website_news:2016100802

ខ្មែរជិត២០ម៉ឺននាក់កំពុងធ្វើការស្របច្បាប់នៅស្រុកថៃ

(http://thekhmerdaily.com) ផ្សាយៈ ថ្ងៃ អង្គារ, ០៩ សីហា ២០១៦ លោក សុជាតិតា

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ បានឲ្យដឹងកាលពីម្សិលមិញថា ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃស្របច្បាប់ មានចំនួន១៩៨៩៣០នាក់ ហើយបញ្ជីឈ្មោះពលករទាំងនេះនឹងផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងការងារថៃនិងនាយកដ្ឋានមុខរបរថៃ។

យោងតាមសេចក្តីជូនដំណឹងស្តីពីនីតិវិធីនៃការទទួលបានភាពស្របច្បាប់របស់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា យោងតាមលទ្ធផលនៃកិច្ចប្រជុំជាមួយក្រសួងការងារថៃ កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០១៦កន្លងទៅនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការស្របច្បាប់នៅប្រទេសថៃ បានជូនដំណឹងដល់សាធារណជន ពិសេសពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃឲ្យបានជ្រាបថា ក្រសួងការងារថៃនឹងធ្វើការផ្សព្វផ្សាយអំពីបញ្ជីឈ្មោះពលករកម្ពុជាដែលមានលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសបណ្ណពលករធ្វើការនៅបរទេស នឹងបណ្ណពណ៌ស៊ីជម្ពូសរុបចំនួន១៩៨៩៣០នាក់ ក្នុងគេហទំព័ររបស់ក្រសួងការងារថៃនិងនាយកដ្ឋានមុខរបរថៃ។

ស្របពេលជាមួយគ្នានេះដែរនឹងចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធអនឡាញសម្រាប់ឲ្យពលករកម្ពុជា និងតមកពីទំព័រទី (1)និយោជកថៃស្នើសុំដកលិខិតឆ្លងដែនលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសបណ្ណពលករធ្វើការនៅបរទេសពីភាគីកម្ពុជាតាមរយៈនាយកដ្ឋានមុខរបរថៃឬមន្ទីរការងារថៃចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០១៦តទៅ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថាក្រសួងការងារថៃនឹងជូនដំណឹងអំពីកម្រៃផ្តល់សេវាបើកផ្តល់លិខិតឆ្លងដែនលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសបណ្ណពលករធ្វើការនៅបរទេសនៅក្រៅប្រទេសំនួន៩៥០បាត និងនីតិវិធីលម្អិតនាចុងខែសីហាឆ្នាំ២០១៦នេះ។ គួរបញ្ជាក់ថាតាមការស្នើសុំពីភាគីថៃកម្ពុជាបានសម្រេចផ្អាកការរៀបចំផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដែលរួមមានការបើកផ្តល់លិខិតឆ្លងដែន ការផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករទៅធ្វើការនៅប្រទេសនេះចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយនឹងចាប់ផ្តើមផ្តល់ជូនពលករឡើងវិញចាប់ពីដើមខែសីហាឆ្នាំ២០១៦។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានឲ្យដឹងថាមូលហេតុនៃការផ្អាកការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃនេះគឺធ្វើឡើងទៅតាមសំណើរបស់ក្រសួងការងារប្រទេសថៃ ដើម្បីទុកលទ្ធភាពឱ្យភាគីថៃ ធ្វើជំរឿននិងបន្តបណ្ណស៊ីជម្ពូឡើងវិញ។

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានបញ្ជាក់ថា “ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នឹងចាប់ផ្តើមទទួលពាក្យស្នើសុំដកលិខិតឆ្លងដែន និងបណ្ណការងារពលករធ្វើដំណើរទៅក្រៅប្រទេសពីបងប្អូនប្រជាពលរដ្ឋឡើងវិញ តាមច្រកចេញចូលតែមួយ រឺមន្ទីរការងារថៃទាំង៧៧កន្លែង។ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦តទៅ គណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងចាប់ផ្តើមបើកការផ្តល់លិខិតឆ្លងដែន និងបណ្ណការងារ ពលករធ្វើដំណើរទៅក្រៅប្រទេសជូនដល់បងប្អូនពលករ ដើម្បីយកទៅបន្តនីតិវិធីទទួលបានភាព ស្របច្បាប់នៅតាម ច្រកចេញចូលតែមួយ រឺមន្ទីរការងារថៃ ទាំង៧៧កន្លែង”។

ជាមួយគ្នានេះ គណៈកម្មការខាងលើ ក៏បានព្រមានមិនឱ្យមានការយកកម្រៃសេវាបន្ថែម ក្រៅពីសេវាដែលមានគោលការណ៍និងបិទផ្សាយជាសាធារណៈ នៅតាមច្រកចេញចូលតែមួយរបស់ភាគថៃនោះឡើយ។ ក្នុងករណីដែលមានជនណាមួយអះអាងថា ជាមន្រ្តីស្ថានឯកអគ្គរាជទូត ឬមន្រ្តីនៃគណៈកម្មការ ហើយស្នើសុំថវិកាបន្ថែមនោះគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាបានអំពាវនាវឱ្យពលករខ្មែរ រាយការណ៍ ឬប្តឹងទៅអាជ្ញាធរថៃ ឬ ស្ថានទូតកម្ពុជា តាមលេខទូរស័ព្ទ ០៩៨៤០៤១៥៥០ ឬ០៨៦៧៩៩៩៩៥៧ ឬ០៩៤០៩២៥៩០៥។

លោកអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាបានឲ្យដឹងថា ឥឡូវនេះតាមទិន្នន័យពលករធ្វើការនៅប្រទេសថៃមានចំនួនជាង៥០ម៉ឺននាក់ទាំងមិនស្របច្បាប់និងស្របច្បាប់៕

website_news/2016100802.txt · Last modified: 2017/03/11 16:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki