website_news:2016110801

ស្រ្តីខ្មែររងគ្រោះ នៅម៉ាឡេស៊ី ៣នាក់ បានវិលត្រឡប់មក ដល់មាតុភូមិវិញ

(http://www.dap-news.com/kh) ព្រហស្បតិ៍, ១១ សីហា ២០១៦ 11:35 ដោយ: ដើមអម្ពិល ID:039

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ពលការិនីខ្មែរចំនួន ៣នាក់ ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ តាមសំណើរបស់សាម៉ីខ្លួន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ ពលការិនីទាំង ៣រូប មានឈ្មោះ៖

១- ពោន ស្រី កើតឆ្នាំ១៩៧៥ រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានទៅធ្វើជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន នៅកម្ពុជា ។ ដោយមានការអន្តរាគមន៍ពីស្ថានទូត ក្រុមហ៊ុននៅម៉ាឡេស៊ី បានយល់ព្រមបើកប្រាក់ខែ នៅសល់ជូននាង ហើយបានទិញសំបុត្រយន្តហោះ និងបង់ប្រាក់ពិន័យឲ្យការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី។

២- ឈឿន ថាន កើតឆ្នាំ១៩៩២ រស់នៅស្រុកកំពង់បាយ ខេត្តកំពត បានទៅធ្វើជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន STST តាំងពីឆ្នាំ២០១៤។ ដោយការងារមានការលំបាកពេក បានមកសុំឲ្យស្ថានទូតជួយឲ្យ បានវិលត្រឡប់មកកម្ពុជាវិញ។ ដោយមានការអន្តរាគមន៍ ពីស្ថានទូតប្តឹងទៅតុលាកាម៉ាឡេស៊ី តុលាកាបានសម្រេចឲ្យថៅកែ សងសំណងប្រាក់ខែ ដែលនៅសល់ ថ្លៃបង់ពិន័យឲ្យការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី និងថ្លៃសំបុត្រ យន្តហោះជូនពលការិនី។

៣- ខ្លុយ មុនី កើតឆ្នាំ១៩៩៩ រស់នៅស្រុកស្អាង ខេត្តកណ្តាល បានចាញ់បោកមេខ្យល់ ទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១៥។ ស្ថានទូត បានបង់ពិន័យទៅ ការិយាល័យអន្តោប្រវេសន៍ និងចេញលិខិតបើកផ្លូវ និងទិញសំបុត្រយន្តហោះជូននាង ៕

website_news/2016110801.txt · Last modified: 2017/03/11 16:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki