website_news:2016110402

ពលករខ្មែរចាប់ផ្ដើមមកស្រុកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី

(https://kohsantepheapdaily.com.kh/) ថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០១៦ ម៉ោង២១:០៨៖ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិត ចូលមកដល់ពលករខ្មែរវិលត្រឡប់ពីថៃកើតមានជាហូរហែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាំងស្របច្បាប់ និងខុសច្បាប់។ តាមដងផ្លូវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ដូចជាតាមទីតាំងបញ្ជរលក់សំបុត្ររថយន្តក្រុងគេសង្កេតឃើញមានពលករប្រុសស្រីដែលវិលត្រឡប់ពីថៃព្រោងព្រាត។ រថយន្តតូចធំផ្ទុកពលករពេញៗដឹកចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

ជាមួយគ្នានេះមានប្រភពថាសំបុត្ររថយន្តលួចលាក់ឡើងថ្លៃតែមិនហួសហេតុដូចកាលពីមុនទេហើយរាល់ការសួរនាំត្រូវម្ចាស់ទីតាំងសាខាទាំងនោះធ្វើការបដិសេធ។ ចំពោះការវិលត្រឡប់មកស្រុកកំណើតក្រុមពលករនិយាយថាការឆ្លងកាត់ខេត្តស្រះកែវពិបាកជាងខេត្តផ្សេងៗព្រោះថាទោះជាគ្រប់គ្នាមានកាតស៊ីជម្ពូក៏ដោយឲ្យតែការវិលត្រឡប់គ្មានលិខិតអនុញ្ញាតិពីថៅកែរោងចក្រ ឬសហគ្រាសទេនោះ ត្រូវសមត្ថកិច្ចថៃចាប់តាមដងផ្លូវនៅចំណុចត្រួតពិនិត្យទាំងអស់លើកលែងតែជិះរថយន្តវាងបារ៉ាស់ក្នុងស្រុកវ៉ាត់ថាណាណាក់ខន(ខេត្តស្រះកែវ)។ ចំណែករថយន្តទ្រុងថៃក៏បានបញ្ជូលពលករដែលគេចោទថាខុសច្បាប់ច្រើនខុសសព្វមួយដងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលពលករទាំងនោះសុទ្ធតែជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្នុងប្រទេសថៃត្រូវគេចាប់នៅចំណុចបារ៉ាស់ត្រួតពិនិត្យមិនមែនជាពលករចេញចូលដីថៃរកការងារធ្វើតាមបន្ទាត់ព្រំដែននោះទេ។

យ៉ាងណាក៏ដោយការវិលត្រឡប់របស់ពលករខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត២ឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះខ្លាំងទី១ដោយសារការទៅមកដីថៃតាច្រកទ្វារមួយនេះពលករតែងតែជួបរឿងជម្រិតទារប្រាក់ខ្លាំងពេកពីក្រុមមេខ្យល់។ ម្យ៉ាងការវិលត្រឡប់តាមខេត្តស្រះកែវសមត្ថកិច្ចថៃចាប់នៅចំណុចបារ៉ាស់ត្រួតពិនិត្យ ណងគង់ក្នុងស្រុកវ៉ាក់ថាណាណាក់ខនខុសពីខេត្តផ្សេងៗ។ ក្រុមពលករមួយរយ:ចុងក្រោយនេះនាំគ្នាទៅមកដីថៃតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀងខេត្តបាត់ដំបងយ៉ាងភ្លូកទឹកភ្លូកដីដោយសារទីនោះមានសុវត្ថិភាពល្អហើយផ្លូវដែលត្រូវទៅមកក្នុងដីថៃពុំមានបារ៉ាស់ត្រួតពិនិត្យតឹងរឹងដូចខេត្តស្រះកែវឡើយ៕

website_news/2016110402.txt · Last modified: 2017/02/28 12:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki