website_news:2016110401

ទូតខ្មែរនៅម៉ាឡេស៊ី បានជួយអន្តរាគមន៍ ពលការិនីខ្មែរម្នាក់ ឲ្យបានវិលមកមាតុភូមិវិញ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, ១១ មេសា ២០១៦ 12:45 ដោយ: ស៊ាន កុសល ID:039

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ពលការិនីខ្មែរម្នាក់ ឲ្យបានវិលត្រឡប់មក ស្រុកកំណើតវិញ នេះបើតាមសេចក្តីជូន ព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងការបរទេស លោក ជុំ សុន្ទរី ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលការិនី យូ ចិន្តា មានស្រុកកំណើត នៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ បានទៅធ្វើការងារផ្ទះ នៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ពលការិនី យូ ចិន្តា បានទៅស្ថានទូត នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែ ដែលនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់ មកស្រុកកំណើតវិញ។

លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមថា ដោយថៅកែ មិនព្រមដោះស្រាយបើកប្រាក់ខែ ដែលនៅសល់ តាមការព្យាយាម សម្របសម្រួលរបស់ស្ថានទូត ស្ថានទូត បានប្តឹងករណីនេះ ទៅតុលាការការងាររបស់ម៉ាឡេស៊ី។ បន្ទាប់ពីការសម្របសម្រួលរបស់តុលាការ ថៅកែរូបនេះ បានយល់ព្រមបើកប្រាក់ខែ ដែលនៅសល់ឲ្យពលការិនី យូ ចិន្តា។ ពលការីនីខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៥៥ នាទី តាមជើងយន្តហោះ AK ៥៣៤។

សូមបញ្ជាក់ថា កំឡុងពេលរង់ចាំ ការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ពលការិនី យូ ចិន្តា ផងដែរ៕

website_news/2016110401.txt · Last modified: 2017/02/28 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki