website_news:2016091207

កម្ពុជាព្យាយាមធ្វើបត្យាប័នជនល្មើសពីវៀតណាមក្នុងរឿងធ្វើទារុណកម្មកុមារអាយុ២ឆ្នាំ

(https://thmeythmey.com) អត្ថបទ : រំដួល ចិត្រា December-09-2016, 11:31 am

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានឲ្យដឹងថា កម្ពុជាកំពុងចរចាជាមួយវៀតណាម ដើម្បីស្នើសុំបញ្ជូនជនជាតិវៀតណាម ដែលបានធ្វើទារុណកម្មលើកុមារកម្ពុជានៅខេត្តមណ្ឌលគីរី មកដាក់ទោសនៅកម្ពុជា។ ជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) ដែលបានធ្វើទារុណកម្មលើក្មេងប្រុសអាយុ២ឆ្នាំ ត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួននៅទីក្រុងហូជីមីញ ។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉ក់ ជីតូ បានបញ្ជាក់ថា លោកបានបញ្ជូនមន្ត្រីជំនាញ ទៅចរចាជាមួយភាគីវៀតណាមរួចហើយ ដើម្បីសុំធ្វើបត្យាប័នយកជនជាតិវៀតណាមនោះមកប្រឈមការកាត់ក្តីតាមច្បាប់ប្រទេសកម្ពុជា។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងព្យាយាមចរចាជាមួយវៀតណាម ដើម្បីសុំយកជនល្មើសនេះមកកាត់ទោសនៅកម្ពុជា។ តែយើងត្រូវពិភាក្សាគ្នាសិន ព្រោះវាអាស្រ័យលើភាគីវៀតណាម បើសិនជាគេមិនព្រម ក៏យើងមិនអាចយកមកាត់ទោសបានដែរ»។

ក្រៅពីជនសង្ស័យវៀតណាម ដែលធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំនេះ ក៏នៅមានបក្ខពួកជនជាតិហូឡង់ ដែលជាម្ចាស់ចម្ការកាកាវនៅខេត្តមណ្ឌលគីរី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ បើតាមសមត្ថកិច្ចកម្ពុជា ម្ចាស់ចម្ការកាកាវដែលជាជនជាតិហូឡង់នេះ អាចសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពេស្សាចារលើកុមារផងដែរ ដោយសារតែសមត្ថកិច្ចបានដកហូតឧបករណ៍ឆក់ លិង្គសិប្បនិម្មិត និងឧបករណ៍ជក់គ្រឿងញៀនជាដើម ក្រោយពីឪពុកម្ដាយកុមាររងគ្រោះបានប្ដឹងពីករណីរំលោភបំពានកុមារ ។

គួរបញ្ជាក់ថា ជនសង្ស័យវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង ដែលត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួននេះ ក្រោយពីមានវីដេអូបង្ហោះជាបន្តបន្ទាប់លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំនេះ ដោយជនសង្ស័យខាងលើបានបិទមុខនិងបានចងស្លាបសេកក្មេងរងគ្រោះ ហើយបានយកឧបករណ៍ឆក់ទៅក្បាល ជើង ខ្នង និងប្រដាប់ភេទ ។

ចំណែកសកម្មភាពមួយទៀត នៅពេលដែលក្មេងប្រុសរងគ្រោះស្រែកយំ ជនសង្ស័យរូបនេះបានទះកំផ្លៀងក្មេងប្រុសរងគ្រោះ ហើយបានប្រើម្រាមដៃ និងវត្ថុរឹងរុកចូលក្នុងមាត់ធ្វើឲ្យក្មេងប្រុសរូបនេះខក់បំពងកទៀតផង។ ការធ្វើទារុណកម្មលើកុមារនេះ គឺជនសង្ស័យបានប្រព្រឹត្តនៅខេត្តមណ្ឌលគីរី ក្នុងចំការកាកាវរបស់ លោក Stafan Struik ដែលជាជនជាតិហូឡង់ ខណៈដែលឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ ជាកម្មករចាំចំការកាកាវនេះ៕

website_news/2016091207.txt · Last modified: 2017/03/16 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki