website_news:2016090403

ក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានបណ្តេញចេញពីប្រទេសក្រិកបានទៅដល់ប្រទេសតួកគីហើយ

(http://khmer.voanews.com/) 08 មេសា 2016

ជនអន្តោប្រវេសន៍ប៉ាគីស្ថានចំនួន៤៥នាក់បានទៅដល់ក្រុង Dikili នៃប្រទេសតួកគី ពីជំរំជនអន្តោប្រវេសន៍ដែលពួកគេស្នាក់នៅ នៅលើកោះ Lesbos ក្នុងប្រទេសក្រិក។ ពួកគេគឺជាក្រុមជនអន្តោប្រវេសន៍ទី២ដែលត្រូវបញ្ជូនត្រឡប់ទៅវិញ ដោយយោងតាមកិច្ចព្រមព្រៀងថ្មីដ៏ចម្រូងចម្រាសមួយរវាងសហភាពអឺរ៉ុបនិងប្រទេសតួកគី។

សាឡាងរបស់តួកគីបានដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅកាន់កំពង់ផែនៅថ្ងៃសុក្រនេះ ហើយបន្ទាប់មកក្នុងថ្ងៃដដែលនេះនឹងមានជនអន្តោប្រវេសន៍ប្រហែល៨០នាក់បន្ថែមទៀត។ ក្រុមមន្រ្តីក្រិកនិយាយថា ពុំមាននរណាម្នាក់ក្នុងចំណោមពួកគេទាំងនោះដែលត្រូវបញ្ជូនត្រឡប់ទៅប្រទេសតួកគីវិញបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហភាពអឺរ៉ុបនោះទេ។ ក្រុមមន្រ្តីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ទាំងអស់ដែលប្រឈមនឹងការបណ្តេញចេញនឹងត្រូវផ្តល់ឱកាសឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោន ហើយជនណាដែលត្រូវបានគេបដិសេធមិនប្រគល់សិទ្ធិជ្រកកោនឲ្យ ត្រូវបានគេសន្យាថានឹងទុកពេលឲ្យ៥ថ្ងៃដើម្បីប្តឹងតវ៉ា់។

ខណៈដែលមានការរៀបចំសម្រាប់ឲ្យជនអន្តោប្រវេសន៍ចាកចេញពីកោះ Lesbos នៅថ្ងៃសុក្រនេះ មានសកម្មជនយ៉ាងហោចណាស់ចំនួន២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានលោតចូលទៅក្នុងទឹក និងតោងច្រវ៉ាក់ដ៏ធ្ងន់ដែលភ្ជាប់ទៅនឹងយុថ្ការបស់សាឡាងនោះ។ សកម្មជនទាំង២នាក់នេះធ្វើការដើម្បីបញ្ឈប់ការបណ្តេញចេញជនអន្តោប្រវេសន៍ទៅតួកគី ដោយពួកគេនិយាយថា ជនអន្តោប្រវេសន៍ត្រូវបានធានានឹងមិនទទួលបានការយកចិត្តទុកដាក់ល្អក្នុងប្រទេសតួកគី ដែលជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្សទាបនោះទេ។ ខណៈពេលជាមួយគ្នានេះដែរ អាល្លឺម៉ង់បានប្រកាសថា ចំនួនពាក្យសុំសិទ្ធិជ្រកកោនដែលខ្លួនទទួលបាន បានធ្លាក់ចុះយ៉ាងខ្លាំងពីខែកុម្ភៈដល់ខែមីនា ដោយសរុបទាំងអស់មានចំនួន២ម៉ឺនច្បាប់នៅក្នុងខែមីនា បើធៀបទៅនឹងខែកុម្ភៈ មានចំនួនដល់ទៅ៦ម៉ឺនច្បាប់៕

website_news/2016090403.txt · Last modified: 2017/02/28 12:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki