website_news:2016090401

ស្ថានឯកអគ្គរាជទូតកម្ពុជា ជួយអន្តរាគមន៍ ស្ត្រីខ្មែរចំនួន ០៥ រូបឲ្យវិលត្រឡប់មកកម្ពុជាវិញ

(http://bayontv.com.kh/8/04/2016)

ភ្នំពេញ ៖ ស្ត្រីខ្មែរចំនួន ០៤ រូប ដែលបានទៅធ្វើការផ្នែកសេវាបោសសម្អាត នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ នេះបើយោងតាមការឲ្យដឹងពីលោក ជុំ សុន្ទរីអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៦។

លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ស្ដ្រីទាំង ០៤ រូបនោះ មានឈ្មោះ ៖១ គង់ លក្ខិណា អាយុ ៣២ ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ និងបានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ២. អុល សារ៉ង អាយុ ២៩ ឆ្នាំ មានស្រុកកំណើត នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦ និងបានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ៣. ឡេង ស្រីមុំ អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត នៅភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៥ និងបានទៅស្ថានទូត នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ៤. នៅ ដានី អាយុ ៤១ ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ និងបានទៅស្ថានទូត នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

លោក បានបញ្ជាក់ថា ស្ថានទូត បានធ្វើការទាមទារយ៉ាងស្វិតស្វាញជាមួយថៅកែរបស់ពលការិនីទាំង ០៤នាក់នេះ ឲ្យបើកប្រាក់ខែ និងទិញសំបុត្រយន្តហោះឲ្យធ្វើដំណើរត្រឡប់មកមាតុប្រទេស។កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការ ហូប-ចុក ជូនដល់ពលការិនីទាំង ០៤ រូប នោះ ផងដែរ ។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ពល ការីនី ០៤ រូប ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។

ជាមួយគ្នានោះដែរ លោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានអន្តរាគមន៍ជួយស្ត្រីខ្មែរ ០១ រូប ឈ្មោះ វេន ផល្លី អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិទីមួយ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានរៀបការជាមួយប្តីជនជាតិចិន ហើយត្រូវប្តីបិទសិទ្ធសេរីភាព ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ត្រី វេន ផល្លី បានធ្វើមាតុភូមិនិវត្តន៍ហើយ កាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ៕

website_news/2016090401.txt · Last modified: 2017/02/28 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki