website_news:2016081207

ពលរដ្ឋ៣គ្រួសារនៅខេត្តត្បូងឃ្មុំសុំកិច្ចអន្តរាគមន៍ជួយកូនស្រីពីម៉ាឡេស៊ីមកវិញ

(http://www.rfa.org/khmer/news) ដោយ សូត សុខប្រាថ្នា 2016-12-06

ប្រជាពលរដ្ឋរស់នៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៣គ្រួសារ នាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ធ្វើយ៉ាងណាជួយនាំកូនស្រីដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រឡប់មកស្រុកកំណើតវិញ។ មន្ត្រីសម្របសម្រួលសមាគមអាដហុក បញ្ជាក់ថា ពួកគេនឹងបញ្ជូនពាក្យបណ្ដឹងពលរដ្ឋដាក់ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍លើបញ្ហានេះ។

ការស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមអាដហុក នៅពេលនេះ ក្រោយពេលប្រជាពលរដ្ឋទាំងនោះដឹងច្បាស់ថា មេខ្យល់ដែលយកកូនៗរបស់ពួកគាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺនាំទៅដោយខុសច្បាប់ ព្រមទាំងដឹងថា កូនរបស់ខ្លួនត្រូវបានមេខ្យល់យកទៅលក់បន្តថែមទៀត។ ពលរដ្ឋនៅឃុំចុងជាច មួយរូប លោក លន់ កេន មានប្រសាសន៍ថា កូនស្រីរបស់លោកឈ្មោះ កេន គូ អាយុ ១៨ឆ្នាំ បានសម្រេចចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីខែសីហា ប៉ុន្តែមិនដែលទទួលបានប្រាក់ខែទេ។ បន្ថែមពីនេះ កូនស្រីគាត់ប្រាប់ថា ការហូបចុក និងសម្រាកមិនបានគ្រប់គ្រាន់ឡើយ ហើយមានទាំងការប្រើហិង្សាទៀតផង៖ «ភូមិអីគេអត់មានដឹងឮផង ឲ្យអញធ្វើម៉េចជឿឯង! អត់អីទេបង ឲ្យវាបានទៅសិន ចាំខ្ញុំធ្វើតាមក្រោយក៏បានដែរអាហ្នឹង»។ ពលរដ្ឋដដែលអះអាងថា មូលហេតុសម្រេចចិត្តឲ្យកូនស្រីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយសារមេខ្យល់ឈ្មោះ វីរៈ ប្រាប់ថាទៅធ្វើការងារស្របច្បាប់តាមក្រុមហ៊ុនត្រឹមត្រូវ និងបានប្រាក់ខែខ្ពស់ ប៉ុន្តែអ្វីៗគឺខុសការគិតទាំងស្រុង។

ស្រដៀងគ្នានេះ អ្នកភូមិមួយរូបទៀត លោកស្រី ជឿន អេង បញ្ជាក់ថា ដោយសារជឿលើមេខ្យល់ និងឃើញអ្នកជិតខាងចេញទៅធ្វើការនៅក្រៅប្រទេសសមប្រកបផង ទើបគ្រួសារលោកស្រីបណ្ដោយឲ្យកូនស្រីរបស់ខ្លួនចាកចេញពីស្រុកកំណើត៖ «សុទ្ធតែប្រាប់ថាបានប្រាក់ខែ ៣៥០ ទៅ ៤០០ដុល្លារ។ ដល់កូនខ្ញុំតេមក ប្រាប់ខ្ញុំថាបានតែមួយខែ ៩០ដុល្លារទេម៉ែអើយ! បាយខ្លួនឯងទេ!»។

ក្មេងស្រីទាំងបីនាក់រួមមានឈ្មោះ ថន ធុល អាយុ ១៨ឆ្នាំ ឈ្មោះ កេន គូ អាយុ ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហាល់ ហាត់ អាយុ ១៧ឆ្នាំ។ ពួកគេត្រូវបានមេខ្យល់នៅឃុំជាប់គ្នានាំយកទៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា និងខែសីហា។ កាលណោះ មេខ្យល់ឈ្មោះ វីរៈ បាននាំក្មេងស្រីនៅភូមិគោកស្រឡៅ ចំនួន ៩នាក់ ហើយកាលពីខែកន្លងទៅមានស្ត្រីចំនួន ៦នាក់បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសមាគមអាដហុក និងស្ថាប័នពាក់ព័ន្ធ សហការជាមួយមេខ្យល់រូបនោះ។ អាស៊ីសេរី មិនអាចទាក់ទងមេខ្យល់ឈ្មោះ វីរៈ បានទេនៅថ្ងៃទី៦ ធ្នូ។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋទាំងបីគ្រួសារអះអាងថា ពួកគាត់ធ្លាប់ធ្វើកិច្ចសន្យាជាមួយមេខ្យល់ និងអាជ្ញាធរមូលដ្ឋានដោយតម្រូវឲ្យពួកគេនាំកូនរបស់ខ្លួនត្រឡប់មកផ្ទះវិញ ប៉ុន្តែជាច្រើនខែមកហើយ នៅតែបាត់ដំណឹងសូន្យ។ អ្នកភូមិអះអាងថា ប្រសិនបើមេខ្យល់នៅតែមិនអាចនាំកូនស្រីពួកគាត់ត្រឡប់មកស្រុកខ្មែរបាន ពលរដ្ឋនឹងដាក់ពាក្យប្ដឹងមេខ្យល់ទាំងនោះទៅតុលាការតែម្តង។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ករណីនេះ គឺជាការជួញដូរមនុស្ស ដែលផ្ទុយទៅនឹងច្បាប់។ លោកបន្តថា បន្ទាប់ពីទទួលពាក្យបណ្ដឹងពលរដ្ឋហើយ នឹងបញ្ជូនពាក្យបណ្ដឹងទាំងនោះទៅស្នាក់ការកណ្ដាលសមាគមអាដហុក ដើម្បីអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធបន្តទៀត៖ «បណ្ដឹងនេះឲ្យទៅភ្នំពេញ ដើម្បីចាត់ការជាបន្ទាន់ជាមួយក្រសួងការបរទេស។ កន្លងមក អាដហុក ធ្វើបានប៉ុណ្ណឹង ប៉ុន្តែដើម្បីឲ្យបណ្ដឹងនេះបានលឿន និងមានលក្ខណៈស្របតាមច្បាប់ផង គឺព្រះរាជអាជ្ញាត្រូវចាត់ការមេខ្យល់ដែរ»។

កន្លងទៅ ប្រជាពលរដ្ឋខ្មែរនៅតែរងគ្រោះដោយសារការចាញ់បោកមេខ្យល់ ឬចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយប្រថុយប្រថាន។ ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បញ្ជាក់ថា មូលហេតុនាំឲ្យពលរដ្ឋចំណាកស្រុកដោយប្រថុយប្រថាន គឺដោយសារជីវភាពរស់នៅមានការលំបាក ចំណេះដឹង និងការទទួលបានព័ត៌មានមិនគ្រប់គ្រាន់ កង្វះការងារធ្វើ ឬមុខរបរនៅក្នុងស្រុក ព្រមទាំងកត្តាទាក់ទាញពីប្រទេសដែលមានការរីកចម្រើនជាងកម្ពុជា។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហាចំណាកស្រុកដោយប្រថុយប្រថាន ឬទប់ស្កាត់មិនឲ្យមានការជួញដូរកម្លាំងពលកម្មមនុស្ស រាជរដ្ឋាភិបាលត្រូវបង្កើតយន្តការផ្លូវរដ្ឋជាមួយបណ្ដាប្រទេសដែលទទួលយកពលករខ្មែរឲ្យបានប្រសើរ បង្កើតការងារ ឬចំណេះជំនាញក្នុងស្រុកឲ្យបានច្រើន ដោះស្រាយបញ្ហាប្រឈមរបស់កសិករ និងផ្សព្វផ្សាយអំពីយន្តការចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ពលរដ្ឋ ជាដើម៕

website_news/2016081207.txt · Last modified: 2017/03/16 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki