website_news:2016110301

ទប់ស្កាត់ពលករខុសច្បាប់ទាំង២០នាក់ បម្រុងឆ្លងដែនទៅថៃ

(https://kohsantepheapdaily.com.kh/10-03-2016 21:29) ដោយ ៖ ម៉ុត សារុន ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦ ម៉ោង ២១:២៩

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយនគរបាលការពារខ្សែបន្ទាត់ព្រំដែនគោកលេខ៨១៥ប៉ុស្តិ៍ចំបក់ និងប្រជាការពារភូមិចំបក់ បានធ្វើការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃចំនួន២០នាក់ លើផ្លូវលំមួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោក សាន សៃ មេប៉ុស្តិ៍ចំបក់ នៃនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រាប់កោះសន្តិភាពថា ពលករទាំង២០នាក់ ស្រី១១នាក់ និងកុមារ២នាក់ ហើយពួកគេមកពីខេត្តសៀមរាប។ លោកមេប៉ុស្តិ៍បន្តថា តាមការអនុវត្តតាមបទបញ្ជាពីមេបញ្ជាការវរពិសេសលោកឧត្តមសេនីយ៍ស្នងការខេត្ត ក្នុងការទប់ស្កាត់រាល់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន ខណៈក្រុមពលករប្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កម្លាំងប៉ុស្តិ៍របស់លោកសហការណ៍ជាមួយកម្លាំងជំនាញខាងលើធ្វើការទប់ស្កាត់តែម្តង។

លោកមេប៉ុស្ដិ៍បន្តថា ពលករទាំងអស់ក្រោយពីបានទប់ស្កាត់ ក៏បានធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់ ហើយឲ្យពួកគេត្រឡប់ទៅលំនៅស្ថានរៀងខ្លួនៗ ៕

website_news/2016110301.txt · Last modified: 2017/02/28 10:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki