website_news:2016090304

តួកគីស្នើសុំសហភាពអឺរ៉ុបបន្ថែម៣ពាន់លានដុល្លារដើម្បីជួយទប់ស្កាត់លំហូរចំណាកស្រុក

(http://khmer.voanews.com/ 08 មិនា 2016) VOA News

លោកប្រធានសភាអឺរ៉ុបបាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលក្រុង Ankara ចង់ឱ្យសហភាពអឺរ៉ុបបង្កើនជំនួយទ្វេដងដែលខ្លួនផ្តល់ឱ្យប្រទេសតួកគី ដើម្បីសម្រាលវិបត្តិជនចំណាកស្រុក។ នៅពេលដែលក្រុមអ្នកតំណាងសហភាពអឺរ៉ុបពិភាក្សាវិបត្តិនេះជាមួយសមភាគីតួកគី នៅក្នុងសន្និសីទមួយនៅក្នុងក្រុងព្រុចសែល (Brussels) ហើយមនុស្សរាប់ពាន់នាក់នៅជាប់គាំងនៅតាមព្រំដែនរវាងប្រទេសក្រិកនិងប្រទេសម៉ាសេដូនី (Macedoine) លោក Martin Schulz ប្រធានសភាអឺរ៉ុបបានមានប្រសាសន៍ថា ប្រទេសតួកគីបានសុំជំនួយចំនួន៣៣០០លានដុល្លារថែមទៀតសម្រាប់ជួយទប់នឹងលំហូរជនចំណាកស្រុកទៅក្នុងទ្វីបនេះ។ កាលពីខែវិច្ឆិកាមុន សហភាពអឺរ៉ុបបានយល់ព្រមផ្តល់ប្រាក់៣៣០០លានដុល្លារឱ្យរដ្ឋាភិបាលក្រុង Ankara ដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួន។

ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា សេចក្តីព្រាងកិច្ចព្រមព្រៀងមួយរវាងសហភាពអឺរ៉ុបនិងប្រទេសតួកគីអំពីទេសន្តរប្រវេសន៍និយាយថា ប្រទេសតួកគី នឹងយល់ព្រមយកទៅវិញជាបណ្តោះអាសន្ននូវ «ជនចំណាកស្រុកមិនត្រឹមត្រូវតាមច្បាប់ទាំងអស់» ដែលបានទៅដល់កោះនៃប្រទេសក្រិកពីប្រទេសតួកគី។ជាថ្នូរ សហភាពអឺរ៉ុបនឹងលុបចោលការតម្រូវឱ្យពលរដ្ឋតួកគីសុំទិដ្ឋាការមិនឱ្យហួសពីដំណាច់ខែមិថុនាទេ ហើយនឹងពន្លឿនដំណើរការនៃការបើកឱ្យប្រទេសតួកគីចូលជាសមាជិកនៃសហភាពអឺរ៉ុប។ ប្រទេសនានាចាប់តាំងពីប្រទេសម៉ាសេដូនីនៅភាគខាងជើងបានបិទព្រំដែនរបស់ពួកគេ ដោយរារាំងក្រុមមនុស្សដែលភាគច្រើនមកពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់មិនឱ្យធ្វើដំណើរបន្តទៅកាន់ប្រទេសអាល្លឺម៉ង់និងប្រទេសជាតិនានាក្នុងតំបន់ Scandinavie។

ការហូរចូលនៃមនុស្សជិតមួយលាននាក់ ដែលបានទៅដល់តាមសមុទ្រក្នុងប្រទេសក្រិកចាប់តាំងពីដើមឆ្នាំ២០១៥ បានធ្វើឱ្យក្រុមមេដឹកនាំអឺរ៉ុបនិយាយបញ្ចុះបញ្ចូលប្រទេសតួកគី កុំបើកឱ្យពួកជនចំណាកស្រុកធ្វើដំណើរប្រកបដោយគ្រោះថ្នាក់និងទទួលយកទៅវិញនូវមនុស្សរាប់ពាន់នាក់ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសុំសិទ្ធិជ្រកកោនក្នុងសហភាពអឺរ៉ុប។ ប្រទេសតួកគី ដែលបានទទួលជនភៀសខ្លួនជាង២.៧០០.០០០ នាក់មកពីប្រទេសស៊ីរី ក៏ដូចជាប្រទេសជាតិអឺរ៉ុបនិងប្រទេសជិតខាងស៊ីរីដែរ បានតស៊ូក្នុងការទទួលបន្ទុកផ្តល់សេវាកម្មដល់ក្រុមជនភៀសខ្លួនទាំងនេះ។ កាលពីថ្ងៃអាទិត្យអង្គការអូតង់បានប្រកាសថា ខ្លួនបញ្ជូននាវាទៅកាន់សមុទ្រ Aegean ដើម្បីជួយប្រទេសក្រិកនិងប្រទេសតួកគី «ដោះស្រាយការជួញដូរមនុស្សនិងបណ្តាញឧក្រិដ្ឋជនដែលបានបញ្ឆេះបញ្ហានេះ»។ ប្រទេសអង់គ្លេសបាននិយាយថា ខ្លួនបញ្ជូនកប៉ាល់ជាផ្នែកនៃកងកម្លាំងរបស់អង្គការអូតង់៕

website_news/2016090304.txt · Last modified: 2017/02/28 10:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki