website_news:2016081201

ឪពុកកុមាររងគ្រោះមិនបានដឹងពីការធ្វើទារុណកម្មលើកូនរបស់ខ្លួន

(http://www.rasmeinews.com/local) ដោយ ៖សាតចាន់បុត្រ ថ្ងៃទី 8 ធ្នូ 2016 ម៉ោង 07:28:AM

(មណ្ឌលគិរី)ឪពុករបស់កុមារារងគ្រោះក្នុងអំពើធ្វើទារុណកម្មយ៉ាងវេទនាពិបាកភ្នែកមើលបំផុតនោះ មិនបានដឹងទេនាពេលកន្លងមក។ការធ្វើទារុណកម្មលើកុមារ កំពុងមានការចាប់អារម្មណ៏ជាខ្លាំងពីមហាជនទូទាំងប្រទេសឪពុកនោះ បាននិយាយរៀបរាប់ថា គាត់ឈ្មោះ ឃឿន សូ និងប្រពន្ឋឈ្មោះ ណេង ចិន មានកូនក្នុងបន្ទុកសព្វថ្ងៃចំនួន៣នាក់ ស្រី២ នាក់ ប្រុសម្នាក់ ដែលជាកូនពៅនិងជាជនរងគ្រោះក្នុងអំពើហឹង្សានោះ។បច្ចុប្បន្នក្រុមគ្រួសារគាត់ទៅធ្វើការនៅក្រុមហ៊ុនដាំដើមកាកាវ ដែលមានទីតាំងនៅភូមិពូ ក្រូច ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នឹងស្នាក់នៅក្នុងក្រុមហ៊ុនទាំងកូនទាំងប្រពន្ធ ។

លោក ឃឿន សូ បានបន្តថា គ្រួសាររបស់លោកមានស្រុកកំណើតនៅឃុំកំចាយមារ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយសារតែបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ គាត់ក៏បាននាំគ្នាទាំងគ្រួសារទៅរស់នៅនិងធ្វើការ ដោយប្រពន្ធធ្វើជាអ្នកបោសសម្អាតនៅស្នាក់ការក្រុមហ៊ុនដាំដើមកាកាវ ចំណែកគាត់ធ្វើជាកម្មករថែទាំចម្ការ។លោកថា ករណីដែលបានកើតឡើងចំពោះកូនប្រុសពៅរបស់គាត់ គឺគាត់និងប្រពន្ឋមិនបានដឹងសូម្បីបន្តិច។ លុះនៅពេលមានប៉ូលិសយករូបថតទៅបង្ហាញ និងប្រាប់ពីរឿងហេតុដែលបានកើតចំពោះកូន គាត់ស្ទើគាំងបេះដូងភ្លាមៗព្រោះតែអាណិតកូនតូចគ្មានដឹងខ្យល់អីបន្តិចសោះ។

ឪពុកកុមាររងគ្រោះបញ្ជាក់ថា គាត់តែងចេញទៅធ្វើការនៅចម្ការកាកាវបាត់ៗទាល់តែដល់ម៉ោងបាយទើប ទៅហូបបាយដោយមិនបានចាប់អារម្មណ៏ពីអាការៈរបស់កូនឡើយ។ ប៉ុន្តែពេលខ្លះប្រពន្ធរបស់គាត់សង្កេតឃើញកូន នៅពេលដែលត្រឡប់ពីដើរលេងជាមួយជនបង្ករឈ្មោះ យ៉ុង ថាញ់ ចេះតែមានទឹកមុខភ័យខ្លាច និងរវើរវាយ អស់កម្លាំង ព្រមទាំងមានស្នាកស្នាមកន្ទួលពេញខ្លួន។ លុះនៅពេលប្រពន្ធរបស់គាត់ទៅសួរឈ្មោះ យ៉ុង ថាញ់ គេចេះតែនិយាយថា កូនរបស់គាត់ដើរដួល ហើយពេលខ្លះនិយាយរកលេសដោះសារផ្សេងៗរហូត។

ចំណែកអ្នកស្រី ណេង ចិន ម្តាយរបស់កុមារា សូ សៅ បានឲ្យដឹងថា នៅពេលគាត់ជាប់រវល់ចូលទៅបោសសម្អាតកន្លែងស្នាក់ការធ្វើការក្នុងរបស់ក្រុមហ៊ុនដាំដើមកាកាវ កូនប្រុសតូចតែងនៅលេងប្រលែងគ្នាជាមួយបងស្រីរបស់គេ ក្នុងទីធ្លាក្រុមហ៊ុន។តែពេលខ្លះឈ្មោះយ៉ុង ថាញ់ ដែលជាចុងភៅនៅក្នុងក្រុមហ៊ុនខាងលើដែរ តែងយកនំឬនាំកូនរបស់គាត់ទៅដើរលេងបាត់ៗ ទាល់តែដល់ម៉ោងគេ(យ៉ុង ថាញ់)ធ្វើការទើបនាំត្រឡប់ឲ្យគាត់វិញ។គាត់ថា មានការសង្ស័យជាយូខែមកហើយដែរ ចំពោះ ការធ្វើទារុណ្ឌកម្មកូនលើប្រុសគាត់ ដែលជនជាតិវៀតណាម ជាភេទទី៣(ខ្ទើយ)បានយកប្រដាប់ឆក់លើខ្លួនប្រាណកូនគាត់ អាយុ២ឆ្នាំ។

ទាំងឪពុកនិងម្តាយរបស់កុមារ សូ សៅ បានបញ្ជាក់ថា គ្រួសាររបស់ពួកគាត់មិនដែលមានទំនាស់ ឬប៉ះពារពាក្យសម្តីអ្វីសូម្បីបន្តិចជាមួយជនបង្ករ ហើយបានត្រឹមស្គាល់គ្នា ក្នុងនាមជាអ្នកធ្វើការនៅកន្លែងតែមួយ។ពួកគាត់ក៏មិនដែលនឹកដល់ថា គេបានធ្វើអំពើរដូចសត្វតិរិឆ្ឆានអ៊ីចឹងដាក់កូនរបស់គាត់ដែរ ព្រោះមើលទៅយួនខ្ទើយនោះ ស្រឡាញ់ក្មេងណាស់ តែធាតុពិតចិត្តអាក្រក់ក្រៃលែង។

លោក សូរ សុវណ្ណ ស្នងការរងខេត្តបានឲ្យដឹងថា តាមពិតរឿងនេះវាបានកើតឡើងយូរមកហើយ តែក្រុមអ្នកប្រព្រឹត្តឹ ក្នុងករណីនេះធ្វើការបិតបាំងរឿង។ ប៉ុន្តែនៅពេលបែកធ្លាយសមត្ថកិច្ច ចាប់ផ្តើមធ្វើការស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនបានមនុស្សចំនួនបីនាក់នៅខេត្តកំពង់ចាម ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់និងជនជាតិ ហូឡង់ម្នាក់។

ចំណែកលោកតូច យ៉ុន ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ជនសង្ស័យជាជនជាតិវៀតណាម ឈ្មោះ doung tang និងជាអ្នកធ្វើទារុណ្ឌកម្ម ឆក់ក្មេងនោះបានរត់គេចខ្លួន រីឯជនទាំងបីនាក់ដែលឃាត់ខ្លួននោះគឺពួកគេអាចដឹងរឿងរ៉ាវក្នុងហេតុការណ៍ហ្នឹងច្បាស់ ហើយសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅឡើយ រហូតមកដល់ល្ងាចថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦ នេះ៕S

website_news/2016081201.txt · Last modified: 2017/03/16 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki