website_news:2016090905

គ្រួសារស្ត្រីរងគ្រោះក្នុងអំពើជួញដូរមនុស្សទៅចិនស្នើឲ្យរដ្ឋាភិបាលជួយសង្គ្រោះកូនស្រីមកវិញ

(http://www.rfa.org/khmer/news) ដោយ ជិន ជេដ្ឋា 2016-09-08

មន្ត្រីការពារសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះក្នុងអំពើជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ស្នើឲ្យរដ្ឋាភិបាល ឬសមត្ថកិច្ចជំនាញ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់អំពើជួញដូរមនុស្សតាមរូបភាពរៀបការប្ដី ឬប្រពន្ធ ដើម្បីទៅនៅក្រៅប្រទេស។ ការអំពាវនាវនេះ បន្ទាប់ពីនារីម្នាក់នៅខេត្តកំពង់ឆ្នាំង ចាញ់បោកមេខ្យល់នាំនាងទៅរៀបការក្លែងក្លាយនៅប្រទេសចិន។

ក្រុមគ្រួសារ និងនារីរងគ្រោះអះអាងថា បានចាញ់បោកមេខ្យល់នាំនាងទៅរៀបការជាមួយបុរសជនជាតិចិន ហើយបានវាយធ្វើបាបនាងធ្ងន់ធ្ងរក្រោយរៀបការបានប្រហែលបីខែ។ អាណាព្យាបាលនារីរងគ្រោះ សម្រេចដាក់ពាក្យប្ដឹងតាមរយៈសមាគមអាដហុក (ADHOC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ស្រាវជ្រាវ និងនាំកូនស្រីរបស់ខ្លួនត្រឡប់មកស្រុកកំណើតវិញ។

ម្ដាយនារីរងគ្រោះរស់នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង លោកស្រី ឈុត ណែម រៀបរាប់ថា កូនស្រីរបស់គាត់ឈ្មោះ ឡង នាង អាយុ ២៤ឆ្នាំ បានចាញ់បោកមេខ្យល់ឈ្មោះ ទូច ដែលធ្លាប់ធ្វើការរោងចក្រជាមួយគ្នានៅរាជធានីភ្នំពេញ បានទូរស័ព្ទមកគាត់ឲ្យទៅប្ដឹងមន្ត្រីអង្គការសិទ្ធិមនុស្ស ដើម្បីជួយរំដោះនាងជាបន្ទាន់ចេញពីប្ដីជនជាតិចិន ដែលវាយធ្វើបាបនាង ជាពិសេសនៅពេលស្រវឹងស្រា។

លោកស្រី ឈុត ណែម បន្ថែមថា ដោយជីវភាពក្រីក្រពេក ទើបកូនស្រីគាត់លួចចេញទៅធ្វើការងារនៅប្រទេសចិន ដោយសង្ឃឹមថាបានប្រាក់ច្រើនជាងកាត់ដេរនៅស្រុកខ្មែរ ដើម្បីផ្ញើលុយមកផ្ទះគ្រាន់ដោះស្រាយជីវភាព និងរំដោះបំណុលគេដែលបានខ្ចីយកទៅមើលជំងឺឪពុកម្ដាយ។ លោកស្រីថា កូនគាត់បានឡើងយន្តហោះទៅចិន ប្រហែល ៣ខែមុន ជាមួយនារីខ្មែរពីរនាក់ផ្សេងទៀត៖ «វាស្រែកថាពិបាកណាស់! សូមឲ្យរដ្ឋាភិបាលជួយកូនខ្ញុំឲ្យមកដល់ប្រទេសខ្មែរផង។ ពេលប្ដីស្រវឹងវាយធ្វើបាប ហើយម្ដាយឪពុកហ្នឹងចេះតែជ្រក់ជ្រេញអ៊ីចេះអ៊ីចុះទៅ ប្ដីវាយធ្វើបាបទៅ»។

មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ក្រោយទទួលបណ្ដឹងរបស់ម្ដាយនារីរងគ្រោះនេះ លោកនឹងបញ្ជូនទៅទីស្នាក់ការកណ្ដាលនៅភ្នំពេញ ដើម្បីធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធក្នុងការអន្តរាគមន៍នាំនារីរងគ្រោះត្រឡប់មកស្រុកវិញ។ ទន្ទឹមគ្នានេះ លោកថា រដ្ឋាភិបាលគប្បីបង្កើនការទប់ស្កាត់ការនាំមនុស្សចេញក្រៅប្រទេសដោយខុសច្បាប់ និងផ្ដន្ទាទោសឲ្យបានខ្លាំងក្លាចំពោះជនល្មើស ឬមេខ្យល់ដែលបានឆបោកនារីខ្មែរតាមគ្រប់រូបភាព៖ «ប្រជាពលរដ្ឋខ្មែរដែលទ័លក្រ ហើយមានជីវភាពខ្វះខាតនេះ គាត់ចេះតែប្រថុយប្រថាន ហើយចំណេះដឹងរបស់គាត់ជុំវិញការទៅធ្វើការងារនៅក្រៅប្រទេសនេះនៅខ្សោយ ការផ្សព្វផ្សាយរបស់យើងក៏អត់គ្រប់គ្រាន់ ដែលធ្វើឲ្យគាត់ងាយនឹងចាញ់បោកជនទុច្ចរិតដែលមិនខ្លាចច្បាប់នោះ»។

រយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញជំហរជួយពលករពលការិនីខ្មែរដែលរងគ្រោះនៅក្រៅប្រទេស ដូចជាម៉ាឡេស៊ី និងថៃ ជាដើម។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ពលករពលការិនីចំនួន ១៦នាក់ ដែលតម្រួតថៃ ចាប់ខ្លួននៅខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍បញ្ជូនមកដល់ប្រទេសកម្ពុជា វិញហើយកាលពីថ្ងៃទី២៨ ខែសីហា។ រីឯពលករពលការិនីរងគ្រោះពីប្រទេសម៉ាឡេស៊ី ចំនួន ២៣នាក់ ក៏ត្រូវបានអន្តរាគមន៍ត្រឡប់មកស្រុកវិញដែរ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦៕

website_news/2016090905.txt · Last modified: 2017/03/12 15:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki