website_news:2016090305

តួកគីកាត់ទោសឈ្មួញជួញដូរមនុស្សឲ្យជាប់ពន្ធនាគារ៤ឆ្នាំ

(http://khmer.voanews.com/ 05 មិនា 2016) VOA News

អាជ្ញាធរប្រទេសតួកគីបានកាត់ទោសជនជាតិស៊ីរីពីរនាក់ឱ្យជាប់ពន្ធនាគារបួនឆ្នាំដោយសារការស្លាប់នៃកូនក្មេងម្នាក់អាយុបីឆ្នាំ និងគ្រួសាររបស់ក្មេងនេះដែលបានលង់ទឹកស្លាប់នៅពេលធ្វើដំណើរទៅកាន់ប្រទេសតួកគី។ បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសតួកគីបានផ្សាយកាលពីថ្ងៃសុក្រថាឈ្មោះ Muwafaka Alabash និងឈ្មោះ Asem Alfrhad បានត្រូវរកឃើញថាមានទោសពីបទជួញដូរមនុស្សហើយបានកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារបួនឆ្នាំនិងពីរខែ។ នៅក្នុងចំណោមមនុស្សដែលបានលង់ទឹកស្លាប់មានកុមារា Aylan Kurdi អាយុ៣ឆ្នាំដែលជានិមិត្តរូបមួយនៃវិបត្តិជនភៀសខ្លួននៅពេលបណ្តាញផ្សាយព័ត៌មានបានបោះពុម្ពផ្សាយរូបថតមួយនៃរាងកាយតូចគ្មានជីវិតរបស់កុមារានេះអណ្តែតទៅដល់ឆ្នេរខ្សាច់នៅមាត់សមុទ្រមួយនៃប្រទេសតួកគី។ ជនភៀសខ្លួនឯទៀតៗដែលបានបាត់បង់ជីវិតមានរួមមានម្តាយ និងបងប្រុសរបស់ Aylan។ ការកាត់ក្តីជនជាតិស៊ីរីពីរនាក់នេះបានបើកធ្វើកាលពីថ្ងៃទី១១កុម្ភៈនៅក្នុងតុលាការឧក្រិដ្ឋកម្មមួយនៅក្នុងក្រុងលំហែកាយ Bodrum នៅភាគខាងលិចនៃប្រទេសតួកគី។ សមាជិកគ្រួសាររបស់ Aylan Kurdi ឋិតនៅក្នុងចំណោមមនុស្សរាប់សែននាក់ដែលធ្វើដំណើរដោយប្រថុយប្រថានទៅដល់ប្រទេសក្រិកនៅក្នុងសេចក្តីសង្ឃឹមថានឹងអាចធ្វើដំណើរទៅភាគខាងជើងថែមទៀតដើម្បីឱ្យមានជីវភាពល្អប្រសើរជាងមុននៅក្នុងប្រទេសសម្បូរធនធានក្នុងប៉ែកខាងជើង និងខាងលិចនៃទ្វីបអឺរ៉ុប។ ទីភ្នាក់ងារស្ថិតិ Eurostat បានរាយការណ៍កាលពីថ្ងៃសុក្រថា មានអ្នកស្វះស្វែងរកសិទ្ធិជ្រកកោន១លាន២សែន៥ម៉ឺននាក់បានទៅដល់សហភាពអឺរ៉ុបកាលពីឆ្នាំ២០១៥ដែលមានជាងពីរដងចំនួនកាលពីឆ្នាំ២០១៤។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិស៊ីរីជាជនភៀសខ្លួនមានចំនួនច្រើនជាងគេ បន្ទាប់មកមានជនជាតិអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់៕

website_news/2016090305.txt · Last modified: 2017/02/28 10:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki