website_news:2016090901

ឃុំខ្លួនប្តីប្រពន្ធពីរនាក់ ឆបោកប្រាក់ ៣ម៉ឺនដុល្លារ លេចករណីនាំពលករ ខុសច្បាប់ ទៅកូរ៉េមួយទៀត

(http://www.dap-news.com/kh) ថ្ងៃពុធ, 07 កញ្ញា ២០១៦ 15:37 ដោយ: គិរី ID:049

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការ ក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថា បានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ ជាមួយគ្នានេះ ប្តីប្រពន្ធពីរនាក់នេះនៅមានករណីនាំពលករខុសច្បាប់ទៅប្រទេសកូរ៉េមួយករណីទៀត ដែលសំណុំរឿងកំពុងស្ថិតក្រោម ចំណាត់ការ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និង ស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ ឆបោកដោយមានស្ថានទម្ងន់ទោស ជាក្រុម មានការចាត់តាំងធ្វើសកម្មភាព បង្កើតឲ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារ សាធារណៈ និង បទសមគំនិត ” ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ ៕

website_news/2016090901.txt · Last modified: 2017/03/12 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki