website_news:2016110804

ទូតខ្មែរប្រចាំប្រទេសថៃ ប្រកាសឲ្យគ្រួសារសពពលរដ្ឋខ្មែរម្នាក់ ទៅទទួលយកសពមកធ្វើបុណ្យ

(https://www.thmeythmey.com) ថ្មីៗ August-11-2016, 10:45 am

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានប្រកាសឲ្យគ្រួសារសពពលរដ្ឋខ្មែរម្នាក់ ដែលបានចូលទៅតំបន់ព្រៃអភិរក្សក្នុងទឹកដីប្រទេសថៃ ទៅទទួលយកសពជនរងគ្រោះ មកធ្វើបុណ្យតាមប្រពៃណី។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរ បានឲ្យដឹងថា នៅលើខ្លួនសាកសពពុំមានអ្វីអាចបញ្ជាក់ពីអត្តសញ្ញាណបានឡើយ។ ប៉ុន្តែអ្នករួមដំណើចូលទឹកដីថៃ ដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួននោះ បានបញ្ជាក់ថា សពជនពលរដ្ឋខ្មែរនោះមានឈ្មោះ ផល (ពិការដៃស្ដាំ) អាយុប្រហែល ៤០ឆ្នាំ អាចជាអ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ស្ថានទូតខ្មែរ ដែលទទួលបានព័ត៌មានពីប៉ូលីសខេត្តនគររាជសីមា ប្រទេសថៃ បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យពលរដ្ឋខ្មែរម្នាក់នេះស្លាប់ នៅក្នុងតំបន់ព្រៃអភិរក្សនគររាជសីមា ដោយសារតែពលរដ្ឋរូបនោះ បានរអិលធ្លាក់ពីជំរាលភ្នំបោកក្បាលនឹងថ្ម ទើបបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះបានស្លាប់ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦។ បើតាមស្ថានទូតខ្មែរ បច្ចុប្បន្ននេះសាកសពត្រូវបានតម្កល់ទុកបណ្ដោះអាសន្ននៅមន្ទីមហារ៉ាត ខេត្តនគររាជសីម៉ា។ គ្រួសារសពអាចទាក់ទងមកស្ថានទូតខ្មែរតាមទូរស័ព្ទ ០៩២ ៩៨២ ៧៥៦៥ ដើម្បីយកសពធ្វើបុណ្យតាមប្រពៃណី៕

website_news/2016110804.txt · Last modified: 2017/03/11 16:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki