website_news:2016110302

អារ៉ាប់ប៊ីសាអូឌីត បង្ហាញប្រព័ន្ធថ្មីនៃការរើសពលករកម្ពុជា ខណៈមានតម្រូវការច្រើន

(http://bayontv.com.kh/10/03/2016)

ភ្នំពេញ៖ ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិកាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៦នេះថា ប្រព័ន្ធថ្មី នៃការជ្រើសរើសពលករកម្ពុជានេះនឹងបើកសិទ្ធិឲ្យភាគីទាំងសងខាងពិភាក្សាគ្នាមុននឹងឈានទៅដល់ការសម្រេចចិត្តទទួលយកការបណ្តុះបណ្តាល ដើម្បីចាកចេញទៅបម្រើការងារនៅប្រទេសអារ៉ាប់។

បើតាមឯកឧត្តម ហ៊ូ វុឌ្ឍី បច្ចុប្បន្នពលករដែលកំពុងបម្រើការងារនៅប្រទេស អារ៉ាប់ប៊ី សាអូឌីតនេះមានមកពីជាង១០ប្រទេសផ្សេងគ្នា ដូចជាមកពីប្រទេសវៀតណាម ឥណ្ឌា បង់ក្លាដេស និងឥណ្ឌូនេស៊ីជាដើម។ ដោយឡែក គោលបំណង នៃការជួបជុំគ្នានាពេលនេះ គឺទាមទារឲ្យទីភ្នាក់ងារ ឯកជននៅកម្ពុជាយល់ឲ្យបានច្បាស់ថា តើទីភ្នាក់ងារជ្រើសរើសឯកជននៅអារ៉ាប់ប៊ី សាអូឌីតមានដំណើរការយ៉ាងដូចម្តេចនោះ។

គួររម្លឹកថា ការចុះកិច្ចព្រមព្រៀង ស្តីពីការជ្រើសរើសពលករការងារតាមផ្ទះនិងការងារទូទៅ បានធ្វើ ឡើងនៅប្រទេសអារ៉ាប់ប៊ី សាអូឌីត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ រវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងឯកឧត្តម Mofarrej S. Al-Hoquabani រដ្ឋមន្ត្រី ក្រសួងការងារអារ៉ាប់ ប៊ីសាអូឌីត ដែលរំពឹងថា នឹងជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករខ្មែរ ដែលទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត៕

website_news/2016110302.txt · Last modified: 2017/02/28 10:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki