website_news:2016090804

ឆ្ងល់! ថៃបិទច្រករបៀងដើម្បីអ្វី?

(https://kohsantepheapdaily.com.kh) ម៉ុត សារុន ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១១:០០

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានភាគីថៃបិទជិតមួយសប្តាហ៍មកហើយ មិនទាន់បើកដំណើរការវិញទេ ហើយចំពោះមូលហេតុវិញ ខ្លះថាអាចមកពីក្នុងប្រទេសគេមានការបោះឆ្នោត ឯអ្នកស្រុកអូរជ្រៅនិយាយថា អាចមកពីជម្លោះដីខ្មែរស្រែថៃ ។ ប្រភពពីមន្ត្រីយោធាការពារព្រំដែនខាងត្បូងផ្លូវជាតិលេខ៥នៅខេត្តបន្ទាយមានជ័យ ពិសេសក្នុងអូរជ្រៅនិយាយថា ច្រករបៀងចំនួន៣ រួមមានច្រកសិលាខ្មែរ, ទំនប់ដាច់, ជោគជ័យ និងច្រករបៀងអូរបីជាន់ ត្រូវភាគីថៃបិទរយៈពេល៥ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៩ សីហា ២០១៦ នេះ ។

ដោយពុំដឹងពីមូលហេតុដែលច្រករបៀងទាំងនេះ មានពលរដ្ឋទៅធ្វើការលើទឹកដីថៃព្រឹកវិលល្ងាច ក្នុងមួយថ្ងៃមិនក្រោមជិត1000នាក់ឡើយ ។ លោកសួង មឿន មេឃុំអូរបីជាន់ មិនបានលម្អិតពីមូលហេតុដែលភាគីថៃបិទច្រករបៀងនេះទេ ប៉ុន្តែលោកថា ឃុំរបស់លោកមានភូមិចំនួន៦ជាប់ព្រំដែន ហើយពលរដ្ឋចេញចូលទៅរកស៊ីនៅដីថៃ ទៅព្រឹកវិលល្ងាចមិនក្រោមពី700 ទៅ1000នាក់ឡើយ ។ ជុំវិញការបិទច្រករបៀង តាមបន្ទាត់ព្រំដែននេះ ប្រភពពីពលរដ្ឋក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅជាច្រើនលើកឡើងថា អាចបណ្តាលមកពីបញ្ហាជម្លោះដីខ្មែរស្រែថៃ ។ ដោយប្រភពទាំងនេះបន្តថា ចំណុចដីខ្មែរស្រែថៃ ដែលភាគីកម្ពុជា បានរារាំងមិនឲ្យពលរដ្ឋថៃធ្វើស្រែជាថ្មីអស់រយៈពេល4 ទៅ5ឆ្នាំទៅហើយនោះប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋថៃយកត្រាក់ទ័រ៣គ្រឿង មកលួចភ្ជួរស្រែថែមទាំងព្រួសស្រូវរួចរាល់លើផ្ទៃដីមួយចំនួន ។

បើទោះជាខាងសមត្ថកិច្ចជួរមុខកម្ពុជាហាមឃាត់ ក៏ពួកគេមិនស្តាប់ដែរ ។ យោធាជួរមុខកម្ពុជា នៅក្បែរចំណុចកើតហេតុបង្ហើបប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៩ សីហា នេះថា កាលពីប៉ុន្មានថ្ងៃមុន មានពលរដ្ឋថៃមកលួចភ្ជួរដី និងសាបព្រួសស្រូវមែនហើយពួកគាត់ទៅហាមឃាត់ ក៏គេមិនស្តាប់ដែរ ។ ប្រភពដដែលនេះបញ្ជាក់ថា ស្រូវដែលពលរដ្ឋថៃសាបព្រួសនោះ ពេលនេះកន្លែងខ្លះបានចាប់ផ្តើមដុះ ហើយនិងកន្លែងខ្លះមិនទាន់ដុះនៅឡើយទេ ។ លោកវរសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការយោធាវរៈ515 នៃកងពលតូចថ្មើជើងលេខ51 ប្រាប់តាមទូរស័ព្ទថាភាគីថៃបិទច្រករបៀងទាំង៤ខាងលើរយៈពេល៥ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី9 សីហា នេះ ។ លោកថា ពេលសួរមូលហេតុសមត្ថកិច្ចជួរមុខថៃថា មេគេឱ្យបិទ ។ ច្រករបៀងទាំងនេះ គឺបិទដោយចាក់សោរតែម្តង។

website_news/2016090804.txt · Last modified: 2017/03/11 16:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki