website_news:2016090308

UNHCR៖ សំណើទប់លំហូរជនទេសន្តរប្រវេសន៍អាចរំលោភច្បាប់អន្តរជាតិ

(http://khmer.voanews.com/09 មិនា 2016 ) VOA News

ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសខ្លួនបាននិយាយកាលពីថ្ងៃអង្គារ ថា ខ្លួនមានកង្វល់ថាផ្នែកខ្លះនៃសំណើមួយរបស់សហភាពអឺរ៉ុបនិងប្រទេសតួកគី ដើម្បីទប់លំហូរជនភៀសខ្លួននិងជនចំណាកស្រុកចូលក្នុងប្រទេសក្រិក ដែលរួមបញ្ចូលទាំងលទ្ធភាពនៃការបញ្ជូនបុគ្គលទាំងអស់ដោយគ្មានរើសមុខឱ្យត្រឡប់ទៅវិញ ប្រហែលរំលោភលើច្បាប់អន្តរជាតិ។ ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសហៅកាត់ថា UNHCR បាននិយាយថា គេត្រូវការឱ្យមានការបំភ្លឺអំពីទិដ្ឋភាពនៃកិច្ចព្រមព្រៀងដែលត្រូវបានស្នើនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនខ្វល់ខ្វាយអំពីការរៀបចំណាមួយដែលមានទាក់ទិននឹងការបញ្ជូនបុគ្គលទាំងអស់ដោយគ្មានរើសមុខពីប្រទេសមួយទៅប្រទេសមួយទៀត។ ក្រុមមេដឹកនាំសហភាពអឺរ៉ុបនិងរដ្ឋាភិបាលក្រុង Ankara បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានសម្រេចលទ្ធភាពមួយនៃការមានកិច្ចព្រមព្រៀងមួយ ដែលអាចបញ្ជូនជនចំណាកស្រុករាប់ពាន់នាក់មកពីប្រទេសតួកគី ទៅកាន់ប្រទេសក្រិកឱ្យវិលត្រឡប់ទៅតួកគីវិញ។ ក្រុមមេដឹកនាំទាំងនេះមានការទុកចិត្តថា កិច្ចព្រមព្រៀងពេញលេញមួយអាចត្រូវសម្រេចនៅក្នុងសន្និសីទកំពូលមួយនៅសប្តាហ៍ក្រោយ។ នៅក្រោយរយៈពេលច្រើនខែនៃការខ្វែងគំនិតគ្នានិងកំណើនការឈ្លោះប្រកែកគ្នា ក្នុងចំណោមប្រទេសជាតិទាំង២៨នៃសហភាពអឺរ៉ុប ក្រុមមេដឹកនាំទាំងនេះបាននិយាយថា ពួកគេបានយល់ស្របគ្នាផ្តល់ឱ្យប្រទេសតួកគីនូវប្រាក់៣០០០លានដុល្លារថែមទៀតដើម្បីជួយជនភៀសខ្លួនស៊ីរីជិតបីលាននាក់ ដែលតួកគីបានទទួលឱ្យរស់នៅទីនោះ៕

website_news/2016090308.txt · Last modified: 2017/02/28 10:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki