website_news:2016090802

លោក ឈាង វុន ស្នើថៃ ជួយគំាពារពលករខ្មែរ ដែលកំពុងធ្វើការងារ ក្នុងប្រទេសថៃឲ្យ ដូចពលរដ្ឋថៃ

(http://www.dap-news.com/kh) អង្គារ, 09 សីហា ២០១៦ 13:42 ដោយ: នឿត សុភ័ក្រ្ត ID:012

ភ្នំពេញ ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាកម្ពុជានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦បានជួបពិភាក្សាការងារ ជាមួយលោក Don Pramudwinai រដ្នមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នៅទីស្តីការក្រសួង ព្រមទាំងបានស្នើម្តងហើយម្តងទៀត ដល់ភាគីថៃ ជួយគាំពារដល់ពលករកម្ពុជា ដែលបានមកធ្វើការ នៅប្រទេសថៃ ឲ្យទទួលបាននូវអត្ថប្រយោជន៍ ស្របតាមច្បាប់ ដូចជាការការពារសុខភាព គ្រោះថ្នាក់ការងារ ជាដើម ។

យោងតាមបណ្ដាញហ្វេសប៊ុក របស់រដ្ឋសភាកម្ពុជាបានឲ្យដឹងថា លោកឈាង វុន និងលោក Don Pramudwinai បានប្តេជ្ញារួមគ្នាក្នុងការធ្វើឲ្យទំនាក់ទំនងខាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ មានការរីក ចម្រើននិងរឹងមាំឡើងថែមទៀត ដោយភាគីទំាងពីរ នឹងខិតខំជំរុញ ឲ្យមានដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត រវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភាថៃ។

សូមជម្រាបជូនថា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា ថៃ បានដឹកនាំគណៈប្រតិភូរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះ ក្នុង គោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសគឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ៕

website_news/2016090802.txt · Last modified: 2017/03/11 16:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki