website_news:2016101102

លោក ហ៊ុន ម៉ាណែត បានស្នើសុំសភាកូរ៉េ សិក្សាបង្កើតមជ្ឈមណ្ឌល គាំពារពលករខ្មែរ និងស្ត្រីខ្មែរ រៀបការប្តីកូរ៉េ

(http://www.cen.com.kh) ថ្ងៃទី 9 វិច្ឆិកា 2016, ម៉ោង 11:26:AM) | ដោយ: សំណាង

ភ្នំពេញ: នៅក្នុងដំណើទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត នៅលើទឹកដី នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ត្រូវបានស្វាគមន៍ យ៉ាងកក់ក្តៅ ខណៈពេលដែល លោកចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកសភាជាតិ នៃសាធារណរដ្ឋកូរ៉េ គឺលោកជំទាវ Park Soon Ja និងឯកឧត្តម Baek Seung Ju និងជួបជាមួយ ប្រធានសហព័ន្ធនិយោជក ធុនតូចនិងមធ្យម ប្រធានធនាគារ KB និងប្រធានក្រុមហ៊ុន សំណង់ បូយុង។

លោក ហ៊ុន ម៉ាណែត បានជម្រាប ជូនសមាជិកសភា និងភ្ញៀវដទៃទៀត អំពីប្រវត្តិ នៃទំនាក់ទំនងការទូតល្អរ វាប្រទេសកម្ពុជា និងប្រទេសកូរ៉េ ដែលបានចាប់ផ្តើមឡើងវិញ នៅឆ្នាំ១៩៩៧ ខណៈពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញមកធ្វើទស្សនកិច្ច ប្រទេសកូរ៉េ និងបានបន្តទំនាក់ទំនង ការទូតឡើងវិញ រវាងប្រទេសទាំងពីរ ចាប់ពីពេលនោះមក។ នៅក្នុងឱកាសនោះដែរ លោកបានស្នើសុំលោកជំទាវ សមាជិកសភា សម្របសម្រួល កិច្ចការសំខាន់ៗ រួមមានការស្នើសុំ សិក្សាលទ្ធភាពបន្ថែម អំពីការបង្កើនកូតា ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសកូរ៉េច្រើន និងស្នើអោយមាន ការលើកទឹកចិត្តនិយោជកកូរ៉េ ជ្រើសរើស និងទទួលយកពលករខ្មែរ ដែលមានស្រាប់ បន្ថែមទៀត។

លើសពីនេះ លោកបានស្នើអោយភាគីកូរ៉េ សិក្សា ក្នុងការបង្កើតមជ្ឈមណ្ឌល គាំពារពលករខ្មែរ និងស្ត្រីខ្មែរ រៀបការជាមួយ ជនជាតិកូរ៉េ និងពិនិត្យលទ្ធភាព ស្វែងរកដីមួយកន្លែង ដើម្បីបង្កើតវត្តមួយ នៅក្នុងប្រទេសកូរ៉េផងដែរ សម្រាប់អោយបងប្អូន ប្រជាពលរដ្ឋ រស់នៅ និងធ្វើការ នៅក្នុងប្រទេសកូរ៉េ។

ទាក់ទងនឹងវិស័យពាណិជ្ជកម្មវិញ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនភ្ញៀវ ពីឱកាស និងកត្តាអំណោយផលល្អ ជាច្រើន ក្នុងការវិនិយោគ នៅកម្ពុជា និងស្នើសុំលោកជំទាវ សមាជិកសភា ជំរុញអោយមានកិច្ចសហប្រតិបត្តិការ បន្ថែម និងលើកទឹកចិត្ត អ្នកវិនិយោគ បង្កើនការវិនិយោគ របស់កូរ៉េ នៅកម្ពុជាបន្ថែមទៀត។ កបានស្នើសុំអោយ សមាជិកសភា ពិនិត្យលទ្ធភាព អញ្ជើញទៅទស្សនកិច្ច នៅប្រទេសកម្ពុជា នៅក្នុងពេលវេលា សមស្របផងដែរ។

សមាជិកសភាជាតិ នៃសាធារណរដ្ឋកូរ៉េ គឺលោកជំទាវ Park Soon Ja និងឯកឧត្តម Baek Seung Ju ប្រធានសហព័ន្ធ អ្នកវិនិយោគ ធុនតូចនិងមធ្យម និងប្រធានធនាគារ KB បានសម្តែងនូវ សុទិដ្ឋិនិយម ដោយកោតសរសើរ ចំពោះការទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ ដោយបានផ្តោតទៅលើ កិច្ចការសំខាន់ៗមួយចំនួន ដូចជា សេដ្ឋកិច្ច វប្បធម៌ ការងារ និងវិស័យផ្សេងៗទៀត។

ភាគីកូរ៉េ បានទទួលយកសំណើ របស់ភាគីកម្ពុជា ហើយសិក្សាពីលទ្ធភាព ក្នុងសម្របសម្រួល កិច្ចការទាំងនេះ ឱ្យមានលទ្ធផល ជាវិជ្ជមានបន្ថែមទៀត។ លើសពីនេះ សមាជិកសភាជាតិ នៃសាធារណរដ្ឋកូរ៉េ បានយល់ឃើញថា ប្រទេសកម្ពុជា គឺជាអាណាចក្រមួយ ដ៏រុងរឿង នៅសម័យអង្គរ ហើយសង្ឃឹមថា ប្រទេសមួយនេះ នឹងរីកចម្រើន ដូចនៅសម័យដើម ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ វ័យក្មេងជំនាន់ក្រោយ និងធ្វើអោយទំនាក់ទំនង ដ៏ល្អប្រសើរមួយនេះ កាន់តែរីកចម្រើន រវាងប្រទេស ទាំងពីរថែមទៀត ក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អថែមទៀត និងសកម្មថែមទៀត ទៅលើវិស័យផ្សេងៗ រួមមានវិស័យសេដ្ឋកិច្ច វប្បធម៌ រដ្ឋបាល ជាពិសេស គឺការបញ្ជូនពលករខ្មែរ មកធ្វើការ នៅប្រទេសកូរ៉េ និងការវិនិយោគ របស់ជនជាតិកូរ៉េ នៅក្នុងប្រទេសកម្ពុជា។

ជាមួយនេះ សមាជិកសភាជាតិ នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព អញ្ជើមកទស្សនកិច្ច នៅប្រទេសកម្ពុជា នៅក្នុងពេលវេលាណាមួយសមស្រប។ នាឱកាសនោះផងដែរ ធនាគារ KB បានឧបត្ថម្ភថវិកា ចំនួន ៥០.០០០ ដុល្លារអាមេរិក ជូនសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថវិកាចំនូន ១០.០០០ ដុល្លារអាមេរិក ជូនសមាគមតេជោ ដើម្បីកម្មករនិយោជិតខ្មែរ យកទៅទ្រទ្រង់ថ្លៃអង្ករប្រចាំខែ នៃមជ្ឈមណ្ឌល ស្នាក់នៅ បណ្តោះអាសន្ន សម្រាប់២តំបន់ គឺតំបន់សូវុន និងតំបន់អានសាន។

សូមញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានដឹកនាំគណប្រតិភូ ដែលមានមន្ត្រីជំនាញ មកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ នាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជា បំពេញបេសកកម្ម នៅលើទឹកដី នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីតាមដាននិងសួរសុខទុក្ខ និងដោះស្រាយនូវ តម្រូវការសំខាន់ៗ របស់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ នៅទីនោះ និងដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកសភា មន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគ និងមន្ត្រីសំខាន់មួយចំនួនទៀត។

ក្នងឱកាសសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយភាគីភ្ញៀវ លោក ហ៊ុន ម៉ាណែត តែងតែស្នើសុំឱ្យភាគីកូរ៉េ បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយភាគីកម្ពុជា ដើម្បីផលប្រយោជន៍ និងសេចក្តីសុខ របស់ពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ លើទឹកដីកូរ៉េ៕N/S

website_news/2016101102.txt · Last modified: 2017/03/16 10:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki