website_news:2016110206

ជនអន្តោប្រវេសន៍ ៩១នាក់ត្រូវបានឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះពីភាគខាងកើតសមុទ្រអាហ្គីន

(http://bayontv.com.kh/ 11/02/2016)

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៩១នាក់កាលពីថ្ងៃអង្គារក្នុងកិច្ចសហប្រតិបត្តិការណ៍ ៣ផ្សេងៗគ្នាធ្វើឡើងដោយទីភ្នាក់ងារព្រំដែនអឺរ៉ុបហ្វ្រន់ធិក ក្នុងភាគខាងកើតដែនសមុទ្រអាហ្គីន។ ចំណែកជនសង្ស័យអ្នករត់ពន្ធមនុស្ស ២នាក់ មានសញ្ជាតិដើមទួរគីត្រូវបានគេស្គាល់អត្តសញ្ញាណ និងប្រគល់ទៅឲ្យអាជ្ញាធរក្រិក ដោយក្រុមនាវិកនៃឆ្មាំល្បាតដែនសមុទ្ររបស់អ៊ីតាលី បន្ទាប់ពីការជួយសង្គ្រោះនាវារសាត់អណ្ដែត លើសមុទ្រមួយគ្រឿងជាមួយជនភៀសខ្លួន ១៨នាក់នៅកោះសាមូស។ យោងតាមឆ្មាំសមុទ្រអ៊ីតាលីឲ្យដឹងថា ជនអន្តោប្រវេសន៍សរុបទាំងអស់ ១៨នាក់នោះកំពុងធ្វើដំណើរមកពីប្រទេសស៊ីរី។ បើទោះជាការគ្រប់គ្រងតាមព្រំដែនរបស់អឺរ៉ុប រឹតបន្តឹងខ្លាំងយ៉ាងណាក៏ដោយ ជនអន្តោប្រវេសន៍នៅតែបន្តធ្វើដំណើរទៅកាន់កោះនានា របស់ប្រទេសក្រិកជិតឆ្នេរសមុទ្ររបស់ប្រទេសទួរគី ដែលមានចំនួនប្រមាណ 1,500នាក់ក្នុងមួយថ្ងៃចាប់តាំងពីដើមឆ្នាំនេះតាមទូកកៅស៊ូ និងទូកឈើក្នុងស្ថានភាពអាកាសធាតុអាក្រក់៕

website_news/2016110206.txt · Last modified: 2017/02/27 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki