website_news:2016110501

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅតែបន្តទទូចឲ្យពលរដ្ឋខ្មែរ ត្រូវខិតខំរកភាពស្របច្បាប់មុននឹងចេញទៅធ្វើការងារនៅក្រៅប្រទេស

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន្ត 10/05/2016

ភ្នំពេញ៖ ខណៈមានពលរដ្ឋខ្មែរបានកំពុងធ្វើការងារមិនស្របច្បាប់នៅក្រៅប្រទេសបានកំពុងជួបប្រឈមហានីភ័យការងារនៅថ្ងៃនេះ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែបន្តទទូចឲ្យពលរដ្ឋខ្មែរ ត្រូវខិតខំស្វះស្វែងរកភាពស្របច្បាប់មុននឹងធ្វើការចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួង នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១០ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេងមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនបំបិទសិទ្ធសេរីភាពពលរដ្ឋ ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេសនោះទេ ប៉ុន្តែ សុំឲ្យមានការឆ្លងដែននិងទៅធ្វើការងារនៅក្រៅប្រទេស ត្រូវស្ថិតក្នុងក្រោមរូបភាពស្របច្បាប់ដើម្បីងាយស្រួលក្នុងការការពារ។

នៅក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីជំនាញប្រចាំការនៅតាមច្រករបៀងត្រូវរឹតបន្តឹងការពារឲ្យបានតឹងរឹង ខណៈមានលំហូរមនុស្សឆ្លងដែននិងមានទំនិញចេញចូលនៅតាមបណ្តាច្រករបៀងនោះ ត្រូវបានគេចាត់ទុកថាជាការងារខុសច្បាប់។

តាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០១៦ លំហូរទេសន្តរប្រវេសន៍ការងារ គឺមានប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសសរុបជិត៣សែននាក់ ក្នុងនោះ ទៅក្រៅស្របច្បាប់មានជាង១៥ម៉ឺននាក់ និងមិនស្របច្បាប់មានជិត១៤ម៉ឺននាក់ ក្នុងនោះ មានស្រីជិត៦ម៉ឺននាក់ អនីតិជន ជាង៥ពាន់នាក់ ហើយមានអ្នកត្រឡប់មកវិញមានប្រមាណតែជិត៣ម៉ឺន៥០០០នាក់ប៉ុណ្ណោះ។

ដោយឡែកសម្រាប់សកម្មភាពបង្ក្រាបអំពើជួញដូរមនុស្សអនុវត្តបាន ១៧ករណីថយ៥ករណី ឃាត់ខ្លួនជនសង្ស័យ បាន២០នាក់ស្រី១១នាក់ ក្នុងនោះដែរ សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះបាន៤៣នាក់ ក្នុងនោះ២៥នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច។ លោកជំទាវបន្តថា ប្រទេសថៃជាប្រទេសមួយ ដែលមានពិបាកជាងគេក្នុងការផ្តល់ភាពស្របច្បាប់ឲ្យពលករកម្ពុជាដែលបញ្ហានេះបានបង្កឲ្យពលរដ្ឋខ្មែរងាយជួយបញ្ហាប្រឈមគ្រោះថ្នាក់ការងារនៅគ្រាណាមួយនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងមានពលកររបស់ខ្លួនប្រមាណ១លាននាក់បានកំពុងធ្វើការបំរើការងារក្រៅប្រទេសរួមមាន៖ប្រទេសថៃម៉ាឡេស៊ីកូរ៉េខាងត្បូងនិងប្រទេសជប៉ុនជាដើម ក្នុងនោះ មានពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃមានជិតកន្លះលាននាក់៕

website_news/2016110501.txt · Last modified: 2017/03/02 12:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki