website_news:2016081103

ផ្ទះស្នាក់នៅ បណ្តោះអាសន្ន សម្រាប់ពលករខ្មែរនៅកូរ៉េ ស្វាមគមន៍ពលរដ្ឋខ្មែរទាំងអស់ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ

(http://dap-news.com/kh) ថ្ងៃច័ន្ទ, 07 វិច្ឆិកា ២០១៦ 16:26 ដោយ: ស៊ាន កុសល ID:019

ភ្នំពេញ៖ ផ្ទះស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់ចំនួន២ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង រួមនិងភាគីកូរ៉េ មន្រ្តីខាងកម្ពុជា ខណៈដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េ នៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកានេះ ផ្ទះស្នាក់នៅគឺជួយសម្រួលដល់បងប្អូនពលករ ហើយស្វាគមន៍ បងប្អូនទាំងអស់ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ឬនិន្នាការនយោបាយ។

ផ្ទះស្នាក់នៅសម្រាប់ ពលករខ្មែរនៅកូរ៉េ ដែលដាក់សម្ពោធនេះ គឺស្ថិតនៅទីក្រុងស៊ូវុន និងទីក្រុងអានសាន នៃខេត្តឃ្យុងគីដូ ក្នុងពិធីសម្ពោធ នៅតំបន់ស៊ូវ៉ុន គឺមានវត្តមានរបស់លោក ហ៊ុន ម៉ាណែត, ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េ លោក ឡុងឌីម៉ង់, ក្រុមការងារយុវជន ប្រចាំនៅប្រទេសកូរ៉េ, ក្រុមការងារក្រសួងការងារ, តំណាងសមាគមពលករ រួមទាំងបងប្អូនពលករខ្មែរ។ ចំណែកខាងភាគីកូរ៉េ ដែលចូលរួម រួមមានសមាជិកសភាស៊ូវ៉ុន លោក Kim Jin-Pyo, អភិបាលក្រុងស៊ូវ៉ុន, ប្រធានមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាទីក្រុងស៊ូវ៉ុន ព្រះសង្ឃ Sung Kwan និងមន្ត្រីកូរ៉េមួយចំនួនទៀត ។ ដោយឡែក ចំណែកការសម្ពោធ ផ្ទះស្នាក់នៅមួយកន្លែងទៀត នៅតំបន់អានសាន គឺភាគីកូរ៉េមានការចូលរួម ពីលោកស្រីតំណាងរាស្ត្រ ទីក្រុងអានសាន Park Soon-Ja។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការនិងសិក្សា នៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៦ម៉ឺននាក់ ក្នុងនោះមាននិស្សិត ប្រមាណ៤០០នាក់ ស្រ្តីរៀបការស្វាមីកូរ៉េ ប្រមាណជាង១ម៉ឺននាក់ និងពលករប្រមាណ៤៦០០០នាក់ ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ផ្ទះស្នាក់នៅបណ្តោះអាសន្ន សម្រាប់បងប្អូនខ្មែរ ទាំងនៅស៊ូវ៉ុន និងអានសាននេះ គឺស្វាគមន៍ប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ “។ ជាមួយគ្នានោះ លោកក៏បានស្នើសុំ អោយយោគយល់អធ្យាស្រ័យ ចេះជួយថែរក្សា និងចាត់ទុក ផ្ទះនេះជាផ្ទះខ្លួនឯងផង ។

លោក ហ៊ុន ម៉ាណែត បានបានមានប្រសាសន៍ ទៅកាន់បងប្អូនពលករខ្មែរថា រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ ដល់បងប្អូនពលករខ្មែរ នៅក្រៅប្រទេស ទោះនៅទីកន្លែងណាក៏ដោយ។ ផ្ទះស្នាក់នៅបណ្តោះអាសន្ននេះ គឺនឹងជួយកាត់បន្ថយ ការលំបាក និងជួយសម្រួល បន្ទុកចំណាយរបស់ពលករកម្ពុជា លើការស្នាក់នៅអំឡុងពេល ស្វែងរកការងារថ្មីៗ ពិសេសគឺស្នាក់នៅដោយឥតគិតថ្លៃ ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ផ្ទះស្នាក់នៅនេះ គឺបានទទួលការជួយឧបត្ថម្ភ រៀបចំដោយគណកម្មការ បណ្តុះបណ្តាល និងបញ្ជូនពលករបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមតេជោ ដើម្បីកម្មករនយោជិតខ្មែរ ក្រោមការសម្របសម្រួល ដោយស្ថានទូត” ។

សូមជម្រាបថា ផ្ទះស្នាក់នៅបណ្តោះអាសន្ន៣ទៀត នឹងដាក់សម្ពោធអោយប្រើប្រាស់ នៅពេលខាងមុខឆាប់ៗនេះទៀត។ ក្រៅពីផ្ទះស្នាក់នៅ បណ្តោះអាសន្នទាំងនេះ ក្រុមការងារយុវជន ក្រៅប្រទេសរបស់លោក ហ៊ុន ម៉ាណែត បានធ្វើទំនាក់ទំនង ទៅកាន់ក្រុមហ៊ុនឯកជន ដើម្បីផ្តល់ជាអង្ករជូនបងប្អូន ពលករខ្មែរផងដែរ។ បងប្អូនពលករខ្មែរ ដែលចូលស្នាក់នៅ ផ្ទះស្នាក់នៅបណ្តោះអាសន្ននោះ បានថ្លៃងនៅក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងក្រុមការងារ របស់ក្រសួង រួមទាំងសមាគម ដែលបានជួយផ្តល់ផ្ទះនេះ និងអំពាវនាវអោយ រាជរដ្ឋាភិបាលបន្តជួយថែមទៀត៕

website_news/2016081103.txt · Last modified: 2017/03/16 10:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki