website_news:2016080806

កម្ពុជាស្នើឲ្យអូស្ដ្រាលីទទួលយកកម្មករមកធ្វើការតាមរដូវនៅអូស្ដ្រាលី

(http://www.radioaustralia.net.au/khmer) ដាក់បញ្ចូលថ្ងៃ 3 August 2016, 17:15

នៅថ្ងៃចន្ទទី១ ខែសីហាដើមសប្ដាហ៍នេះលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារកម្ពុជាបានជួបប្រជុំជាមួយនឹងលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា។

តាមការចុះផ្សាយរបស់កាសែត Fresh News នៅកម្ពុជាឲ្យដឹងថាជំនួបនោះបានលើកឡើងអំពីការស្នើរបស់កម្ពុជាក្នុងការបញ្ជូនពលករខ្មែរថែមទៀតឲ្យមកធ្វើការតាមរដូវនៅអូស្ដ្រាលី ព្រោះអូស្ដ្រាលីជាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់។

វិទ្យុអូស្ដ្រាលីមិនអាចទាក់ទងមន្ដ្រីអ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃនេះដើម្បីបញ្ជាក់ព័ត៌មានអំពីការពិភាក្សានេះ ព្រោះអត់មានអ្នកលើកទូរសព្ទ។ ប៉ុន្ដែការពង្រឹងទំនាក់ទំនងការងាររវាងអូស្ដ្រាលី និងកម្ពុជាលើផ្នែកនេះត្រូវបានតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន ធ្លាប់បានលើកឡើងប្រាប់វិទ្យុអូស្ដ្រាលីនៅពេលមកធ្វើទស្សនកិច្ចនៅអូស្ដ្រាលីកាលពីខែមីនាឆ្នាំ២០១៦នេះថា ខាងលោកនឹងខំជំរុញឲ្យក្រសួងការងារ និងក្រសួងការបរទេសកម្ពុជាពិនិត្យលើរឿងនេះ។ នៅចុងឆ្នាំមុន ប្រទេសកម្ពុជាបានបញ្ជូនគណៈប្រតិភូមួយក្រុមមកអូស្ដ្រាលីរួមមានទាំងតំណាងពីសហជីពផងដើម្បីមកសិក្សាស្វែងយល់អំពីប្រព័ន្ធដំណោះស្រាយជម្លោះការងារនៅអូស្ដ្រាលី។

កាសែតក្នុងស្រុកបានស្រង់សម្ដីលោករដ្ឋមន្ដ្រី អ៊ិត សំហេង ថាតាមរយៈកម្មវិធីរបស់អង្គការ ILO ក្រសួងបានស្នើឲ្យរដ្ឋាភិបាលអូស្ដ្រាលីបន្ដជួយការងារនេះ ហើយថាក្រសួងការងារកំពុងតែពិនិត្យមើលលើការចងក្រងច្បាប់ស្ដីពីនីតិវិធីការងារសម្រាប់ដំណើរការតុលាការការងារនៅប្រទេសកម្ពុជា៕

website_news/2016080806.txt · Last modified: 2017/03/11 16:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki