website_news:2016110205

ប្រទេសម៉ាសេដ្វានធ្វើរបងលួសបន្លាទី២ដើម្បីបញ្ឈប់ក្រុមជនភៀសខ្លួនមកពីក្រិក

(http://www.rasmeinews.com/world/ដោយ ៖សុខា ថ្ងៃទី 9 កុម្ភៈ 2016 ម៉ោង 04:51:PM)

ប្រទេសម៉ាសេដ្វាន ឬហៅតាមសូរស័ព្ទអង់គ្លេសថា “ម៉ាសេដូនី” បានចាប់ផ្តើមធ្វើរបងលួស បន្លានៅព្រំដែនរបស់ខ្លួនដែលជាប់ប្រទេសក្រិកដើម្បីរារាំងក្រុមជនចំណាកស្រុក ពីការចូលប្រទេស នៅឧបទ្វីបបាល់កង់មួយនេះ។ ចាប់តាំងពីខែវិច្ឆិកាមក មានចំនួនជនភៀសខ្លួនតិចតួចប៉ុណ្ណោះដែលមកពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ ហើយពួកគេត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែននៃប្រទេសម៉ាសេដ្វានដើម្បីបន្តដំណើរទៅទ្វីបអឺរ៉ុបខាងលិច ប៉ុន្តែ ក្រុមជនចំណាកស្រុកដែលមកពីបណ្តាប្រទេសផ្សេងទៀតនៅតែព្យាយាមឆ្លងកាត់ព្រំដែននេះ។

មន្ត្រីកងទ័ពជាន់ខ្ពស់ម្នាក់បាននិយាយថា “គំនិតនៃការធ្វើរបងលួសបន្លានេះ គឺដើម្បីបញ្ជូនសារទៅកាន់ក្រុមជនចំណាកស្រុកថាមានរបងលួសបន្លាទ្វេដង ដូចនេះ វានឹងបញ្ឈប់ការឆ្លងកាត់ព្រំដែនខុសច្បាប់”។ ជនភៀសខ្លួនជាង៦៨.០០០នាក់ ត្រូវបានចុះឈ្មោះដើម្បីចូលប្រទេសម៉ាសេដ្វានចាប់តាំងពីដើមឆ្នាំនេះ ។ ប៉ូលិសបាននិយាយថា ពួកគេបានបញ្ឈប់ជនចំណាកស្រុកប្រហែល៤.០០០នាក់ ដែលព្យាយាមឆ្លងកាត់ព្រំដែនខុសច្បាប់ចូលប្រទេសម៉ាសេដ្វានកាលពីខែមករា។

កាលពីខែមុន គណៈកម្មការអឺរ៉ុបបានសន្យាបង្កើនសន្តិសុខនៅព្រំដែនក្រិក-ម៉ាសេដ្វាន ដែលបច្ចុប្បន្ន មានមន្ត្រីប៉ូលិសជាង៦០នាក់មកពីប្រទេសផ្សេងៗទៀតដើម្បីជួយគ្រប់គ្រងលំហូរនៃក្រុមជនចំណាកស្រុក។ បច្ចុប្បន្នប្រទេសម៉ាសេដ្វានបានបិទព្រំដែនមួយរយៈពេល ដោយមិនឲ្យក្រុមជនភៀសខ្លួនឆ្លងកាត់ ហើយឥឡូវនេះ ប្រទេសនេះអនុញ្ញាតឲ្យឆ្លងកាត់សម្រាប់តែអ្នកទាំងឡាយដែលចង់ទៅប្រទេសអាល្លឺម៉ង់ឬ ប្រទេសអូទ្រីសតែប៉ុណ្ណោះ៕

website_news/2016110205.txt · Last modified: 2017/02/27 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki