website_news:2016081101

សម្ដេចតេជោ ៖ កម្មករខ្មែរទៅធ្វើការនៅបរទេសជាជម្រើសរបស់គេ ព្រោះមានតម្លៃឈ្នួលខ្ពស់

(http://www.rasmeinews.com) ដោយ ៖វិបុល ថ្ងៃទី 7 វិច្ឆិកា 2016 ម៉ោង 02:38:PM

(ភ្នំពេញ) ៖ កម្ពុជាពេលមុន គឺឧស្សាហកម្មអតិពលកម្មដែលមានកម្លាំងពលកម្មច្រើនហួសប្រមាណដែលធ្វើឲ្យតម្លៃឈ្នួលពលកម្មមានតម្លៃថោក តែឥឡូវកម្ពុជាមិនស្ថិតនៅក្រោមស្ថានភាពនេះទៀតទេគឺកម្ពុជាស្ថិតក្នុងពលកម្មសកម្មពោលគឺតម្លៃឈ្នួលពលកម្មមានតម្លៃរហូតដល់១៥៣ដុល្លារ(ប្រាក់ឈ្នួលអតិបរមាសម្រាប់ឆ្នាំ២០១៧) ដែលកាលពីមុនត្រឹមតែ៣០ដុល្លារតែប៉ុណ្ណោះ។

នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់រដល់គរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យានៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសចំនួន ៣.៨២៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះ។ ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា បើទោះបីជាកម្ពុជាមានតម្លៃឈ្នួលពលកម្មច្រើនប៉ុននេះហើយតែពលរដ្ឋនៅតែធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ក៏ជាជម្រើសរបស់ពួកគាត់ដែរ ព្រោះនៅបរទេសមានប្រាក់ឈ្នួលថ្លៃជាងកម្ពុជា។

ក្នុងន័យនេះ សម្ដេចក៏បានលើកឡើងអំពីសម្តីរបស់លោកស្រីអ៊ុង សានស៊ូជី រដ្ឋមន្ដ្រីការទេសនិងជាទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា ថា “…លោកជំទាវអ៊ុង សានស៊ូជី…ពេលដែលគាត់ទៅទស្សនកិច្ចនៅប្រទេសថៃគាត់បាននិយាយទៅកាន់ប្រជាជនរបស់គាត់ដែលធ្វើការនៅប្រទេសថៃថា តោះយើងទៅផ្ទះ…នៅពេលដែលលោកជំទាវអ៊ុង សានស៊ូជី ប្រើពាក្យថា តោះយើងទៅផ្ទះវិញ នៅកម្ពុជាមានក្រុមមួយ គេបង្ហោះរូបខ្ញុំថា “តោះយើងទៅថៃរកការងារធ្វើ” ដាក់ផ្លែឲ្យខ្ញុំ…ប៉ុន្តែឥឡូវសូមកាប់ថ្មចំណាំ រង់ចាំមើលទៅតើកម្មករមីយ៉ាន់ត្រឡប់ទៅផ្ទះវិញឬអត់…កុំអាលជឿខ្ញុំ សូមអង្កេតមើលហើយកាប់ថ្មចំណាំ…”។ សម្ដេចបានបញ្ជាក់ថា មូលហេតុដែលត្រូវពិចារណាលើស្ថានភាពនេះ គឺថា ទី១,តើមីយ៉ាន់ម៉ាមានការងារឲ្យពលករដែលត្រឡប់ទៅវិញនោះធ្វើឬទេ? និងទី២,បើតម្លៃពលកម្មនៅមីយ៉ាន់ម៉ាត្រឹមតែ៦៧ដុល្លារ និងថៃដល់ទៅជាង២០០-៣០០ដុល្លារតើពលករព្រមត្រឡប់ទៅវិញឬទេ?

ដោយឡែកចំពោះបញ្ហាពលករ ពលការិនីកម្ពុជាវិញសម្ដេចបានលើកឡើងថា “…ឥឡូវនេះ ពលករ ពលការិនីរបស់យើងនៅប្រទេសថៃ នៅកម្ពុជាមានតម្លៃទៅដល់១៥៣ដុល្លារ ដែលជាប្រាក់ឈ្នួលអប្បបរមាទៅហើយ ប៉ុន្តែពួកគាត់នៅតែទៅ…បើមីយ៉ាន់ម៉ាបង្កើតការងារសម្រាប់ពលករ ដែលធ្វើការនៅប្រទេសថៃជាង២លាននាក់ និងដំឡើងប្រាក់ឈ្នួលដល់៣០០ដុល្លារអាហ្នឹងប្រហែលជាគេទៅមែនប៉ុន្តែបើមិនបានទេ កុំសង្ឃឹម…ហើយអ្នកដែលដាក់ផ្លែឲ្យខ្ញុំក៏ដាក់ថ្មចំណាំ ហើយពិនិត្យមើលអត្ថាធិប្បាយរបស់ខ្លួនឯងថាតើខ្ញុំនិយាយហ្នឹងត្រឹមត្រូវឬទេ…បញ្ហាមីយ៉ាន់ម៉ាបង្កើតការងារបាន គឺវាបានហើយ ព្រោះនៅរយៈពេលខាងមុខ នឹងមានរោងចក្រមួយចំនួនដោយសារតែកម្ពុជាមានតម្លៃឈ្នួលរហូតដល់១៥៣ដុល្លារ នឹងមានរោងចក្រមួយចំនួនអូសទៅមីយ៉ាន់ម៉ាព្រោះមីយ៉ាន់ម៉ាថោកជាងយើងដល់ទៅ២ដង… តែរឿងដែលសំខាន់ តើពលករព្រមទៅធ្វើការនៅមីយ៉ាន់ម៉ាដែលបានប្រាក់ឈ្នួលតែ៦៧ ឬនៅធ្វើការប្រទេសថៃដែលតម្លៃឈ្នួលទៅដល់ជាង២០០-៣០០ដុល្លារ…”។

លើសពីនេះទៀត សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសណាក៏មានប្រជាជនធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើដែរ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា ក៏មិនអាចហាមឃាត់ប្រជាជនរបស់ខ្លួនដែរ តែរាជរដ្ឋាភិបាលបាននឹងកំពុងពង្រីកវិសាលភាពនេះការងារទៅកាន់បណ្ដាប្រទេសជាច្រើនទៀត ហើយនឹងខិតខំសម្រួលភាពស្របច្បាប់ឲ្យពលករកម្ពុជាទៅធ្វើការនៅបរទេសនិងមានភាពងាយស្រួលដើម្បីជីវភាពប្រជាជនកាន់តែប្រសើរឡើង៕

website_news/2016081101.txt · Last modified: 2017/03/16 10:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki