច្រកទ្វារក្នុងដីខ្មែរដែលជារបស់លោក ខូង ទីន នាយការិយាល័យនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារប្រមាណជា១០ឆ្នាំមកហើយ៖ «រោងមាន់តា ទីន មេអន្តោប្រវេសន៍គាត់ចិញ្ចឹមមាន់ជល់នៅជាប់ទ្វាររបង គេថាឲ្យតា ទីន មេអន្តោប្រវេសន៍ហ្នឹងរើសទ្រុងមាន់ហ្នឹងចេញ ធ្វើនៅដីខ្មែរទេ តែថៃ វាចង់ចូលរើរបងចូលមកដីខ្មែរទៀតអ៊ីចឹង។ ប៉ុន្មានថ្ងៃហ្នឹងអាច្រកចេញចូលវាចង់រើមួយសាហើយ រើធ្វើរបងឧទាហរណ៍ថា របងខ្ញុំបានទៅផ្សារថៃ ដែរ ខ្ញុំឈរមើលនៅហ្នឹងខ្ញុំចេះតែឆ្ងល់ថា ម៉េចបានថៃ វាមកធ្វើរើលើដីខ្មែរអត់មាននរណាមាត់អ៊ីចឹង? អត់មានតវ៉ាអ៊ីចឹង? បើសិនជាខ្មែរទៅធ្វើវិញ ថៃ ឲ្យរើរុះ។ គេយកសម្ភារៈដាក់លើដីខ្មែរទាំងអស់អ៊ីចឹងណា បិទមួយព្រឹកបិទដល់ម៉ោង៩ ហ្ន! គាំងស្ញេញគ្រប់គ្នាចឹងទៅ អ្នកចេញអ្នកចូលលក់ដូរនៅជ្រះច្រាលពេញមាត់ច្រកហ្នឹងទៅ»។

ពលរដ្ឋមួយរូបទៀតគឺ រស់នៅភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល លោក ឡេង ខ្លុយ ថ្លែងថា នៅឯច្រកជប់គគីរឯណោះក៏មានបិទច្រកជាង១ម៉ោងមិនឲ្យពលរដ្ឋចេញចូលដោះដូរទំនិញដែរ បញ្ហានេះពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង។ ប៉ុន្តែបានបើកដំណើរការវិញហើយ៖ «មានការដោះដូរទំនិញអ៊ីចឹងទៅ វាប៉ះពាល់ប្រជាពលរដ្ឋខ្លះដែរ ជំនួញប្រចាំថ្ងៃរបស់គាត់ហ្នឹង»។

កាលពីឆ្នាំ២០១៤ ភាគីកម្ពុជាបានហាមឃាត់ភាគីថៃមិនឲ្យសង់សំណង់រឹងមួយចំនួននៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ ប៉ុន្តែភាគីថៃនៅតែបន្តអនុវត្តដែលបច្ចុប្បន្នមានដូចជា កន្លែងស្នាក់នៅ និងការិយាល័យការងាររបស់មន្ត្រីច្រកទ្វាររបស់ថៃ ដែលមានចម្ងាយប្រមាណ២ម៉ែត្រពីរបងច្រក រីឯភាគីកម្ពុជានៅតែរង់ចាំគណៈកម្មការព្រំដែនដោះស្រាយរហូតមកដល់បច្ចុប្បន្នពុំមានលទ្ធផល៕

website_news/2016080805.txt · Last modified: 2017/03/11 16:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki