website_news:2016110202

IOM ស្នើឲ្យជួយសុខភាពផ្លូវចិត្តអ្នករងទារុណកម្មដែលបញ្ជូនពីបរទេស

(http://www.postkhmer.com/ FThu, 11 February 2016 )

ភ្នំពេញៈ អង្គការទេសន្តរប្រវេសន៍អន្តរជាតិហៅថា IOM បានជួបពិភាក្សាស្នើសុំរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាសហប្រតិបត្តិការជួយលើសុខភាពរបស់ពលករទេសន្តរប្រវេសន៍ដែលកន្លងមកពួកគេប្រឈមទៅនឹងបញ្ហាសុខភាពជំងឺផ្លូវចិត្តពេលត្រឡប់មកវិញបន្ទាប់ពីរងគ្រោះដោយការធ្វើបាប ឬការរំលោភបំពានជាដើម។ លោកស្រី Maria Nanette Motus នាយិកាប្រចាំតំបន់នៃអង្គការ IOM បានជួបពិភាក្សា និងស្នើសុំលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលើបញ្ហារបស់ពលករទេសន្តរប្រវេសន៍មួយចំនួន។

លោកស្រី Nanette Motus បានជម្រាបជូនលោក ម៉ម ប៊ុនហេងពីស្ថានភាពសុខភាពរបស់ពលករទេសន្តរប្រវេសន៍នាពេលកន្លងមកដែលមួយចំនួនរងនូវបញ្ហាសុខភាពជំងឺផ្លូវចិត្តនៅពេលត្រឡប់មកវិញបន្ទាប់ពីធ្វើការនៅក្រៅប្រទេសជួបការរំលោភបំពាននានា។ លោកស្រីថាហេតុដូច្នេះហើយអង្គការ IOM ស្នើសុំដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដើម្បីសហការធ្វើយ៉ាងណាធានាឲ្យសុខភាពរបស់ពលករទេសន្តរប្រវេសន៍ប្រជាពលរដ្ឋចំណាកស្រុកមានភាពល្អប្រសើរ។ លោកស្រីថ្លែងថា «IOM ស្នើបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលដោយពង្រីកទំហំកិច្ចសហការឲ្យបានទូលំទូលាយទៅតាមអាទិភាពតម្រូវការជាក់ស្តែងដើម្បីឲ្យពលករទេសន្តរប្រវេសន៍មានសុខភាពល្អប្រសើរវិញក្រោយពីរងគ្រោះនៅក្រៅប្រទេស»។

នៅក្នុងជំនួបនោះលោករដ្ឋមន្រ្តីជម្រាបជូនលោកស្រី Maria Nanette Motus វិញថាក្រសួងសុខាភិបាលរីករាយក្នុងការសហការជាមួយអង្គការ IOM ដើម្បីសហការលើការថែទាំ បង្ការជំងឺឆ្លង សុខភាពផ្លូវចិត្ត និងគ្រឿងញៀនដល់ពលករចំណាកស្រុក។

លោកស្រី ធីម ណារិន មន្រ្តីសម្របសម្រួលអង្គការអាដហុកខេត្តកំពង់ចាមបានថ្លែងថាពលករដែលត្រូវបានជួយត្រឡប់មកវិញខ្លះមានបញ្ហាសុខភាពព្រោះត្រូវរងនូវការធ្វើបាបនៅក្រៅប្រទេសអំឡុងពេលធ្វើការ។ លោកស្រីថា «ជាក់ស្តែងពលការិនីថ្មីៗនេះរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមិនដឹងយ៉ាងណានោះទេនៅពេលអាចត្រឡប់មកវិញព្រោះបុរសជាប្តីលើកឡើងថាប្រពន្ធខ្លួនរងនូវបន្ទុកការងារជាច្រើននៅពេលគាត់មានជំងឺស្រាប់»។ ម្តាយពលការិនីម្នាក់ឈ្មោះ ទឹម សុវណ្ណ ដែលមានកូនធ្លាប់ទៅម៉ាឡេស៊ី និងមានជំងឺផ្លូវចិត្តបានឲ្យដឹងថាកូនអ្នកស្រីម្នាក់មានជំងឺផ្លូវចិត្តនៅពេលត្រឡប់មកពីប្រទេសម៉ាឡេស៊ីរយៈពេលបីបួនឆ្នាំនេះដោយចំណាយថវិកាព្យាបាល និងទិញថ្នាំអស់ជាច្រើន។ អ្នកស្រីថា៖ « បីបួនឆ្នាំនេះព្យាបាល និងទិញថ្នាំមិនតិចជាង ៥ ពាន់ដុល្លារនោះទេព្រោះពេទ្យថាវាមានជំងឺសរសៃប្រសាទពេលត្រឡប់មកពីធ្វើការនៅម៉ាឡេស៊ីវិញ។ នាងអត់និយាយស្តីហើយដើរបាត់ពីផ្ទះតែមកដល់ឥឡូវនាងមានសភាពធូរស្រាលខ្លះហើយ»។

រីឯពលការិនីម្នាក់ទៀតឈ្មោះ ហុក ពៅ មកពីខេត្តបាត់ដំបងធ្លាប់រងគ្រោះនៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថានាងត្រូវបានថៅកែវាយនឹងប្រដាប់ហាលខោអាវពេលធ្វើការនៅទីនោះតែរហូតមកទល់ពេលនេះនាងមានការងារធ្វើជាកម្មការិនីរោងចក្រនៅស្រុកខ្មែរវិញហើយ។ ពលការិនីម្នាក់នោះនិយាយថា « ខ្ញុំមិនចង់រំឭកទេឲ្យតែរំឭកចង់តែយំបើនឹកពីជីវិតធ្វើការនៅម៉ាឡេស៊ីត្រូវថៅកែវាយ និងបង្អត់អាហារ។ ពេលត្រឡប់មកវិញខ្ញុំបានព្យាបាលជំងឺអស់ពេលជាងមួយឆ្នាំទើបរកការងារធ្វើថ្មី»។

យោងតាមរបាយការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថាក្រសួងបានជួយអន្តរាគមន៍ជួយពលករធ្វើការនៅប្រទេស និងស្រ្តីរៀបការជាមួយប្រទេសចិនចំនួន ៥៧៣ នាក់ក្នុងឆ្នាំ ២០១៥ ដោយចំនួនកើនឡើងរហូតដល់ ៣០០ ភាគរយជាងបើប្រៀបធៀបនឹងឆ្នាំ ២០១៤ មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន អារ៉ាប៊ីសាអ៊ូឌីត និងអាហ្វ្រិកខាងត្បូងជាដើម៕

website_news/2016110202.txt · Last modified: 2017/02/27 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki