website_news:2016091202

បើមានមុខរបរជួញពលករ ពិតជាខ្លាំងមែនហើយ!

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉ុត សារុន ថ្ងៃសុក្រ (09-12-2016 11:17)

ខេត្តបន្ទាយមានជ័យ ៖ ភ្នាក់ងារទូរទស្សនាគព័ន្ធ Ntv ប្រចាំខេត្តបន្ទាយមានជ័យម្នាក់ គឺលោកព្រាប ឥន្ទវឌ្ឍនៈ បានរងការគំរាមកំហែងពីជនស៊ីវិលម្នាក់ និងត្រូវគេដកយកប័ណ្ណព័ត៌មានផងដែរ កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី៨ ធ្នូ ស្ថិតនៅក្បែរច្រករបៀងមួយក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈដែលលោកចុះទៅផ្តិតយករូបភាពពីទីតាំងមួយហ៊ុមព័ទ្ធទៅដោយរបងស័ង្កសី តែខាងក្នុង មានសុទ្ធតែមនុស្សសង្ស័យជាពលករប្រុងឆ្លងដែន ។

នៅទីតាំងដីឡូត៍មួយកន្លែង ជាប់ផ្លូវចូលទៅច្រករបៀងជោគជ័យ ក្នុងភូមិកើតហេតុខាងលើ ដែលកន្លងមក គេតែងតែសង្ស័យថាជាកន្លែងស្តុកពលករ មុនការឆ្លងដែនខុសច្បាប់ទៅមកដីថៃ ដោយសារលើកនេះ ទ្វារទីតាំងនោះកំពុងត្រូវគេបើកចំហរឱ្យយានយន្តចេញ-ចូល គាប់ជួនឃើញហេតុការណ៍ផ្ទាល់ភ្នែក ដូចការសង្ស័យយូរហើយនោះ ជាភ្នាក់ងារទូរទស្សខាងលើ ក៏បានផ្តិតយករូបភាពពីលើដងផ្លូវ តែត្រូវជនស៊ីវិលម្នាក់ ដេញចាប់យកឧបករណ៍ថត តែត្រូវគេចទាន់ ។ បន្ទាប់មក ជនស៊ីវិលនោះធ្វើជាសុំមើលប័ណ្ណព័ត៌មាន ទីបំផុតដកហូតយកទុកមកទល់នឹងព្រឹកថ្ងៃទី៩ ធ្នូ នេះ ហើយគេមិនទាន់ប្រគល់ឱ្យវិញទេ។ មិនតែប៉ុណ្ណោះ ពេលហេតុការណ៍ កើតឡើងនោះ មានស្ត្រីម្នាក់សង្ស័យជាប្រពន្ធរបស់ជនសង្ស័យតាមថតអ្នកយកព័ត៌មាន មិនដឹងក្នុងគោលបំណងអ្វីឡើយ ។

ដោយឡែក ភ្នាក់ងារយកព័ត៌មានឱ្យកាសែត និងគេហទំព័រព្រះចន្ទកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យម្នាក់ ក៏បានអះអាងថា ចំណុចកើតហេតុនោះ កាលពីប៉ុន្មានខែមុន លោកក៏ត្រូវបានជនសង្ស័យ២នាក់ គំរាមកំហែងនិងប្រមាថដល់អាយុជីវិត ក្នុងពេលជួបសម្ភាសន៍ ជាមួយពលករប្រុងឆ្លងដែនមួយក្រុមផងដែរ ។

អ្នកយកព័ត៌មានទាំង២នាក់ខាងលើ បានអំពាវនាវសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តមេត្តាបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះទីតាំងបិទបាំង ដោយស័ង្កសីក្នុងភូមិកើតហេតុនេះថា តើមានរកស៊ីបទល្មើសអ្វី ទើបមានយានយន្តដឹកមនុស្សចេញចូលទីនោះជារៀងរាល់ថ្ងៃយ៉ាងដូច្នេះ ។

ក្រៅពីនេះ លោកព្រាប ឥន្ទវឌ្ឍនៈ ក៏បានអំពាវនាវរកយុត្តិធម៌ និងសុំឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការចំពោះជនស៊ីវិលដែលបានគំរាមកំហែង និងដកយកប័ណ្ណព័ត៌មានលោកផងដែរ ។ ជុំវិញករណីខាងលើ ក្រុមយោធាប្រចាំការនៅមាត់ច្រករបៀងក្នុងភូមិជោគជ័យមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ចំពោះសំណួរសួរនាំពីអ្នកយកព័ត៌មាន ។

website_news/2016091202.txt · Last modified: 2017/03/16 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki