website_news:2016081106

មាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ពីប្រទេសម៉ាឡេស៊ី និងការឧបត្ថម្ភ ដល់ពលករខ្មែរ រងរបួសនៅប្រទេសថៃ

(http://www.cen.com.kh) ថ្ងៃទី 8 វិច្ឆិកា 2016, ម៉ោង 12:17:PM) | ដោយ: មុនីរាជ

ភ្នំពេញ: ប្រភពព័ត៌មានពីក្រសួងការបរទេស បានឲ្យដឹងថា ពលករ-ពលការិនីខ្មែរ ដែលមានបញ្ហាលំបាក ក្នុងការងារ នៅប្រទេសម៉ាឡេស៊ី ចំនួន ៣នាក់ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍។ ចំណែកពលករខ្មែរ ដែលរងរបួសដោយ អំពើហិង្សាពីជនជាតិភូមា ហើយបានកំពុងព្យាបាល នៅប្រទេសថៃនោះ បានត្រូវទទួលការជួយឧបត្ថម្ភ ទាំងខាងស្មារតី ថវិកា និងទាំងខាងផ្លូវច្បាប់។

១- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយដោះស្រាយ បញ្ហារបស់ពលករ-ពលការិនីខ្មែរ ៣ នាក់ និងរៀបចំមាតុភូមិនិវត្តន៍ របស់ពួកគេមកកម្ពុជាវិញ។

- ពលការិនី ឈ្មោះ ឡ.គ អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់ បោកបញ្ឆោត យកទៅធ្វើការជា អ្នកបោសសំអាត នៅម៉ាឡេស៊ី ពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបាន ត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពរ របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន ដល់ពលការិនីវិញ។ ដោយសារពលការិនី ខ្វះខាតថវិកា ស្ថានទូត បានឧបត្ថម្ភសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរ មកកម្ពុជា។

- ពលការិនី ឈ្មោះ ប.ស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង បានទៅធ្វើការ ជាអ្នកបោសសំអាត នៅម៉ាឡេស៊ី ពីថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយ នៅកម្ពុជា ឈ្មោះ AT។ ដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយទាមទារប្រាក់ខែ ដែលនៅសល់ និង ជួយអោយបាន ត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងប្រាក់ខែ ដែលនៅសល់ ដល់ពលការិនីវិញ។

ពលការិនី ឡ.គ និងពលការិនី ប.ស នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536 ។

- ពលករ ឈ្មោះ ង.វ អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្តាល បានជាប់ឃុំនៅពន្ធនាគារ Semenyih ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររស់នៅ និងធ្វើការខុសច្បាប់ ហើយពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន ពលករ បានរួចទោស ហើយស្ថានទូត បានឧបត្ថម្ភសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរ មកកម្ពុជាវិញ។ ពលករ ង.វ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទីព្រឹក តាមជើងយន្តហោះលេខ AK534 ។

២- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានចាត់មន្ត្រីស្ថានទូត ទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន៧.៥០០បាត ដល់ពលករខ្មែរ ឈ្មោះ ច.រមហ អាយុ២២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលត្រូវបានពលករ មីយ៉ាន់ម៉ា ចាក់នឹងកាំបិតចំទ្រូង ខាងឆ្វេង ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ពលកររូបនេះ បានចូលមកប្រទេសថៃ ដោយពុំមានឯកសារ អ្វីទាំងអស់ កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការខុសច្បាប់ ជាមួយក្រុមហ៊ុន ប្រមូលសំរាមមួយ នៅជាយក្រុងបាងកក។

ពលកររងគ្រោះ ត្រូវបានសង្គ្រោះបឋម នៅមន្ទីពេទ្យមួយ ក្នុងខេត្តនន្ទបុរី (Nonthaburi) ដោយត្រូវចំណាយ លើថ្លៃព្យាបាលចំនួន ១២ ម៉ឺនបាត។ តាមសំណើរបស់ស្ថានទូត មន្ទីរពេទ្យ បានយល់ព្រមឲ្យសាម៉ីខ្លួន បង់ត្រឹមចំនួន ៦ ម៉ឺនបាតប៉ុណ្ណោះ និងអោយចុះកិច្ចសន្យា សងប្រាក់ដែលខ្វះ នៅពេលណា មានថវិកា (តំណាងមន្ទីរពេទ្យ បញ្ជាក់ថា កិច្ចសន្យានេះ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមន្ទីរពេទ្យ មិនបង្ខំទារប្រាក់ នៅខ្វះនេះឡើយ)។ នៅថ្ងៃទី ៤ ខែវិច្ឆិកា ពលកររងគ្រោះ ត្រូវបានបញ្ជូនបន្ត ទៅវះកាត់នៅមន្ទីរពេទ្យ មួយទៀត ក្នុងទីក្រុងបាងកក។

ក្រៅពីជម្រុញដំណើរការ កាត់ទោសជនល្មើស ទៅតាមផ្លូវច្បាប់ ស្ថានទូត កំពុងទាមទារអោយ និយោជករបស់ ពលកររងគ្រោះ ជួយឧបត្ថម្ភដល់ ការព្យាបាលរបួស របស់ពលកររូបនេះ ផងដែរ៕N/S

website_news/2016081106.txt · Last modified: 2017/03/16 10:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki