website_news:2016101101

ចាប់ខ្លួនស្ត្រីមេខ្យល់ម្នាក់ តាមពាក្យបណ្តឹងរបស់ពលករម៉ាឡេស៊ី ២២នាក់

(http://www.cen.com.kh) ថ្ងៃទី 9 វិច្ឆិកា 2016, ម៉ោង 04:32:PM) | ដោយ: សំណាង

ក្រចេះ: កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស អនុវត្តដីការចាប់ ឃាត់ខ្លួនស្ត្រីជាមេខ្យល់ម្នាក់ ពាក់ព័ន្ឋនិងការនាំមនុស្សទៅធ្វើការនៅប្រទេសម៉ាឡេស៊ីមិនស្របច្បាប់ និងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ឋនាគារខេត្ត នៅរសៀលថ្ងៃទី៨ វិច្ឆិកា។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនស្ត្រី ជាមេខ្យល់រូបនេះ គឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមពលករ ប្រុស-ស្រីចំនួន ២២នាក់ ដែលចាញ់បោកស្ត្រីមេខ្យល់ម្នាក់នេះ ទៅរកការងារធ្វើនៅប្រទេសម៉ាឡេស៊ី និងរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងរយះពេលជាង១ខែ រហូតជាប់ឃុំឃាំងនៅពន្ឋនាគារប្រទេសម៉ាឡេស៊ី តែក៏ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតដោយសុវត្ថិភាពវិញ កាលពីថ្ងៃទី៩កញ្ញា។

លោកស្រី នៅ រតនា ស្នងការរងទទួលបន្ទុកយេនឌ័របានឲ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ សុំ សីន អាយុ៤៧ឆ្នាំ រស់នៅឃុំកញ្ជរ ស្រុកឆ្លូង ជាប់សង្ស័យក្នុងករណី ការនាំចេញដោយមិនស្របច្បាប់ និងការនាំយកអនីតជនជាអាទិ៍ចេញដោយមិនស្របច្បាប់ តៅតាមដីការចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ លោកស្រីគឹម សុន្ឋា។ លោកស្រីស្នងការរងបានបន្តថា មានពលករប្រុស-ស្រីចំនួន២២នាក់ ក្នុង នោះអនីតជន៣នាក់ ស្រី៣នាក់ សុទ្ឋសឹងមានទីលំនៅស្រុកឆ្លូង បានរងការចាញ់បោកស្ត្រី មេខ្យល់នាំទៅធ្វើការខុសច្បាប់នៅប្រទេសម៉េឡេស៊ី ហើយពួកគេទាំងនោះ ត្រូវរងការធ្វើ បាបកៀបសង្កត់ ពីថៅកែរោងចក្រនៅប្រទេសម៉ាឡេស៊ី និងក៏ត្រូវសម្រេចចិត្តរត់ចេញហើយ ក៏ត្រូវប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន និងឃុំខ្លួននៅពន្ឋនាគារមួយរយះពេល។

តែក្រោយពីមានការអន្តរាគមន៍ពីអាជ្ញាធរប្រទេសកម្ពុជា ជាមួយនិងស្ថានទូតខ្មែរប្រចាំនៅ ប្រទេសម៉ាឡេស៊ី ក្រុមពលករទាំង២២នាក់ ត្រូវបានចាត់បញ្ជូនមកប្រទេសកំណើតវិញ ដោយសុវត្ថិភាព។ លោកស្រី បានឲ្យដឹងទៀតថា ក្រោយការមកដល់ពីក្រុមពលករទាំង នោះនគរបាល ការិយាល័យជំនាញបានចុះទៅសាកសួរ និងនិងអប់រំផ្សព្វផ្សាយពន្យល់ណែនាំពួកគេឲ្យ ឈប់ជឿតាមការបោកបញ្ឆោតរបស់ក្រុមជនល្មើសជាមេខ្យល់តទៅទៀត។ លើសពីនេះ ក៏មានការដាក់ពាក្យបណ្តឹងពីក្រុមពលករផងនោះ ឈានឲ្យមានការចាប់ខ្លួនស្ត្រីមេខ្យល់ រូបនេះតែម្តង៕

website_news/2016101101.txt · Last modified: 2017/03/16 10:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki