website_news:2016110203

ថៃបង្ក្រាបបានបណ្តាញធ្វើលិខិតឆ្លងដែនក្លែងក្លាយចូលអឺរ៉ុប

(http://km.rfi.fr/asia/ 10/02/2016)

បណ្តាញរកស៊ីខុសច្បាប់ដ៏ធំមួយ ដែលជាប់សង្ស័យថាក្រុមផលិតលិខិតឆ្លងដែនក្លែងក្លាយ ត្រូវបានប៉ូលិសថៃកម្ចាត់កម្ចាយបាននៅសប្តាហ៍នេះ។ គឺជាក្រុមធ្វើលិខិតឆ្លងដែនក្លែងក្លាយ ដែលដឹកនាំដោយពលរដ្ឋដើមកំណើតនៅដើមបូព៌ា និង សម្រាប់មនុស្សនៅដើមបូព៌ា ធ្វើដំណើរទៅ-មកអឺរ៉ុប។ ថៃជាប់ឈ្មោះជាដែនដីកំពូលមហាផលិតរបស់ក្លែងក្លាយ ជាពិសេសគឺលិខិតឆ្លងដែនតែម្តង។ ឯកសារក្លែងក្លាយនេះ ច្រើនតែផលិតចេញពីលិខិតឆ្លងដែនពិត ដែលគេលួចបានពីទេសចរ គ្រប់ជាតិសាសន៍ និងបញ្ជូនមកពីគ្រប់ទិសទីនៃពិភពលោក តាមបញ្ញើប្រៃសណី មកប្រទេសថៃ។ នេះបើតាមការពន្យល់បំភ្លឺរបស់ភ្នាក់ងារអន្តោប្រវេសន៍ថៃ។ បណ្តាញផលិតលិខិតឆ្លងដែនក្លែងក្លាយនេះ បានមកតាំងទីនៅភាគខាងកើតក្រុងបាងកក និងមានដើមកំណើតជាអ៊ីរ៉ង់ ជាស៊ីរី អាហ្វហ្កានីស្ថាន ឬក៏អ៊ីរ៉ាក់ និងលក់ដូរឯកសារក្លែងក្លាយទាំងនោះក្នុងតម្លៃពី ១២០០ ទៅ ២០០០អឺរ៉ូ។ ហាមីដ រ៉េស្ហា ហ្សាហ្វារី ជាជនជាតិអ៊ីរ៉ង់ ជាមេកើយស្នាក់នៅក្នុងប្រទេសថៃតាំងពី២៥ឆ្នាំ និងត្រូវបានគេប្រសិទ្ធិនាមថា ដុកទ័រ ទើបត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយវត្ថុតាងជា លិខិតឆ្លងដែនក្លែងក្លាយ ៦នៅជាប់ខ្លួន ៖ បីជាលិខិតឆ្លងដែនប្រេស៊ីល មួយជាប៉េរ៉ូ មួយព័រទុយហ្កាល់ និងមួយជារបស់នូវែលហ្សេឡង់។ ជនជាតិប៉ាគីស្ថាន៥នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងតែមួយនេះដែរ។ នេះគឺជាបណ្តាញផលិតឯកសារក្លែងក្លាយដ៏ធំជាងគេ មានសមត្ថភាពខ្ពស់ខាងផ្តល់លិខិតឆ្លងដែនក្លែងក្លាយគុណភាពល្អខ្លាំងមែនទែន នៅប្រទេសថៃ។ នេះបើតាមការគូសបញ្ជាក់របស់ភ្នាក់ងារអន្តោប្រវេសន៍ដែលសុំមិនបញ្ចេញឈ្មោះ និងដែលបានអះអាងការសម្រេចបំបែកបណ្តាញនេះបានជាលទ្ធផលនៃការស្រាវជ្រាវអង្កេតរយៈពេល៥ឆ្នាំ។ ការធ្វើលិខិតឆ្លងដែនក្លែងក្លាយជារបរពេញនិយមខ្លាំងណាស់នៅថៃ។ ក្នុងមួយឆ្នាំៗ មានទេសចររាប់ពាន់នាក់បានបាត់ ឬត្រូវគេលួចលិខិតឆ្លងដែននៅក្នុងប្រទេសនេះ។ កាលពីខែមីនា ២០១៤ មានជនពីរនាក់កាន់លិខិតឆ្លងដែនក្លែងក្លាយលួចបាននៅថៃ ជិះក្នុងយន្តហោះMH៣៧០ ដែលធ្លាក់បាត់ដំណឹង។ នៅចុងឆ្នាំ២០១០ ក្នុងប្រតិបត្តិការតាមកម្ចាត់ក្រុមបង្កភេរវកម្មនៅឥណ្ឌាឆ្នាំ២០០៨ និងនៅអេស្ប៉ាញ ប៉ូលិសចាប់បានជនជាតិប៉ាគីស្ថានពីរនាក់ និងថៃម្នាក់ ជាប់សង្ស័យជាអ្នកធ្វើលិខិតឆ្លងដែនក្លែងក្លាយ៕

website_news/2016110203.txt · Last modified: 2017/02/27 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki