website_news:2016091205

កម្ពុជាកំពុងចរចាជាមួយវៀតណាមជុំវិញការកាត់ទោសជនសង្ស័យធ្វើទារុណកម្មកុមារ

(http://www.rfa.org/khmer/news) ដោយ ខែ សុណង 2016-12-08

អាជ្ញាធរខេត្តមណ្ឌលគិរី បានដោះលែងជនជាតិខ្មែរ ២នាក់ក្នុងចំណោមបុរស ៣នាក់ ដែលអាជ្ញាធរបានឃាត់ខ្លួនក្នុងសំណុំរឿងទារុណកម្ម និងរំលោភកុមារអាយុ ២ឆ្នាំ ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស ៣នាក់ដែលមានជនជាតិហូល្លង់ដ៍ ម្នាក់ និងបុរសខ្មែរ ២នាក់ រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី៦ ខែធ្នូ។ ស្របគ្នានេះ អាជ្ញាធរក្នុងប្រទេសវៀតណាម បានចាប់ខ្លួនបុរសជនជាតិវៀតណាម ម្នាក់ ដែលជាជនសង្ស័យក្នុងសំណុំរឿងនេះដែរ កាលពីថ្ងៃទី៧ ខែធ្នូ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កំពុងចរចាជាមួយភាគីវៀតណាម ជុំវិញការកាត់ទោសជនសង្ស័យជនជាតិវៀតណាម ដែលប្រើទារុណកម្ម និងរំលោភកុមារអាយុ ២ឆ្នាំ ដែលប្រព្រឹត្តនៅខេត្តមណ្ឌលគិរី។ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ មានប្រសាសន៍ដោយខ្លីថា ភាគីកម្ពុជា កំពុងរង់ចាំចម្លើយពីភាគីវៀតណាម ចំពោះការស្នើសុំជនជាតិវៀតណាម ដែលសង្ស័យថាប្រព្រឹត្តទារុណកម្មលើកុមារ មកជំនុំជម្រះទោស៖ «យើងកំពុងស្នើសុំខាងវៀតណាម ដែរ តែមិនទាន់ច្បាស់លាស់ កំពុងធ្វើការលើរឿងនេះ»។

ការលើកឡើងនេះ នៅគ្រាដែលសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនបុរសជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែលគេសង្ស័យថាប្រើទារុណកម្មលើកុមារអាយុ ២ឆ្នាំ ដោយប្រើឧបករណ៍ឆក់ ហើយអាចនឹងមានអំពើរំលោភផង ដែលបានប្រព្រឹត្តនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រួចរត់គេចទៅប្រទេសវៀតណាម។ សមត្ថកិច្ចបានស្រាវជ្រាវសំណុំរឿងនេះ បន្ទាប់ពីមានការចែករំលែករូបភាពវីដេអូនៃការធ្វើទារុណកម្មកុមារនេះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។

នៅថ្ងៃទី៨ ធ្នូ សមត្ថកិច្ចខេត្តកំពង់ចាម បានបញ្ជូនមនុស្ស ៣នាក់ ដែលមានជនជាតិហូល្លង់ដ៍ ម្នាក់ អាយុ ៥៣ឆ្នាំ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) ជានាយកប្រតិបត្តិក្រុមហ៊ុនចម្ការកាកាវ និងចម្ការអំពៅក្នុងខេត្តកំពង់ចាម មានសញ្ជាតិខ្មែរ និងមានឈ្មោះខ្មែរហៅថា លី ហេង រួមទាំងបុរសខ្មែរ ២នាក់ទៀត រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ប៉ុន្តែមន្ត្រីសាលាដំបូងខេត្តអះអាងថា បានដោះលែងជនជាតិខ្មែរទាំងពីរនាក់វិញ ដោយរកឃើញថាគ្មានកំហុស។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុកម៉េង បានបញ្ជាក់ថា បុរសខ្មែរទាំងពីរនាក់នោះ គឺជាអ្នកបកប្រែ និងជាកម្មកររបស់ជនជាតិហូល្លង់ដ៍ នោះ សមត្ថកិច្ចបានដោះលែងវិញ បន្ទាប់ពីបញ្ជូនមកដល់ខេត្តមណ្ឌលគិរី។ លោកបន្តថា ដោយឡែកជនជាតិហូល្លង់ដ៍ នោះ បានបញ្ជូនដល់សាលាដំបូង កំពុងបើកការស៊ើបសួរ ហើយនៅថ្ងៃទី៩ ធ្នូ នឹងអាចដឹងថាតើត្រូវសម្រេចឃុំខ្លួន ឬយ៉ាងណា?៖ «បញ្ជូនទៅប៉ូលិសខេត្តមណ្ឌលគិរី ៣នាក់ ប៉ុន្តែ ២នាក់នោះអត់មានពាក់ព័ន្ធទេ ដោយសារជនបរទេសនេះមកជួបគ្នានៅកំពង់ចាម ទេ»។

អង្គការសង្គមស៊ីវិលផ្នែកគាំពារកុមារ និងសិទ្ធិមនុស្ស និងសាធារណជន កំពុងតាមដានការវិវឌ្ឍន៍នៃសំណុំរឿងនេះ។ អង្គការការពារកុមារ (Child Protection Unit) បានផ្ដល់ការគាំពារដល់កុមាររងគ្រោះ ស្របពេលដែលនាយករដ្ឋមន្ត្រី និងស្ថាប័នឯកជនមានការគាំទ្រផ្នែកច្បាប់ និងផ្ដល់ការព្យាបាលដល់កុមារនេះ។

ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះជនប្រព្រឹត្តិអំពើទារុណកម្មលើកុមារនេះដែរ និងអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់៕

website_news/2016091205.txt · Last modified: 2017/03/16 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki