website_news:2016110702

កម្ពុជាគ្រោងបញ្ជូនពលករ ១ពាន់នាក់ទៅធ្វើការនៅប្រទេសថៃ

(https://www.thmeythmey.com) និពន្ធដោយ : ញ៉ុង ហេង July-09-2016,  6:59 pm

ភ្នំពេញ៖ កម្ពុជាគ្រោងបញ្ជូនពលករចំនួន ១ពាន់នាក់ឲ្យទៅបម្រើការងារស្របច្បាប់ក្នុងក្រុមហ៊ុនជប៉ុននៅប្រទេសថៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP ។

ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប និងក្រុមហ៊ុនជប៉ុន NIPPON MANUFACTURING SERVICE ចុះអនុស្សណៈនៃការយោគយល់គ្នា (MOU) ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងការបញ្ចូនកម្មសិក្សាការីខ្មែរទៅបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែកក្កដា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ ដែលត្រូវដកស្រង់សំដីដោយ AKP បានថ្លែងក្នុងពីធីចុះ MOU នេះថា ក្រសួងការងារគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរក្នុងការបញ្ជូនពលករទៅបណ្ដុះបណ្ដាល និងធ្វើការ ដែលអាចឲ្យពួកគេមានជំនាញ និងបង្កើនប្រាក់កម្រៃ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោក អ៊ិត សំហេង ឲ្យដឹងថា ការចុះ MOU នេះ នឹងក្លាយជាឧបករណ៍យ៉ាងសំខាន់ សម្រាប់ការពារសិទ្ធិរបស់ពលករ ដែលចេញទៅបម្រើការងារនៅក្រៅប្រទេស។

លោកក៏បានស្នើរឲ្យក្រុមហ៊ុនទាំងពីរត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់ និងមានសូចនាករក្នុងការជ្រើសរើស ការបណ្ដុះបណ្ដាល ដើម្បីត្រៀមទៅធ្វើការឲ្យសហគ្រាសជប៉ុននៅក្នុងប្រទេសថៃ និងកម្មសិក្សាការី ដែលត្រូវបញ្ជូនទៅប្រទេសជប៉ុន ព្រមទាំងការផ្គត់ផ្គង់កម្លាំងពលកម្មឲ្យក្រុមហ៊ុនជប៉ុននៅកម្ពុជាផងដែរ។ លោក អ៊ិត សំហេង ក៏បានស្នើរឲ្យក្រុមហ៊ុនទាំងពីរអនុវត្តឲ្យបានត្រឹមត្រូវនូវលក្ខខណ្ឌការងារ និងកាតព្វកិច្ចស្របតាមច្បាប់ ហើយធានាបានពីការវិលត្រឡប់មកស្រុកកំណើតវិញរបស់ពលករ។

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប បានបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃចំនួន ៤រយនាក់ ហើយចុងឆ្នាំនេះ ក្រុមហ៊ុននឹងបន្តបញ្ជូនពលករឲ្យគ្រប់ចំនួន ១ពាន់នាក់។ នេះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន៕

website_news/2016110702.txt · Last modified: 2017/03/10 10:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki