website_news:2016081209

មីយ៉ាន់ម៉ា «ផ្អាកបញ្ជូនពលករខ្លួន»ទៅម៉ាឡេស៊ី ក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹកនាំបាតុកម្មប្រឆាំងរដ្ឋបាលលោកស្រីស៊ូជី

(https://thmeythmey.com) December-07-2016, 2:53 pm

អាជ្ញារមីយ៉ាន់ម៉ា បានផ្អាកបញ្ជូនពលកររបស់ខ្លួនដែលទៅធ្វើការនៅម៉ាឡេស៊ី ក្រោមហេតុផលធានាពីសុវត្ថិភាពដល់ពួកគេ ក្រោយពីមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅរាជធានីកូឡាឡាំពួរកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសក្រសួងការងារមីយ៉ាន់ម៉ាដែលចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ដែលបានដកស្រង់ដោយភ្នាក់ងារព័ត៌មានចិន Xinhua។ តាមប្រភពព័ត៌មានចិន Xinhua សេចក្តីប្រកាសរបស់ក្រសួងការងារមីយ៉ាន់ម៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការអនុវត្តពីការផ្អាកបញ្ជូនពលករទៅធ្វើការនៅម៉ាឡេស៊ី បានចាប់ផ្តើមចាប់ពីថ្ងៃអង្គារ (ម្សិលមិញ) ដែលចំណាត់ការនេះ ធ្វើដើម្បីធានាពីសុវត្ថិភាពរបស់ពលករមីយ៉ាន់ម៉ាដែលធ្វើការនៅក្រៅប្រទេសនោះ»។

សូមសម្រាបផងដែរថា នៅពីរសប្តាហ៍មុនជាប់ៗគ្នានេះ មានចលនាបាតុកម្ម និងការប្រមូលផ្តុំសន្តិវិធីរបស់ប្រជាជនម៉ាឡេស៊ី បានផ្ទុះឡើងដើម្បីប្រឆាំងនឹងអំពើអមនុស្សធម៌របស់យោធាមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា និងរបបដឹកនាំរបស់មេដឹកនាំ de facto មីយ៉ាន់ម៉ានៅប្រទេសម៉ាឡេស៊ី។ អ្វីគួរកត់សម្គាល់ ចលនាប្រឆាំងនេះ ក៏មានការចូលដៃ និងដឹកនាំដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់តែម្តង។

ឥរិយាបថនេះ ត្រូវបានរងការវាយបកពីរដ្ឋាភិបាលមីយ៉ាន់ម៉ាវិញ ដោយចោទម៉ាឡេស៊ី ថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ហើយអ្វីដែលធ្វើឲ្យមីយ៉ាន់ម៉ា ខកចិត្តខ្លាំងនោះ គឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានប្រើពាក្យវាយប្រហារខ្លាំងទៅលើលោកស្រី អ៊ុងសាន ស៊ូជ។ លោក ណាជីប បានលើកឡើងក្នុងការប្រមូលផ្តុំចុងសប្តាហ៍មុនយ៉ាងដូច្នេះថា៖« តើអ៊ុងសាន ស៊ូជី ប្រើងារពានរង្វាន់ណូប៊ែលដើម្បីធ្វើអ្វីខ្លះ? យើងត្រូវតែ និងការពារប្រជាជនម៉ូស្លីម និងសាសនាឥស្លាម»។ លោកនាយករដ្ឋមន្ត្រី ថែមទាំងទទូចឲ្យអង្គការសហប្រជាជាតិចេញវិធានការ ដោយមិនត្រឹមតែអង្គុយមើល «អំពើប្រល័យពូជសាសន៍»កើតឡើងឡើយ៕

website_news/2016081209.txt · Last modified: 2017/03/16 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki