website_news:2016090201

កម្មការិនីម្នាក់ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតទាមទារឲ្យក្រុមហ៊ុនបញ្ជូននាងត្រឡប់មកកម្ពុជា

(http://www.rfa.org/khmer/news/ 2016-02-08 )

ស្ត្រីដែលទៅធ្វើការងារតាមផ្ទះម្នាក់នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ទាមទារឲ្យក្រុមហ៊ុនដែលបញ្ជូននាងទៅធ្វើការតាមផ្ទះនៅទីនោះ បញ្ជូននាងត្រឡប់មកកម្ពុជា វិញ ព្រោះមិនអាចធ្វើការបាន។ កម្មការិនីបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ ហ៊ីម ស្រី ហៅ ស្រ៊ី កំពុងទាមទារមកស្រុកកំណើតនៅខេត្តកំពង់ចាមវិញ បន្ទាប់ពីទៅធ្វើការនៅទីនោះបានរយៈពេលមួយខែ ហើយរងការធ្វើបាប។ លោកស្រី ហ៊ីម ស្រី ហៅ ស៊្រី បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី៧ កុម្ភៈ រៀបរាប់ថា លោកស្រីទាមទារមកស្រុកវិញនេះ ព្រោះលោកស្រីមានបញ្ហាសុខភាព ហត់ហេវ ធ្វើការមិនបានពេញលេញ ហើយដៃឆ្វេងដែលធ្លាប់បាក់កាលពីនៅស្រុកខ្មែរនោះ ចាប់ផ្ដើមស្ពឹកកាន់អ្វីមិនជាប់៖ «ខ្ញុំទ្រាំអត់បានទេពូ! ខ្ញុំត្រូវការទៅខ្មែរវិញ។ មានតែចាម ខ្មែរ ទើបយល់ចិត្តចាម ខ្មែរ។ វាមិនយល់ចិត្តយើងទេ វាយកលុយជះលើក្បាលយើងប៉ុណ្ណឹង»។ លោកស្រីឲ្យដឹងទៀតថា គិតមកដល់ថ្ងៃទី៧ កុម្ភៈ លោកស្រីត្រូវបានក្រុមហ៊ុនដែលមិនស្គាល់ឈ្មោះពិតប្រាកដ បញ្ជូនទៅធ្វើការនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងរយៈពេលមួយខែនេះ ត្រូវគេបញ្ជូនពីផ្ទះមួយទៅផ្ទះមួយទៀតចំនួន ៣ផ្ទះហើយ។ លោកស្រី ហ៊ីម ស្រី ថ្លែងថា លោកស្រីរងការធ្វើបាបពីម្ចាស់ផ្ទះ ដោយផ្ដល់អាហារ និងពេលសម្រាកមិនបានគ្រប់គ្រាន់។ បញ្ហាមួយទៀត លោកស្រីថា មកពីការមិនចេះភាសាទំនាក់ទំនងគ្នា។ ទន្ទឹមគ្នានេះ ប្ដីរបស់ លោកស្រី ហ៊ីម ស្រី ឈ្មោះ ម៉ាត់ យូសុះ នៅខេត្តកំពង់ចាម ថ្លែងថា លោកព្រួយបារម្ភអំពីសុវត្ថិភាពប្រពន្ធរបស់លោកជាខ្លាំង។ លោកអំពាវនាវរកស្ថាប័នផ្សេងៗ ដើម្បីឲ្យជួយអន្តរាគមន៍បញ្ជូនប្រពន្ធរបស់គាត់មកកម្ពុជាវិញ ព្រោះលោកមិនមានលុយគ្រប់គ្រាន់បង់ទៅឲ្យក្រុមហ៊ុនជាថ្នូរឲ្យប្រពន្ធគាត់វិលត្រឡប់មកវិញទេ៖ «ទារខ្ញុំមួយពាន់ប្រាំបានគេឲ្យមកវិញ។ ខ្ញុំនេះក៏ព្រមថា អត់មានទេមួយពាន់ប្រាំ គ្រាន់តែថា ក្នុងខ្លួនខ្ញុំក៏អត់មានដែរ។ ខ្ញុំថាមួយពាន់បាន ឬអត់? រួចគេថាអត់បានទេ ទាល់តែមួយពាន់ប្រាំ បានយកមក។ ពួកខ្ញុំនេះអត់ហើយ បានឲ្យប្រពន្ធទៅស៊ីឈ្នួលគេហ្នឹង ហើយប៉ុន្មានខែហើយអត់ទាន់បានលុយមួយរៀលសោះ»។

ទាក់ទងនឹងករណីនេះ នាយកអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ ដែលធ្លាប់អន្តរាគមន៍បន្ទាន់ដល់ពលករខ្មែរនៅប្រទេសថៃ ថ្លែងថា អង្គការលោកមិនអាចជួយអន្តរាគមន៍ លោកស្រី ហ៊ីម ស្រី ពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានទេ ព្រោះមិនមានអង្គការដៃគូនៅប្រទេសនោះ។ លោកថា ករណីនេះអាចធ្វើទៅបានតាមរយៈទូត និងអង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា អាយ.អូ.អឹម (IOM)។ ឆ្លើយតបករណីនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា មិនមានស្ថានទូតនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ទេ ប៉ុន្តែលោកនឹងទាក់ទងទៅស្ថានទូតនៅប្រទេសគុយវ៉េត (Kuwait)៖ «ខ្ញុំនឹងទាក់ទងទៅគេ ឲ្យគេពិនិត្យមើលលទ្ធភាពរៀបចំយ៉ាងម៉េច ពីព្រោះនៅគុយវ៉េត ក៏អត់មានប្រចាំការនៅអារ៉ាប៊ី សាអ៊ូឌីត ដែរ។ ប៉ុន្តែខ្ញុំនឹងទាក់ទងទៅដើម្បីឲ្យគេដឹងរឿងហ្នឹង។ គ្រាន់តែនិយាយមក ខ្ញុំដឹងថាក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនបោកប្រាស់ទាំងស្រុងតែម្ដង។ អត់មានផ្លាកយីហោអត់មានអី បើនិយាយទៅបានន័យថា អត់មានចុះបញ្ជីចុះអីជាក្រុមហ៊ុនទេ គ្រាន់តែជាបុគ្គលនៅទីនោះធ្វើការបោកប្រាស់រកស៊ីធ្វើអ៊ីចឹង»។ លោក ជុំ សុន្ទរី ថ្លែងថា ករណីចាញ់បោកមេខ្យល់បញ្ជូនទៅធ្វើការនៅក្រៅប្រទេស នៅតែបន្តមានជាហូរហែ បើទោះជារដ្ឋាភិបាលបន្តផ្សព្វផ្សាយជាបន្តបន្ទាប់។ លោកអំពាវនាវដល់ពលរដ្ឋកម្ពុជា ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមហ៊ុនដែលមានលក្ខណៈលួចលាក់ និងមិនមានចុះបញ្ជីកាជាមួយក្រសួងការងារ ត្រឹមត្រូវ៕

website_news/2016090201.txt · Last modified: 2017/02/27 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki