website_news:2016100501

អង្គការថៃមួយនិយាយថា នៅថៃមានក្មេងសុំទានយ៉ាងតិច១ពាន់នាក់ដែលភាគច្រើនជាកុមារខ្មែរ

(http://www.radioaustralia.net.au/khmer) គេហទំព័រវិទ្យុអូស្រ្តាលី ថ្ងៃ 9 May 2016, 16:57 AEST

បើតាមព័ត៌មានរបស់អង្គការ Mirror Foundation នៅប្រទេសថៃឲ្យដឹងថា មានកុមារយ៉ាងតិច១ពាន់នាក់ត្រូវគេជួញដូរឲ្យទៅសុំទាននៅថៃក្នុងនោះភាគច្រើនជាកុមារខ្មែរ។

អង្គការមូលនិធិ Mirror Foundation ជាអង្គការមនុស្សធម៌មួយនៅថៃដែលធ្វើការលើកកម្ពស់ឲ្យមានការយល់ដឹងបញ្ហាជួញដូរកុមារ ហើយជារៀងរាល់ឆ្នាំអង្គការនេះបានជួយសង្គ្រោះកុមារបាន៥០នាក់។ កាសែត Reuters រាយការណ៍ថា កុមារសុំទានដូចជា ឆាប ឡងឌី ពីកម្ពុជាបានដើរសុំទានតាមស្ពានអាកាស និងតាមផ្លូវមានមនុស្សច្រើននៅតាមទីផ្សារនៅក្រុងបាងកក និងក្រុងដទៃទៀតរបស់ថៃ។ ក្មេងសុំទានដូចជា ឆាប ឡងឌី នេះបានចំណាយពេលច្រើនឆ្នាំដើរសុំទានគេ ហើយចេះមានវិធីគេចពីការតាមចាប់របស់ប៉ូលិស។ ប៉ុន្ដែបើកុមារនេះនឹងផ្ទះចង់មកស្រុកវិញ ក្មេងនេះចេះរៀបផែនការឲ្យប៉ូលិសចាប់ខ្លួន ដើម្បីឲ្យគេបញ្ជូនមកស្រុកកំណើត។ ឥឡូវនេះក្មេងសុំទានម្នាក់នេះមានអាយុ២៧ឆ្នាំហើយ ហើយបានក្លាយខ្លួនទៅជាមនុស្សមានប្រយោជន៍ម្នាក់ដល់សង្គមដោយធ្វើការជាមួយអង្គការដើម្បីចុះអប់រំក្មេងៗដទៃទៀតឲ្យគេចផុតពីសកម្មភាពដើរសុំទាននេះ។ នៅក្នុងវេទិកាមួយនៅអង្គការ Trust Forum Asia ស្ដីអំពីបញ្ហាជួញដូរមនុស្ស និងទាសភាពដែលមូលនិធិ Thomson Reuters បានរៀបចំធ្វើនៅប្រទេសសិង្ហបុរី លោក ឆាប ឡងឌី បាននិយាយប្រាប់បណ្ដាជនអំពីប្រវត្ដិរឿងរ៉ាវរបស់ខ្លួន។

លោកត្រូវអង្គការ Hagar International នៅក្រុងភ្នំពេញបានជួយទំនុកបំរុង ហើយបានរៀនចប់ថ្នាក់ទី១២នៅក្នុងអាយុ២៣ឆ្នាំ។ លោកបានសន្យាខ្លួនឯងថាមិនបោះបង់ចោលការសិក្សានោះឡើយ ហើយសព្វថ្ងៃនេះកំពុងរៀនបានពាក់កណ្ដាលហើយនៃបរិញ្ញាបត្រចិត្ដសាស្ដ្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដោយបានទទួលអាហារូបករណ៍ដើម្បីសិក្សា។ ក្រៅពីនេះលោកក៏សិក្សាភាសាអង់គ្លេសបន្ថែមផងដែរ។ នៅក្នុងពេលទំនេរពីការសិក្សាលោក ឆាប ឡងឌី ឲ្យដឹងថា ខ្លួនបានធ្វើការស្ម័គ្រចិត្ដជាអ្នកប្រឹក្សាយោបល់នៅអង្គការ Flame ដែលជួយដល់កុមារក្រីក្ររស់នៅតំបន់តោកយ៉ាក។ ក្រោយពីប្រែខ្លួនពីក្មេងសុំទាននៅថៃទៅជាមនុស្សចេះដឹងម្នាក់នោះលោកសង្ឃឹមថានឹងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតទៀត ឬក៏ដល់បណ្ឌិតផង ដើម្បីជួយដល់ក្មេងសុំទានដទៃទៀតដូចជារូបលោកពីមុនដែលបានរងគ្រោះប៉ះអង្គិចផ្លូវចិត្ដធ្ងន់ធ្ងរ៕

website_news/2016100501.txt · Last modified: 2017/03/02 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki